ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) សាទរពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៥៥ ឆ្នាំ មកនេះ ខណៈវៀតណាមប្រកាសគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២។
ការសាទរនេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ២១ ធ្នូ រវាងលោក ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២១-២២ ធ្នូ ដើម្បីបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២។
លោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា លោក សួនហ៊្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម និងការលើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «ភាគីទាំង ២ បានសម្ដែងការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង ២ យ៉ាងគ្រប់ជ្រុងជ្រោយយ៉ាងជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ ក្តី»។
ជាមួយគ្នានេះ ភាគីទាំង ២ បានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមក លើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងសងខាង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២។ ភាគីទាំង ២ ក៏បានឯកភាពគ្នាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សុខាភិបាល អប់រំ និងវិស័យយុត្តិធម៌ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំង ២ និងរវាងប្រជាជនទាំង ២ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ និងតំបន់។
លោក ហ៊ុន សែន អរគុណដល់លោកសួនហ៊្វុក ដែលកន្លងមកបានជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ហើយនឹងជួយគាំទ្រកម្ពុជាបន្តទៀតធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ លោក ហ៊ុន សែន និងលោក សួនហ៊្វុក បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារចំនួន ៧ ផងដែររួមមាន ១- ផែនការសហប្រតិបត្តិការឆ្នាំ ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ២- ផែនការសហប្រតិបត្តិការឆ្នាំ ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។ ៣- កំណត់ហេតុកិច្ចប្រជុំលើកទី ១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។ ៥- អនុស្សរណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ ២០-២១-២០២២។ ៦- អនុស្សរណៈនៃការយោគយល់គ្នាកម្ពុជា-វៀតណាម ស្ដីពីការបញ្ចប់ការចរចា បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និង ៧- ផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
វិទ្យុផ្សាយសំឡេងវៀតណាម (VOV) បានដកស្រង់សម្ដីលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ថាការធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមមកកាន់កម្ពុជានៅពេលនេះ គឺជាការបង្ហាញកាន់តែច្បាស់ថែមទៀតអំពីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក និងជាការបញ្ជាក់ថា វៀតណាមគាំទ្រកម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ខណៈដែលអាស៊ានកំពុងជួបបញ្ហាប្រឈមជាច្រើន។
ប្រទេសកម្ពុជា និងវៀតណាមបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ ១៩៦៧ តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់វិញក្នុងឆ្នាំ ១៩៧០។ រហូតមកដល់ឆ្នាំ ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំង ២ ត្រូវបានផ្សារភ្ជាប់ឡើងវិញ។ ក្នុងឆ្នាំ ២០០៥ ប្រទេសទាំង ២ ក៏បានដំឡើងនូវកម្រិតទំនាក់ទំនងទៅជាទំនាក់ទំនងមិត្តភាពល្អនឹងគ្នាជាប្រពៃណីប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិក វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា វៀតណាមសម្លឹងឃើញកម្ពុជា ក៏ដូចជាឡាវ គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ផលប្រយោជន៍សន្តិសុខ និងការរស់រានមានជីវិតរបស់ប្រទេសវៀតណាម។ វៀតណាមព្យាយាមរក្សាទំនាក់ទំនងជាប្រពៃណី និងទ្វេភាគី ឬត្រីភាគីជាមួយកម្ពុជា ឬឡាវក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសភូមិផងរបងជាមួយនេះ ក្លាយជាប្រទេសដែលជាមិត្តភាពដែលមានស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការពារសន្តិសុខឱ្យគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «អ៊ីចឹង វៀតណាមផ្តល់តម្លៃខ្លាំងទៅដល់ទីតាំងរបស់កម្ពុជានៅក្នុងការរក្សាឱ្យបាននូវសណ្តាប់ធ្នាប់នយោបាយស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរូបភាពជាប្រទេសភូមិផងរបងជាមួយ ឬក៏ថា បងប្អូនដ៏ល្អជាមួយគ្នា។ អ៊ីចឹងផលប្រយោជន៍របស់វៀតណាមគឺផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចដ៏ធំនៅក្នុងទំនាក់ទំនងជាមួយកម្ពុជា»៕