ភ្នំពេញៈ កម្ពុជា និងថៃ ប្រកាសប្តេជ្ញាធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាជំរុញការតភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន។
ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ១៨ ធ្នូ នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ លោក ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ធ្នូ។
រដ្ឋមន្ត្រីការបរទេសទាំង ២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ដែលជាចំណាប់អារម្មណ៍រួមផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី ២១ ធ្នូ បញ្ជាក់ថា៖ «ភាគីទាំង ២ បានរីករាយចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភ ដែលបានផ្ដល់ឱ្យគ្នាទៅវិញទៅមក ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩ រួមទាំងការផ្ដល់សិទ្ធិស្មើគ្នាក្នុងការទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ និងការថែទាំសុខភាព។ ភាគីទាំង ២ ក៏បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន»។
លោក ប្រាក់ សុខុន បានថ្លែងកោតសរសើរ រដ្ឋាភិបាលថៃដែលបានអនុញ្ញាតដល់ពលករ-កម្ពុជាដែលមានបណ្ណពលករ-កម្ពុជានៅបរទេស និងឯកសារធ្វើដំណើរដែលអស់សុពលភាពអាចស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។
ប្រភពដដែលបន្តថា៖ «កម្ពុជាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា និងសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ ការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ ១៩»។
លើសពីនេះភាគីទាំង ២ បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំង ២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង ២ ក៏ដូចជាធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់ និងព្រំដែននៃមិត្តភាព។
ភាគីទាំង ២ ក៏បានជំរុញការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មានក្នុងវិស័យសន្តិសុខ ការកាប់ឈើខុសច្បាប់ គ្រឿងញៀន ការជួញដូរអាវុធ និងការជួញដូរមនុស្សនៅតាមព្រំដែន។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «រដ្ឋមន្ត្រីការបរទេសទាំង ២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតក្រោមក្របខ័ណ្ឌតំបន់ និងពហុភាគី។ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ប្រទេសថៃ ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEM13 និងក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ»។
ក្នុងជំនួបទ្វេភាគីជាមួយលោក ដន ប្រាម៉ាត់វិណៃ កាលពីថ្ងៃទី ១៧ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកសរសើរយ៉ាងខ្លាំង ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងប្រទេសកម្ពុជា និងថៃ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២១ ធ្នូ ថា ការប្រកាសប្តេជ្ញារវាងភាគីទាំង ២ នេះគឺជារឿងល្អប្រសិនបើភាគីទាំង ២ មានសុច្ឆន្ទៈពិតប្រាកដ ហើយធ្វើសកម្មភាពជាក់ស្តែង ពីព្រោះបញ្ហាតំបន់ បញ្ហាពិភពលោក ក៏ដូចជាបញ្ហារវាងប្រទេសកម្ពុជា និងថៃ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការគ្នាឱ្យបានល្អ ពីព្រោះបញ្ហាមិនមានព្រំដែននោះទេ។
លោកថ្លែងថា៖ «ការសហការគ្នារវាងប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង ការស្តារសេដ្ឋកិច្ចឡើងវិញហ្នឹង គឺជារឿងមួយសំខាន់។ តាមរយៈការប្តេជ្ញាចិត្តនេះ យើងសង្ឃឹមថា កិច្ចសហការរវាងប្រទេសទាំង ២ ហ្នឹងកាន់តែប្រសើរឡើង ពីព្រោះទាំងថៃទាំងកម្ពុជា យើងអ្នកជិតខាងតែងតែត្រូវការការគាំទ្រ ការសហការគ្នាល្អទើបមានការរីកចម្រើនទាំងអស់គ្នា»៕