ភ្នំពេញៈ គណបក្សនយោបាយនានាបានប្រកាសដាក់ចេញកម្មវិធីគោលនយោបាយសំខាន់ៗ ដើម្បីទទួលបានការគាំទ្រ និងផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
លោក ពេជ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២១ ធ្នូថា គណបក្សបានដាក់ចេញនូវគោលនយោបាយសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ ២០២២ មួយចំនួន។ គណបក្សនឹងបើកវេទិកាសាធារណៈរៀងរាល់ ១ ខែម្តង ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានឃុំ/សង្កាត់។
លោកបានបន្តថា មួយវិញទៀតគណបក្សនឹងបោសសម្អាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឃុំ/សង្កាត់។ ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ដឹកពលរដ្ឋមានជំងឺនៅក្នុងមូលដ្ឋានឃុំ/សង្កាត់បញ្ជូនទៅមន្ទីរពេទ្យ ដោយមិនគិតថ្លៃ។ ជាមួយគ្នានេះ ចាស់ៗគ្មានទីពឹងចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅទទួលបានប្រាក់ឧបត្ថម្ភ ១០ ម៉ឺនរៀលក្នុងម្នាក់ជារៀងរាល់ខែ និងទទួលបានការថែទាំពីរដ្ឋបាលឃុំ/សង្កាត់។
លោកថ្លែងថា៖ «ក្រៅពីនេះ គណបក្សនឹងពង្រឹងការផលិតវិស័យកសិកម្ម ដើម្បីទទួលបានទីផ្សារឱ្យមានតម្លៃខ្ពស់។ បើកវគ្គបណ្តុះបណ្តាលពហុជំនាញដល់យុវជន ដែលបោះបង់ការសិក្សានៅក្នុងមូលដ្ឋានឃុំ/សង្កាត់ឱ្យមានមុខរបរចិញ្ចឹមជីវិតច្បាស់លាស់។ បង្កើនថវិកា ៦០ ម៉ឺនដុល្លារអភិវឌ្ឍឃុំ/សង្កាត់ក្នុង ១ ឆ្នាំ និងពង្រឹងការប្រើប្រាស់ថវិកាឱ្យមានតម្លាភាព ដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឃុំ/សង្កាត់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ២១ ធ្នូ ដែរ ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានរៀបចំកម្មវិធីគោលយោបាយរួចហើយ និងបានផ្សព្វផ្សាយជាបណ្តើរៗ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា-ឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។ គោលនយោបាយនេះមានជាង ១០ ទំព័រ ដែលត្រូវបានស្រង់ចេញពីគោលនយោបាយអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់។
លោកថ្លែងថា៖ «បើនិយាយជាសរុបមក វានៅដដែលទេ គ្រាន់តែបន្ថែមម្រេច ខ្ទឹម និងប៊ីចេងទៅលើម្ហូបចាស់ឱ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់។ នៅក្នុងគោលនយោបាយនេះ វាមានគ្រប់វិស័យ ព្រោះក្នុងនាមគណបក្សកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលត្រូវធ្វើគ្រប់វិស័យទាំងអស់ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិ»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹ សុធារ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២១ ធ្នូថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់ចេញគោលនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះរួចហើយដែរ គឺ «មេឃុំល្អ»។ គោលនយោបាយមេឃុំល្អ ជំរុញឱ្យយុវជនដែលមានមនសិការ ថាមពល និងចំណេះដឹង ចូលរួមកាន់ការងារនៅថ្នាក់មូលដ្ឋាន។ គោលនយោបាយមួយទៀតជំរុញឱ្យមានការឯកភាពជាតិទៅលើស្ថាប័នមួយចំនួនទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ដូចជា មេភូមិ ប៉ុស្តិ៍នគរបាល សាលាកម្រង និង មណ្ឌលសុខភាព ដោយមិនប្រកាន់បក្ខពួក និងនយោបាយឡើយ។
លោកថ្លែងថា៖ «គណបក្សមូលដ្ឋានយល់ថា វាដល់ពេលហើយ ដែលត្រូវបណ្តុះបណ្តាល និងជំរុញយុវជន ដែលមានថាមពលឱ្យកាន់កិច្ចការទាំងអស់នេះ។ បើមានមេឃុំល្អនឹងធ្វើកិច្ចការទាំងអស់នេះបាន ជាពិសេសផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានរហ័ស និងមានប្រសិទ្ធភាព»។
លោក យ៉ែម ប៉ុញ្ញារិទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយមឱ្យដឹងដែរថា គោលនយោបាយសំខាន់ៗរបស់គណបក្ស សម្រាប់ផ្សព្វផ្សាយសុំការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានឱ្យបានស្អាតស្អំ និងទាន់ពេលវេលា។ ជាងនេះទៀត លុបបំបាត់បញ្ហាល្បែងស៊ីសង និងគ្រឿងញៀននៅតាមភូមិឃុំឱ្យមានសុខសុវត្ថិភាព។
មួយវិញទៀត គណបក្សនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងឃុំ-សង្កាត់ ដោយប្រើប្រាស់មូលនិធិឃុំ-សង្កាត់ឱ្យបានស្អាត និងល្អប្រសើរដើម្បីសម្រួល ដល់ការធ្វើដំណើរ និងជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសពង្រឹង និងពង្រីកទីផ្សារកសិផលក្នុងភូមិឃុំ-សង្កាត់នីមួយៗ ដើម្បីដោះស្រាយតម្លៃបានសមរម្យ។
ជាមួយគ្នានេះ គណបក្សក៏នឹងគិតគូរពីបរិស្ថានស្អាតក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋរស់នៅដោយរៀបចំដាំកូនឈើ នៅតាមទីតាំងសាធារណៈ ឡើងវិញ ទាំងនៅក្នុងសាលារៀន និងវត្តអារាម ជាដើម។ ជំរុញការវិនិយោគលើផលិតកម្មកែច្នៃ និងកសិកម្ម ដើម្បីបង្កើតការងារក្នុងភូមិឃុំសង្កាត់ឱ្យបានច្រើន។
លោកថ្លែងថា៖ «គណបក្សកម្ពុជានិយមយល់ឃើញថា អ្វីជាអាទិភាព គឺ កសាងអនាគតកម្ពុជាដោយផ្តើមចេញពីសាលា ទាំងនៅក្នុងសហគមន៍ និងនៅតាមសាលារៀន។ បង្កើតមធ្យោបាយដឹកជញ្ជូន កូនសិស្សឱ្យបានសិក្សាគ្រប់ៗគ្នា នៅតាមមូលដ្ឋាន»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយថ្លែងថា នៅមុនការបោះឆ្នោតមកដល់គណបក្សនយោបាយនីមួយៗ តែងតែបង្កើត និងដាក់ចេញកម្មវិធីគោលនយោបាយរបស់ខ្លួនសម្រាប់អ្នកបោះឆ្នោតចាប់អារម្មណ៍ និងគាំទ្រ។ ប៉ុន្តែអ្វីដែលលោកសង្កេតឃើញជាក់ស្តែង គឺគណបក្សកាន់អំណាច ដែលបានដាក់ចេញកន្លងមកនេះ និងមកដល់ពេលនេះ ធ្វើមិនបានសម្រេចនោះទេ។ ជាក់ស្តែងគោលនយោបាយដែលភូមិឃុំមានសុវត្ថិភាព។
លោកបន្តថា ដោយឡែកគោលនយោបាយគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានដកចេញគោលនយោបាយពីអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋនោះទេ ព្រោះកម្លាំងនៃគណបក្សនីមួយៗនៅតូច។ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ ពិបាកក្នុងការស្វែងរកបេក្ខភាព ដែលអាចធ្វើឱ្យមានការជឿជាក់ណាស់។
លោកថ្លែងថា៖ «ខ្ញុំគិតថា គណបក្សតូចៗដែលអាចដាក់ឃោសនាជាមួយគណបក្សកាន់អំណាចមានតែផ្តោតលើការផ្តល់គោលនយោបាយ សេវាសាធារណៈ និងពិនិត្យមើលភាពខ្វះខាតនៅក្នុងឃុំសង្កាត់ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាក់ស្តែង ទើបមានការគាំទ្រ និងទទួលបានការទុកចិត្ត»៕
វីដេអូ៖