កំពង់ឆ្នាំង/ត្បូងឃ្មុំៈ ក្រសួងយុត្តិធម៌បានបើកវគ្គបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋាននៅខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង ដើម្បីបំពាក់បំប៉នជំនាញក្នុងការដោះស្រាយវិវាទក្នុងគ្រួសារ ដែលជាផ្នែកមួយនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង និងចំណេញពេលវេលា។
ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសម្រុះសម្រួលករណីវិវាទគ្រួសារប្រកបដោយការឆ្លើយតបនឹងយេនឌ័រ» កាលពីថ្ងៃទី ២០ ធ្នូ រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ សម្រាប់ក្រុមគោលដៅជាមន្ត្រីផ្តល់សេវាសម្រុះសម្រួលវិវាទនៅថ្នាក់មូលដ្ឋានមកពីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពនៃការបន្តបំពាក់បំប៉ន់ជំនាញសន្ធានកម្ម (សម្រុះសម្រួល) ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដល់មន្ត្រីអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋានក្នុងគោលដៅ ដើម្បីពង្រឹងសមត្ថភាព និងជំនាញនៃការសម្រុះសម្រួលវិវាទមូលដ្ឋាន និងធ្វើឱ្យការទទួលបានយុត្តិធម៌ក្នុងសហគមន៍កាន់តែល្អប្រសើរឡើង។ លោកថា៖ «ការដោះស្រាយវិវាទគ្រួសារនេះមានសារៈសំខាន់ជាពិសេសនៅក្នុងថ្នាក់មូលដ្ឋាន បង្កើតនូវភាពសុខដុមរមនានៅថ្នាក់មូលដ្ឋាន មិនឱ្យមានការបែកបាក់ប្រេះឆាក្នុងក្រុមគ្រួសារ នាំឱ្យមានវិបត្តិគ្រួសារ ដែលអាចបញ្ចៀសនូវអំពើហិង្សាក្នុងគ្រួសារ ព្រោះពេលខ្លះមានបញ្ហា ហើយមិនមានដំណោះស្រាយសមរម្យនាំឱ្យមានបញ្ហាក្នុងគ្រួសារ អាចឈានទៅរកបាតុភាពអសន្តិសុខ នៅក្នុងសង្គម និងសហគមន៍ក្នុងមូលដ្ឋាន»។
ការដោះស្រាយវិវាទគ្រួសារជាផ្នែកមួយនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្របសម្រួល និងវិធីសាស្ត្រក្នុងការដោះស្រាយ។ លោកថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានច្រើនវិធី និងយន្តការ មានការសម្រុះសម្រួលវិវាទមានការផ្សះផ្សា អាជ្ញាកណ្តាល និងមជ្ឈតកម្ម។ លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែអ្វីដែលយើងបណ្តុះបណ្តាលនេះគឺសម្រុះសម្រួល មិនមែនជាអ្នកសម្រេចសេចក្តីជំនួសគូភាគីទេ បានន័យថា សម្រុះសម្រួលធ្វើម៉េច ធ្វើឱ្យបញ្ហាធំមកជាបញ្ហាតូចហើយបញ្ហាតូចទៅជាគ្មានបញ្ហា។ ប៉ុន្តែការសម្រេច អាស្រ័យទៅលើគូភាគីវិវាទទាំងសងខាងអ្នកសម្រេចដោយខ្លួនឯង»។
នាយិកានៃអង្គការយ៉ែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាលោកស្រី អេង ចាន់ឌី ថ្លែងកោតសរសើរចំពោះមន្ត្រីយុត្តិធម៌ ដែលបើកវគ្គបណ្តុះបណ្តាលនេះ ព្រោះវាជាផែនការ យុទ្ធសាស្ត្រមួយនៅក្នុងផែនការស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី ដែលជាផែនការថ្នាក់ជាតិ។ លោកស្រីថា៖ «បញ្ហាក្នុងគ្រួសារគឺជារឿងដែលស្មុគស្មាញបំផុតនៃប្រភេទបញ្ហាក្នុងប្រទេស។ អ៊ីចឹងការដោះស្រាយបញ្ហាក្នុងគ្រួសារនៅជំហានដំបូង ដែលជាការចរចា ឬដោះស្រាយនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយភាពកកកុញនៃបទល្មើសផ្សេងៗទៀត ដែលកើតមាននៅក្នុងប្រព័ន្ធតុលាការ»។ យ៉ាងនេះក្តីលោកស្រីមើលឃើញថា ភាពចន្លោះប្រហោងនៃការដោះស្រាយបញ្ហាអំពើហិង្សានាបច្ចុប្បន្ន ក្នុងរូបភាពនៃអំពើហិង្សាមួយចំនួន ដែលឈានដល់បទឧក្រិដ្ឋ ឬបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែនៅតែចរចាបានក្រៅប្រព័ន្ធតុលាការ។
លោកស្រីបានបន្តថា សម្រាប់អង្គការ យ៉ែនឌ័រ និងអភិវឌ្ឍន៍ ដែលជាអង្គការក្នុងស្រុក ក៏ធ្លាប់បានសហការជាមួយអាជ្ញាធរ ចុះបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីនគរបាលមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមខេត្តគោលដៅ រួមមានខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តព្រៃវែង ផងដែរ។
លោកស្រី ចាន់ឌី សង្ឃឹមថា មេរៀនដែលមន្ត្រីក្រសួងយុត្តិធម៌ចុះបង្រៀនដល់មន្ត្រីមូលដ្ឋាននឹងឆ្លើយតបទៅនឹងនីតិវិធី និងច្បាប់ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
លោក ជិន ម៉ាលីន បានឱ្យដឹងថា សម្រាប់ទិសដៅបន្តពាក់ព័ន្ធការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅដើមឆ្នាំ ២០២២ ខាងមុខ ក្រសួងយុត្តិធម៌មានផែនការមួយចំនួន ដោយនឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយក្រសួងកិច្ចការនារីនូវឯកសារស្តីពីគោលការណ៍ណែនាំអំពីវិធីសាស្ត្រសម្រុះសម្រួលវិវាទគ្រួសារ ដើម្បីឆ្លើយតបទៅនឹងយែនឌ័រ សម្រាប់មន្ត្រីអនុវត្តការសម្រុះសម្រួលវិវាទនេះនៅថ្នាក់មូលដ្ឋាន។ ក្រសួងយុត្តិធម៌សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបន្តបេសកកម្មនៃការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងជំនាញនៃការសម្រុះសម្រួលវិវាទដល់មន្ត្រីដែលអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន៕