ភ្នំពេញៈ កម្ពុជា-វៀតណាមបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខដោយឈរលើគោលការណ៍ «មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត» ខណៈមានការបើកដំណើរការសាងសង់ អគាររដ្ឋបាលរដ្ឋសភាកម្ពុជាថ្មី ដែលជាជំនួយទឹកប្រាក់របស់វៀតណាមចំនួន ២៥ លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាមនាថ្ងៃទី ២២ ធ្នូ បានបញ្ជាក់ថា កម្ពុជានឹងចងចាំជានិច្ច ចំពោះជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលផ្តល់ជូនប្រជាជនកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ ១៩៧៩។ សេចក្តីថ្លែងការណ៍រួមបន្តថា ភាគីទាំង ២ គួរតែបន្តគោរពយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ក្នុងឆ្នាំ ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧ និង ២០១៩ ដើម្បីគោរពឯករាជភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងដោះស្រាយបញ្ហាដែលកើតឡើងរវាងប្រទេសទាំង ២ ដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ភាគីទាំង ២ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត។ ភាគីទាំង ២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀង»។
ក្នុងជំនួបអាហារពេលព្រឹកនាថ្ងៃទី ២២ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាមក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំង ២ និងប្រជាជនទាំង ២ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ នេះបើយោងតាមហ្វេសប៊ុកលោក ហ៊ុន សែន នាថ្ងៃទី ២២ ធ្នូ។ ក្នុងជំនួបអាហារពេលព្រឹកនេះ ក៏មានវត្តមានកូនប្រុសទាំង ៣ របស់លោក ហ៊ុន សែន ផងដែរ គឺលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា។
ជាមួយគ្នានេះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានប្រកាសឱ្យបើកដំណើរការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជាកម្ពស់ ១២ ជាន់ ដែលជាជំនួយរបស់វៀតណាមចំនួន ២៥ លានដុល្លារនាថ្ងៃទី ២១ ធ្នូ។
សេចក្តីប្រកាសព័ត៌មានរដ្ឋសភាកម្ពុជាបញ្ជាក់នាថ្ងៃទី ២១ ធ្នូ ថា៖ «សម្តេចប្រធានរដ្ឋសភា [លោក ហេង សំរិន] និងឯកឧត្តមប្រធានរដ្ឋ [លោក ង្វៀន សួនហ៊្វុក] បានអញ្ជើញជាអធិបតីភាពរួមគ្នានៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនៅក្នុងបរិវេណវិមានរដ្ឋសភា»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់ ១២ ជាន់ និងមានចំណតរថយន្តចំនួន ២ ជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ»។
នៅក្នុងគម្រោងអនុវត្ត «ដ៏ធំ» ក្នុងការសាងសង់អគាររដ្ឋបាលថ្មីនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាបានចាត់ចែងអនុវត្តទៅតាមផែនការដែលមាន ៤ ដំណាក់កាល គឺទី ១- ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ទី ២- ការជ្រើសរើសក្រុមហ៊ុន Archetype ដែលបានផ្តើមកសាងប្លង់ និងដាក់ពាក្យសុំការអនុញ្ញាតសាងសង់ទៅក្រសួងរៀបចំដែនដីទី ៣- ការដេញថ្លៃសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខារដែលបានកំពុងអនុវត្ត និងទី ៤- គឺត្រូវធ្វើការសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខារឱ្យរួចរាល់ក្នុងពេលដ៏ឆាប់ជាការល្អ។
លោក ង្វៀន សួនហ៊្វុក មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ២១-២២ ធ្នូ។ បើតាមសេចក្តីប្រកាសព័ត៌មានក្នុងជំនួបទ្វេភាគីជាមួយលោក ង្វៀន សួនហ៊្វុក នាថ្ងៃទី ២១ ធ្នូ លោក ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក ថា នឹងរួមចំណែកទ្វេដងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំង ២ ដែលមានជាយូរមកហើយនោះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
ប្រភពដដែលបានដកស្រង់សម្ដីលោក ហេង សំរិន ថា៖ «ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកទាំងថវិកា និងសម្ភារបរិក្ខារពេទ្យ។ សម្តេច [លោក ហេង សំរិន] បានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥ លានដុល្លារអាមេរិក ដែលបក្សរដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ»។
លោក ង្វៀន សួនហ៊្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលកម្ពុជា និងវៀតណាមសម្រេចបាននាពេលកន្លងមក ទាំងនៅស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ និងបានលើកសរសើរ ការចូលរួមចំណែករបស់លោក ហេង សំរិន នៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំង ២ ឱ្យមានការរីកចម្រើនជាលំដាប់។
លោក ហេង សំរិន បានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនៃប្រទេសទាំង ២ និងសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការជាប្រពៃណី និង «បងប្អូន» នេះប្រទេសកម្ពុជា និងវៀតណាមនឹងសម្រេចបានសមិទ្ធផលធំៗបន្តបន្ទាប់ទៀត។
ស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ២១ ធ្នូថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក ង្វៀន សួនហ៊្វុក មកកាន់កម្ពុជា ក្នុងតួនាទីថ្មីរបស់លោក ហើយទស្សនកិច្ចនេះគឺជាការបង្ហាញពីសារៈសំខាន់ របស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២២ ធ្នូ ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមរូបនេះ គឺជាដំណើរទស្សនកិច្ចដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីផង និងជួយគ្នាទៅវិញទៅមកក្នុងនាមកម្ពុជាជាប្រធានអាស៊ានផង។ សម្រាប់ទំនាក់ទំនងទ្វេភាគី និងជំនួយរបស់វៀតណាម គឺជាការពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការចង់រក្សាឥទ្ធិពលរបស់វៀតណាមក្នុងទំនាក់ទំនងនេះផងដែរ។
លោកថ្លែងថា៖ «សម្រាប់បញ្ហាអាស៊ានវៀតណាមប្រហែលជាព្យាយាមបញ្ចុះបញ្ចូលកម្ពុជាឱ្យរក្សាសមានចិត្តរបស់ខ្លួនចំពោះវៀតណាមក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងឬក៏យ៉ាងហោចណាស់មិនចង់ឱ្យកម្ពុជាលម្អៀងទៅរកចិន តាមការចោទប្រកាន់របស់ប្រទេសមួយចំនួន»៕