ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មវៀតណាមបានឯកភាពរួមគ្នាគ្រោងរៀបចំកិច្ចព្រមព្រៀង ដែលនឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់ រវាងប្រទេសទាំង ២។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបពិភាក្សាការងារជាមួយលោក Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅទីស្តីការក្រសួងកសិកម្មកាលពីថ្ងៃទី ២១ ធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការងារបច្ចេកទេស រវាងក្រសួងទាំង ២ លើការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់ក្នុងអនុវិស័យព្រៃឈើ។ នេះបើតាមហ្វេសប៊ុកលោក វេង សាខុន នៅថ្ងៃទី ២១ ធ្នូ។
តាមរយៈហ្វេសប៊ុកលោក វេង សាខុន បានឱ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដា ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយ សម្រាប់កម្ពុជានាំចេញកសិផលដូចជាស្រូវ ដំឡូងមីស្រស់ និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូជាដើម។
ទាំងអស់នេះបានចូលរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។ លោករដ្ឋមន្ត្រីមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះនឹងត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំង ២។
តាមហ្វេសប៊ុកលោក វេង សាខុន បញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ក្រសួងទាំង ២ បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀតដូចជាឯកសារអនុស្សរណៈនៃការយោគយល់គ្នា ទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំង ២ និងការការពារ និងទប់ស្កាត់ជំងឺឆ្លងសត្វរវាងប្រទេសទាំង ២ និងការអនុវត្តចត្តាឡីស័កសត្វតាមបន្ទាត់ព្រំដែននៃប្រទេសទាំង ២ ផងដែរ។
លោក ជា ចំរើន ប្រធានអង្គការថែរក្សាបរិស្ថាន និងកសិកម្ម ថ្លែងនៅថ្ងៃទី ២២ ធ្នូថា ការរួមគ្នារៀបចំកិច្ចព្រមព្រៀង ដើម្បីពង្រឹងការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់រវាងប្រទេសទាំង ២ នេះ ជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់គ្រប់គ្នាគួរតែចូលរួមដាំដើមឈើឡើងវិញ។ ប្រជាជនកម្ពុជាប្រមាណ ១៦ លាននាក់ ក្នុងម្នាក់ដាំ ១ ដើម នឹងបង្កើតឱ្យមានដើមឈើចំនួន ១៦ លានដើម ចូលរួមក្នុងការថែរក្សាបរិស្ថានឱ្យបានកាន់តែយូរអង្វែង។
លោក ជា ចំរើន លើកឡើងថា តាមការសង្កេតរបស់លោកនាពេលកន្លងមក រដ្ឋាភិបាលក៏មានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបិទមិនឱ្យមានការជួញដូរឈើ និងទំនិញផ្សេងៗឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានការលួចដឹកចេញចូលបានដោយសារឈ្មួញងងឹតលួចនាំទំនិញឆ្លងដែនតាមផ្លូវកាត់ (ច្រករបៀង) ហេតុនេះ បើរដ្ឋាភិបាលបង្កើតកិច្ចព្រមព្រៀងរឹតបន្តឹង ការទប់ស្កាត់បទល្មើសតាមផ្លូវងងឹតនឹងអាចទប់ស្កាត់បានល្អប្រសើរជាងមុន។
លោកបញ្ជាក់ថា៖ «ឈ្មួញងងឹតរកស៊ីតាមផ្លូវកាត់ បានន័យថា ផ្លូវច្រកបិទចេញចូលអត់បាន ប៉ុន្តែផ្លូវដែលមិនបិទគឺចេញចូលបាន អ៊ីចឹងបើមានការរឹតបន្តឹងពីប្រទេសជិតខាងបានទៅរួច ជាពិសេសគឺប្រទេសវៀតណាមតែម្តង ព្រោះយើងមានព្រំដែនជាប់គាត់ ទាល់តែមានការជួយគ្នារឹតបន្តឹង»៕