ភ្នំពេញៈ ក្រោយច្បាប់ចរាចរណ៍ផ្លូវគោកបច្ចុប្បន្នដែលត្រូវធ្វើវិសោធនកម្មមានចំណុចកែប្រែច្រើនពេក បច្ចុប្បន្នក្រុមការងាររៀបចំច្បាប់នេះកំពុងសិក្សាលម្អិត ដើម្បីឈានទៅធ្វើច្បាប់នេះជាថ្មីឡើងវិញតែម្ដង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការអនុវត្ដ។
នេះបើតាមលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ក្នុងពេលធ្វើជាអធិបតីនៃពិធីទិវាអន្តរជាតិ រំឭកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៦ នៅថ្ងៃទី ២៣ ខែធ្នូនេះ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបជូនថា ឥឡូវនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងសិក្សាយ៉ាងហ្មត់ចត់ ដើម្បីឈានទៅធ្វើវិសោធនកម្មច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ ប៉ុន្ដែប្រហែលជាមិនមែនធ្វើវិសោធនកម្មទេ ដោយសារថា ចំណុចដែលត្រូវកែប្រែនោះ វាច្រើនពេក អ៊ីចឹងអាចមានលទ្ធភាពធ្វើច្បាប់ថ្មី»។
លោក តូច ច័ន្ទកុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែដឹកនាំធ្វើការងារនេះដែលគាត់ជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរ។ លោកបញ្ជាក់ថា៖ «អ៊ីចឹងហើយ យើងកំពុងតែជំរុញព្រោះថាច្បាប់ហ្នឹងយើងធ្វើប៉ុន្មានដងហើយ ប៉ុន្ដែការអនុវត្ដវាមិនសូវបានសកម្មដល់ពេលអនុវត្តយើងឃើញមានបញ្ហាខុសឆ្គង ក៏បានធ្វើច្បាប់មួយ។ បន្ទាប់មកយើងក៏បានធ្វើច្បាប់ថ្មី ដល់ពេលធ្វើច្បាប់ថ្មី ឥឡូវច្បាប់ថ្មីហ្នឹង ក្នុងពេលអនុវត្ដប៉ុន្មាន ៤-៥ ឆ្នាំនេះ វាឃើញមានបញ្ហាទៀត។ ដល់ឃើញមានបញ្ហាទៀត ហើយបើកែច្រើនពិបាកណាស់ អ្នកអនុវត្ដច្បាប់គ្នាពិបាក អ៊ីចឹងធ្វើច្បាប់ថ្មីមួយទៀត វាអត់មានខុសទាស់អីទេ»។
លោក ស ខេង ថ្លែងទៀតថា នាចុងឆ្នាំ ២០២១ ដោយស្ថានភាពនៃជំងឺកូវីដ ១៩ មានភាពធូរស្រាល រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីជាជំហានៗ ប្រកបដោយការប្រុងប្រយ័ត្នស្របតាមទស្សនទានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ដើម្បីស្ដារ និងលើកស្ទួយគ្រប់វិស័យ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ ក្នុងឱកាសនេះ ការធ្វើចរាចរណ៍មានចលនាមមាញឹកឡើងវិញ ដែលកត្ដានេះបានបណ្ដាលឱ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ នេះមានការកើនឡើងវិញផងដែរ។ លោកលើកឡើងថា ប្រការដែលគួរឱ្យសោកស្ដាយគឺករណីគ្រោះថ្នាក់ចរាចរណ៍ជាក្រុម ក៏មានកំណើនគួរឱ្យព្រួយបារម្ភ ដូចជាការបាត់បង់ជីវិតទាំងគ្រួសារចំនួន ៧ នាក់នៅផ្លូវជាតិលេខ ៤១ ក្នុងស្រុកជុំគិរី និងការបាត់បង់ជីវិតចំនួន ៥ នាក់នៅផ្លូវជាតិលេខ ៣ ក្រុងបូកគោ ខេត្ដកំពត និងការបាត់បង់ជីវិតចំនួន ៥ នាក់លើផ្លូវជាតិលេខ ៥ ស្ថិតនៅស្រុកម៉ោងឫស្សី ខេត្ដបាត់ដំបង។ ក្រៅពីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តដឹកកម្មករនៅខេត្ដស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ បណ្ដាលឱ្យកម្មកររងរបួសរាប់រយនាក់។
លោក ស ខេង បានពិនិត្យឃើញបញ្ហាមួយចំនួនដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងនោះមានការបើកបរលើសល្បឿន ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្ដាំ។ ជាមួយគ្នានេះ ករណីល្មើសដែលមានអត្រាខ្ពស់ គឺបើកបរដោយមិនពាក់មួកសុវត្ថិភាពមានចំនួន ៩០ ភាគរយ និងការមិនពាក់ខ្សែក្រវាត់ចំនួន ៥២ ភាគរយ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ ១០ ភាគរយ ហើយភាគច្រើនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺជាអ្នកជិះម៉ូតូមានចំនួន ៧៨ ភាគរយ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ករបួសអាស៊ីប្រចាំនៅកម្ពុជាបានថ្លែងថា ការណ៍ដែលរាជរដ្ឋាភិបាលចង់ធ្វើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះជាថ្មីឡើងវិញ គឺបានផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការអនុវត្ដច្បាប់ ព្រោះមានច្បាប់តែមួយតែម្ដង និងមិនចាំបាច់ប្រើប្រាស់ឯកសារវិសោធនកម្មថ្មី ដែលភ្ជាប់ច្រើននាំមានការលំបាកក្នុងពេលអនុវត្ដច្បាប់។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រចំពោះស្ថាប័នរាជរដ្ឋាភិបាលដែលចង់ធ្វើវិសោធនកម្ម ឬកែច្បាប់ចរាចរណ៍ផ្លូវគោកនេះជាថ្មី ដើម្បីធ្វើម៉េចឱ្យងាយស្រួលដល់មន្ដ្រីយកទៅអនុវត្ដ ដើម្បីកុំឱ្យម្ដងបើកឯកសារនេះម្ដងបើកឯកសារនោះ»។
ក្នុងពេលដែលស្ថាប័នរាជរដ្ឋាភិបាលធ្វើច្បាប់ថ្មីគឺសមត្ថកិច្ចគួរខិតខំបន្តពង្រឹងការអនុវត្ដច្បាប់ ដែលកំពុងមានឱ្យបានតឹងរ៉ឹង ម៉ឺងម៉ាត់ឱ្យការអនុវត្ដកាន់តែមានប្រសិទ្ធភាព ដើម្បីអាចមើលឃើញការកាត់បន្ថយចំនួនអ្នកស្លាប់អ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នេះឱ្យបានកាន់តែច្រើន៕