ភ្នំពេញៈ អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​បានបង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​ការបង្វឹក​សុនខ​ឱ្យមាន​សមត្ថភាព​ស្វែងរក​អ្នកជំងឺ​កូវីដ​ ១៩ ក្រោយពី​បាន​សាកល្បង​ដោយ​ក្រុម​ជំនាញ ដែល​បាន​យក​សុនខ និង​ឧបករណ៍​តេស្តិ៍ សាកល្បង​រក​អ្នក​សង្ស័យ និង​អ្នកជំងឺ​កូវីដ​ ១៩ បាន «​រកឃើញ​» លទ្ធផល​ដូចគ្នា​។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២១ បាន​សម្តែង​មោទនភាព​ចំពោះ​ការរីកចម្រើន​របស់​សុនខ ហើយ​នេះ​ក៏​ជា​ដំណាក់កាល​ចុងក្រោយ​ក្នុង​ជំហាន​នៃ​ការងារ​ស្រាវជ្រាវ ដោយ​ត្រូវធ្វើ​ការបញ្ជាក់​ជាក់ស្តែង​ចំពោះ​អ្នក​សង្ស័យ​ និង​អ្នកជំងឺ នៅ​មណ្ឌល​កោះពេជ្រ​ និង​នៅ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​លទ្ធផល​បាន​ល្អ​ប្រសើរ ដោយ​ប្រៀបធៀប​ជាមួយ​ឧបករណ៍​តេស្ត​តែម្តង​គឺ «​រកឃើញ​» ដូចគ្នា​!»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ហេង រតនា សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​នេះ​។ ប៉ុន្តែ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​ ២០២១ ឱ្យដឹងថា អ្នកជំនាញ​សុនខ​ខែ្មរ អាច​ស្រាវជ្រាវ អាច​ហ្វឹកហ្វឺន​សុនខ​ហិត​អ្នកជំងឺ​កូវីដ​ ១៩ ​បាន​ដោយ​ជោគជ័យ​ក្នុង​ជំហាន​ដ៏សំខាន់​នេះ​។ សុនខ​កម្ពុជា​មាន​សមត្ថភាព​ និង​អាច​ចូលរួម​សកម្មភាព​ប្រយុទ្ធប្រឆាំង​​កូវីដ​ ១៩ ​បាន​ដោយ​ប្រើពេល​ប្រមាណ ពី​ ១០-១៥ ​វិនាទី អាច​ហិត​ស្វែងរក​មុខសញ្ញា​អ្នកមាន​ជំងឺ​កូវីដ​ ១៩ ក្នុងចំណោម​មនុស្ស​ច្រើន​ (​ហ្វូងមនុស្ស​)​។

លោក​ពន្យល់ថា សុនខ​គឺជា​ឧបករណ៍​អាច​ប្រើ​ជា​ជំនួយ​ក្នុង​ការស្វែងរក​អ្នកជំងឺ​កូវីដ នៅ​តាម​កន្លែង​មួយចំនួន​ដូចជា តាម​ច្រកទ្វារ​អន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍​ធំៗ ដូចជា​ការប្រកួត​កីឡា កម្មវិធី​មហាជន​ជាដើម​។ ល​។ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​រើស​ក្រួស​ចេញពី​អង្ករ​! ចំពោះមុខ​សញ្ញា​សង្ស័យ​អាច​ចាត់​វិធានការ​សុខាភិបាល​!​។

លោក​ថ្លែងថា​៖ «​សុនខ ក៏​មិន​ខុសពី​ឧបករណ៍​ប្រភេទ​តេស្ត​ CPR ​ឬ​ តេស្ត រហ័ស​ដែរ​។ ដូច្នេះ សុនខ គឺជា​ឧបករណ៍​មួយ​ផ្តល់​សញ្ញា​ឱ្យដឹងថា មុខសញ្ញា​ណា ជា​មុខសញ្ញា​សង្ស័យថា មាន​ផ្ទុក​វីរុស​កូវីដ​ ១៩ ក្រោយពី​ការសង្ស័យ​ហើយ​ត្រូវ​យកទៅ​វិភាគ​បន្ថែមទៀត ឬ យ៉ាងណា គឺជា​នីតិវិធី​របស់​ក្រសួង​សុខាភិបាល​។ សុនខ​គ្រាន់តែ​ជា​ឧបករណ៍​ជួយ សម្រាប់​អ្នកជំនាញ​សុខាភិបាល​បន្តធ្វើ​កិច្ចការ បន្តទៀត​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ ២០២១ ស្នើសុំ​មិន​ធ្វើ​អត្ថាធិប្បាយ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ទេ​ ដោយ​លោកស្រី​បាន​ថ្លែង​យ៉ាងខ្លី​ថា «​មិន​ទទួលបាន​ព័ត៌មាន​»​។

លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្វាយរៀង បាន​ថ្លែង​សម្តែង​ការស្វាគមន៍​ចំពោះ​សុនខ ដែលមាន​សមត្ថភាព​ចូលរួម​ហិតក្លិន​ស្វែងរក​អ្នក​ផ្ទុក​នូវ​ជំងឺ​កូវីដ​ ១៩​។ លោក​ថ្លែងបន្តថា ការប្រើប្រាស់​សុនខ មិនបាន​ចំណាយ​ថវិកា​ច្រើន និង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕

វីដេអូ៖