សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវទីតាំងកែច្នៃឈើ ជាង ១៤០ ទីតាំង ដែលមិនមានច្បាប់អនុញ្ញាតនៅក្នុង ឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៀត។
លោកលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី ២៣ ខែធ្នូ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន សាលាខេត្តសៀមរាបនាថ្ងៃទី ២៣ ធ្នូ លោកអភិបាលរងខេត្តរូបនេះបានប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តលិខិតរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ៨ ខែធ្នូ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និងនៅជិតតំបន់ការពារធម្មជាតិ។
ប្រភពដដែលដកស្រង់សម្ដីលោក ង៉ាន់ ភិរុណ ថា៖ «បើយោងតាមតារាងបញ្ជីទិន្នន័យទីតាំងកែច្នៃឈើទាំងនោះ នៅក្នុង ឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ រកឃើញមានចំនួន ១៤៦ ទីតាំង ក្នុងនោះមានចំនួនតែ ៣ ទីតាំងប៉ុណ្ណោះ ដែលមានច្បាប់។ ជាមួយគ្នានេះ ត្រូវចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់»។
ជាមួយគ្នានេះ លោកប្រាប់ឱ្យអាជ្ញាធរមោឃភាពនូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវចម្រុះដែលក្រសួងបរិស្ថានក៏បានព្រមានផងដែរ។ បើតាមអភិបាលរងខេត្តរូបនេះ រដ្ឋបាលឃុំ សង្កាត់ណាដែលនៅតែបន្តបំពានចុះហត្ថលេខាផ្តល់ជាកម្មសិទ្ធិឯកជនក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។
លោក ង៉ាន់ ភិរុណ លើកឡើងថា បញ្ហាធ្វើឡធ្យូងក្នុងតំបន់ដែនជម្រកសត្វព្រៃនៅក្នុងភូមិសាស្ត្រនៃស្រុកជីក្រែង មិនត្រឹមតែជាតម្រូវការក្នុងសហគមន៍នោះទេ តែក៏ស្ថិតក្នុងរូបភាពធ្វើអាជីវកម្មនាំចេញទៅខេត្តកំពង់ធំផងដែរ ដែលត្រូវចាត់វិធានការកាត់បន្ថយតាមរយៈការប្រើវិធានការអប់រំ មុននឹងមានការបង្ក្រាបលុបបំបាត់នោះ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីថ្ងៃទី ២៦ ធ្នូថា លោកមិនទាន់អាចជូនដំណឹងបាននៅឡើយទេ អំពីចំណាត់ការបញ្ឈប់ជាបន្ទាន់ នូវទីតាំងកែច្នៃឈើទាំងនេះ ដោយបង្វែរសំណួរទៅកាន់លោក សុខ ថុល នាយករដ្ឋបាល សាលាខេត្តសៀមរាប ខណៈលោក សុខ ថុល ថ្លែងថា លោកមិនបានដឹងព័ត៌មានជុំវិញបញ្ហានេះទេ៕