ភ្នំពេញៈ ក្រសួងបរិស្ថានបានផ្តល់ធុងញែកសំរាមដល់សាលារៀនជាង ៦០ ក្នុងរាជធានី-ភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀនក៏ដូចជាការលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានក្រសួងបរិស្ថាន បញ្ជាក់នៅថ្ងៃទី ២៥ ធ្នូថា៖ «ក្រសួងបរិស្ថានផ្តល់ធុងញែកសំរាមដល់សាលារៀនចំនួនជាង ៦០ កន្លែង ក្នុងរាជធានីភ្នំពេញ តាមរយៈគម្រោងធុងសំរាម ដែលបានអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀនក៏ដូចជាការលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ»។
សេចក្តីប្រកាសព័ត៌មាន ដកស្រង់សម្ដី លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ថ្លែងខណៈចុះផ្តល់ធុងញែកសំរាមនេះដល់សាលារៀនចំនួន ៥ នៅក្នុងខណ្ឌបឹងកេងកង នាថ្ងៃទី ២៤ ធ្នូ ថា ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវនឹងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ ប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិយាកាស ទឹក ដី ខ្យល់ ការគំរាមកំហែងដល់និរន្តរភាពធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកថ្លែងថា៖ «ជាមួយគ្នានេះ សំរាមថង់ប្លាស្ទិក បង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវចម្រុះផ្សេងៗ ដូច្នេះការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាជម្រើសដ៏ល្អ»។
ប្រភពដដែលបានដកស្រង់សម្ដីលោក សន ប៊ុនមាន អនុប្រធានលេខាធិការដ្ឋាន សសយក រាជធានីភ្នំពេញ ថា ការច្នៃប្រឌិតធុងសំរាមជាក្អម ជាអង្រុតជាដើមនេះ គឺចង់បង្ហាញថា របស់ទាំងអស់នេះ គឺជាអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សានូវមរតកខ្មែរ ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងបានផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការចូលរួមកាត់បន្ថយការបញ្ចេញសំរាមដែលដាក់បន្ទុកទៅលើទីលានចាក់សំរាម។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីថ្ងៃទី ២៦ ធ្នូ ថាក្រសួងបរិស្ថានបានផ្តល់នូវសម្ភារមួយចំនួន ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់អាជ្ញាធរក្នុងការគ្រប់គ្រងសំណល់រឹងសំរាមដូចជារថយន្តដឹកសំរាម រថយន្តប្រមូលសំរាម ឡដុតសំរាម ម៉ូតូដឹកសំរាម និងធុងសំរាម។ លោក ថ្លែងថា៖ «ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមដល់សាលារៀន វត្តអារាម និងរដ្ឋបាលក្រុងស្រុកមួយចំនួន ដើម្បីងាយស្រួល ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជននានា ដើម្បីបង្កើនលទ្ធភាពក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងសំណល់រឹងសំរាម»។
សសយក រាជធានីភ្នំពេញបានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី ២៤ ធ្នូ ថា ក្រសួងបរិស្ថានបានគាំទ្រដល់គម្រោងបំពាក់ធុងសំរាមតាមសាលារៀន ស្ថិតក្នុងរាជធានីភ្នំពេញ តាមរយៈ សសយក រាជធានី-ភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀន សោភណភាពស្អាត និងសុខភាពសិក្សា។
សសយក បញ្ជាក់ថា៖ «ធុងសំរាមច្នៃប្រឌិតឡើងជារូបរាងក្អម និងអង្រុត គឺចង់បណ្តុះស្មារតីឱ្យប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី មានផ្នត់គំនិតក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវការយល់ដឹងពីអនាម័យបរិស្ថាន និងការចូលរួមលើកកម្ពស់សោភណភាពស្អាតតាមសាលារៀនផងដែរ»៕