ព្រះវិហារៈ ក្រុមស្រាវជ្រាវជីវចម្រុះនៃអង្គការអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវអំពីវត្តមានសត្វទោចមកុដ នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលការសិក្សានេះមានរយៈពេល ៦ ខែ ខណៈកម្ពុជាមានប្រភេទសត្វកម្រជិតផុតពូជនេះប្រមាណ ៣៥ ០០០ ក្បាល គឺច្រើនជាងគេនៅលើពិភពលោក។
យោងតាមការលើកឡើងរបស់គម្រោងរេដបូក តំបន់ការពារធម្មជាតិ ភាគខាងជើង NPL REDD+ Project បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណងអង្កេតតាមដានអំពីរបាយ និងដង់ស៊ីតេប្រភេទសត្វទោចមកុដ និងរៀបចំធ្វើផែនការគ្រប់គ្រងការងារអភិរក្សបឋម ដើម្បីការពារ និងអភិរក្សប្រភេទសត្វនេះ។
ការសិក្សាស្រាវជ្រាវនេះ ទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារ US Fish & Wildlife Service។ ទោចមកុដត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជ។ វាមានវត្តមាននៅក្នុងតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា ភាគអាគ្នេយ៍នៃប្រទេសថៃ និងភាគនិរតីនៃប្រទេសឡាវ។ នេះបើតាមការបញ្ជាក់ពីគម្រោងរេដបូក តំបន់ការពារធម្មជាតិភាគខាងជើង NPL REDD+ Project។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ធ្នូ ដោយលោកបានគាំទ្រចំពោះការសិក្សាស្រាវជ្រាវពីសត្វទោចមកុដនេះដែលជាប្រភេទសត្វកម្រ។ លោកថា៖ «ការស្រាវជ្រាវនេះជាការល្អមួយ ពីព្រោះយើងត្រូវសិក្សាឱ្យលម្អិតពីប្រភេទរបស់វា ការរស់នៅ ហើយនឹងរបាយការណ៍របស់វាដើម្បីងាយស្រួល ក្នុងការរៀបចំផែនការទៅលើការការពារ និងអភិរក្សបន្ថែមទៀត ដោយសារទោចមកុដនេះជាប្រភេទសត្វកម្រ»។
យោងតាមអង្គការ IUCN តាមការប៉ាន់ស្មាន ទោចមកុដទូទាំងពិភពលោកមានប្រមាណជាង ៦៥ ០០០ ក្បាលដែលក្នុងនោះ កម្ពុជាត្រូវបានគេជឿថា មានវត្តមានទោចមកុដច្រើនជាងគេ មានចំនួនប្រមាណ ៣៥ ០០០ ក្បាលដែលកំពុងរស់នៅ ក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសតំបន់ជួរភ្នំក្រវាញ។ នៅភាគខាងកើតប្រទេសថៃមានប្រមាណ ៣០ ០០០ ក្បាល និងនៅខាងត្បូងឆៀងខាងលិចនៃប្រទេសឡាវ មានវត្តមានទោចមកុដតិចតួច។
ដោយឡែក កាលពីថ្ងៃទី ២៣ ខែធ្នូ កន្លងមកសត្វស្លាប ៣ ប្រភេទចំនួន ១៨ ក្បាល និងមានទោចមកុដចំនួន ១ គូ ដោយក្នុងនោះសត្វស្លាប ១៤ ក្បាល បានមកពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ដែលធ្វើឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ។ ការដោះលែងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance។
បើតាម លោក នេត្រ ភក្ត្រា យោងតាមក្រុមអភិរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គិតមកដល់ខែកក្កដា ឆ្នាំ ២០២០ សត្វទោចមកុដ នៅក្នុងព្រៃអង្គរ មានចំនួន ១១ ក្បាល។ មូលហេតុដែលនាំយកសត្វទោចមកុដមកលែងឱ្យរស់នៅ និងបង្កាត់ពូជក្នុងព្រៃអង្គរ ពីព្រោះព្រៃនេះមានដើមឈើចម្រុះ មានផ្លែផ្កាជាចំណី អមដោយការថែរក្សាការពារ ដែលអាចឱ្យសត្វទោចមកុដរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងបាន។
លោកប្រាប់ថា៖ «ក្រសួងបរិស្ថាន សូមថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអស់ក្នុងការការពារ និងអភិរក្សសត្វទោចមកុដ ដែលជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអភិរក្ស និងបញ្ឈប់ការបរបាញ់ ដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការជួញដូរ និងឈប់បរិភោគសាច់សត្វព្រៃ»។
យោងតាមអាជ្ញាធរជាតិអប្សរា សត្វស្លាបទាំងនោះរួមមានក្ងោក (Pea-fowl), សត្វកេងកងធំ (Great Hornbill) និងសត្វព្វាំង (Wreathed Hornbill) ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ បានយកមកផ្សាំងក្នុងទ្រុងពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានព្រៃឈើ ទេសភាព និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ចំណែកសត្វទោចមកុដ ១ គូ (Pileated Gibbon) ដែលជាគូចុងក្រោយ និងបានយកមកផ្សាំងក្នុងទ្រុងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ក៏ត្រូវបានដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរដែរ។ ក្នុងពេលជាមួយគ្នានោះ អង្គការ ACCB ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ Wildlife Alliance ក៏បាននាំយកសត្វក្ងោក ៤ ក្បាល មកដោះលែងក្នុងពេលនោះដែរ (Hard releasing)។
លោកបន្ថែមថា៖ «ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃ ក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ចៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឱ្យសត្វទាំងនោះ»៕