
វ៉ាក់សាំង Pfizer ចំនួន ៧៨៣ ០០០ ដូស ជាជំនួយអូស្ត្រាលីដឹកមកដល់កម្ពុជា កាលពីយប់ម្សិលមិញ។ រូបថត SPM
ភ្នំពេញៈ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ Pfizer ចំនួន ៧៨៣ ០០០ ដូសក្នុងចំណោមជាង ២,៣ លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី ២៦ ខែធ្នូដែលមានការទទួលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ខណៈវ៉ាក់សាំងជាង ១,៥ លានដូសផ្សេងទៀតនឹងដឹកមកដល់នៅថ្ងៃទី ២៨ ធ្នូ។
វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ លោក ហ៊ុន សែន បានប្រកាសថា នឹងផ្តល់សម្រាប់ចាក់ទៅដល់ក្រុមខ្សែជួរមុខដូសទី ៤ ដែលមានប្រមាណជា ៥០ ម៉ឺននាក់ ដើម្បីបង្កើននូវភាពសុំាសហគមន៍ ពិសេសការពារពីការឆ្លងនៃវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។ លោកនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា ក្នុងការប្រយុទ្ធជាមួយនឹងជំងឺនេះ លោកបានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយវ៉ាក់សាំងបានជួយជីវិតរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើនផងដែរ។
លោកថា៖ «យើងមានអត្រាភាពស៊ាំ នៅក្នុងសហគមន៍បានច្រើនដែលនេះក៏បណ្តាលមកពីប្រជាពលរដ្ឋរបស់យើង បានគាំទ្រចំពោះរាជរដ្ឋាភិបាលចំពោះគោលនយោបាយវ៉ាក់សាំងសម្រាប់ការពារ»។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងទាំងការបញ្ជាទិញ និងជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មជ្ឈមណ្ឌលកូវ៉ាក់ និងដៃគូនានា សរុបជាង ៤១ លានដូស។
ទាក់ទងនឹងការចាក់វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានលើកឡើងកាលពីថ្ងៃទី ២៤ ខែធ្នូ ថា អង្គការសុខភាពពិភពលោកក៏បានធ្វើការជំរុញផងដែរ នៅតាមបណ្តាប្រទេសផ្សេងៗ ហើយប្រទេសមួយចំនួនក៏កំពុងតែបង្កើនល្បឿននៃការចាក់ដូសទី ៣ ឬក៏ដូសជំរុញនេះ។
លោកស្រីថ្លែងថា៖ «តាមខ្ញុំចាំ សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចឱ្យមានការចាក់ដូសជំរុញនេះ ទៅដល់មន្ត្រីជួរមុខនៅតាមខេត្តទាំង ៧ នៅជាប់ព្រំដែនកម្ពុជា-ថៃតាំងពីខែសីហា ហើយក្រោយមកលោកក៏បានឱ្យចាក់ដូសជំរុញទៅដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រី និងអាជ្ញាធរ ដែលបានធ្វើការប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋច្រើន នៅទូទាំងប្រទេសតែម្តង»។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា សម្រាប់ពលរដ្ឋទូទៅ ក៏ត្រូវបានប្រកាសឱ្យចាក់វ៉ាក់សាំងដូសទី ៣ នេះក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ផងដែរ។ ទន្ទឹមនឹងនេះលោកស្រី ក៏បានអំពាវនាវទៅដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Jhonson&Jhonson ត្រូវប្រញាប់មកទទួលយកដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដល់ពេលវេលាដែលត្រូវចាក់។
លោកស្រីថា៖ «សូមបងប្អូនមកទទួលវ៉ាក់សាំងទាំងអ្នកដែលមិនទាន់បានចាក់ដូសទី ១ អ្នកដែលមិនទាន់បានចាក់គ្រប់ដូសមូលដ្ឋាន ឬដូសទី ២ ហើយនឹងអ្នកដែលត្រូវចាក់ដូសទី ៣ ឬដូសជំរុញត្រូវមកចាក់ឱ្យបានគ្រប់គ្នា ដើម្បីបង្កើននូវកងការពារទប់ទល់ មុននឹងវីរុសអូមីក្រុងមកចរាចរក្នុងសហគមន៍របស់យើង»។
បើតាមរបាយការណ៍ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ អត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានចំនួន ៨៩,០៣ ភាគរយ ធៀបនឹងប្រជាពលរដ្ឋសរុបចំនួន ១៦ លាននាក់៕