ភ្នំពេញៈ ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Andreas Zurbrugg បានលើកឡើងថា អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដោយបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer-BioNTech ជាង ២,៣ លានដូស ហើយក៏បានអបអរសាទរ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងក្លាក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នេះ។
លោកបានថ្លែងដូចនេះ ក្នុងពិធីប្រគល់ វ៉ាក់សាំង Pfizer ដំណាក់កាលទី ១ ចំនួន ៧៨-៣ ០០០ ដូសដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយលោកបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះ ផ្តល់ដល់ប្រទេសកម្ពុជាក្នុងនាមជាទ្វេភាគី និងជាជំនួយឥតសំណងទាំងស្រុង។
លោក Andreas Zurbrugg ថ្លែងថា៖ «វាមិនមែនជាការងាយស្រួលនោះទេ ការផលិតវ៉ាក់សាំងក៏ដូចជាការចែកចាយវ៉ាក់សាំងនៅលើពិភពលោក មានការកើនឡើង ចោទជាបញ្ហា ដូច្នេះដំណើរការនៃការផ្តល់វ៉ាក់សាំងមកដល់ប្រទេសកម្ពុជាបានចំណាយពេលយូរជាងការរំពឹងទុក ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលវ៉ាក់សាំងបានមកដល់កម្ពុជានៅថ្ងៃនេះ»។
អូស្ត្រាលីយល់ថា យុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ គឺទាមទារឱ្យមានការធ្វើផែនការ ការគ្រប់គ្រងសម្ភារបរិក្ខារ ការចែកចាយ និងការបណ្តុះបណ្តាល ដើម្បីធានាថា គ្រប់គ្នាត្រូវបានការពារ រួមទាំងអ្នកដែលងាយរងគ្រោះ និងប្រជាជនដែលនៅឆ្ងាយពិបាកទៅដល់ផងដែរ។
លោក Andreas Zurbrugg ថ្លែងថា៖ «នេះមូលហេតុដែលយើងបានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈជំនួយឥតសំណងដែលមានថវិកាចំនួន ២៨ លានដុល្លារអាមេរិក»។ លោកថា អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងដែរថា ចាប់តាំងពីមានការផ្ទុះ និងការរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលយល់ និងកំណត់បានច្បាស់ថា មានតែវ៉ាក់សាំងទេ ដែលជាអាវុធយុទ្ធសាស្ត្រគន្លឹះសម្រាប់គ្រប់គ្រង និងយកឈ្នះជំងឺដ៏កាចសាហាវនេះ។
លោកថា៖ «រាជរដ្ឋាភិបាលនឹងបន្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតរនាំងការពារសុខភាពសាធារណៈដ៏រឹងមាំ។ ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង ក៏កម្ពុជាមិនមានការបារម្ភដែរ»។
លោក ហ៊ុន សែន បន្តថា ជាទិសដៅទៅមុខ ទោះបីជាពិភពលោកទាំងមូល កំពុងព្រួយបារម្ភពីមេរោគកូវីដ-១៩ប្រភេទបំប្លែងថ្មីអូមីក្រុងក៏ដោយកម្ពុជានៅតែបន្តដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចជាធម្មតាដោយមិនភ័យខ្លាចប៉ុន្តែប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងពីការឆ្លងចូលនូវវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងដែលកម្ពុជាបានរកឃើញរហូតដល់ ៣១ ករណីហើយ ដែលសុទ្ធតែជាករណីនាំចូលទាំងអស់ ដោយក្នុងនោះត្រឹមតែ ១ ថ្ងៃ នៃថ្ងៃទី ២៦ ខែធ្នូ កម្ពុជារកឃើញមានរហូតដល់ ១៥ ករណី ជាវីរុសកូវីដ ១៩ ប្រភេទអូមីក្រុង។
លោកថ្លែងថា៖ «ខ្ញុំសុំឱ្យប្រជាពលរដ្ឋយើង មានការប្រុងប្រយ័ត្ន ប៉ុន្តែមិនត្រូវភ័យស្លន់ស្លោនោះទេ តែត្រូវនាំគ្នាទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគនេះចូលក្នុងសហគមន៍។ សុំបងប្អូនប្រុងប្រយ័ត្នពីការឆ្លងអូមីក្រុងចូលក្នុងសហគមន៍ ដោយសារកម្រិតនៃការឆ្លងវីរុសនេះ ឆាប់រហ័សលឿនជាងវីរុសប្រភេទដែលតា និងអាល់ហ្វា ហើយខ្ញុំសង្ឃឹមថា វីរុសនេះនឹងមិនហៀរចូលក្នុងសហគមន៍ឡើយ»។
លោកបន្ថែមថា ភាពជោគជ័យនៃការប្រយុទ្ធជាមួយនឹងកូវីដ ១៩ នៅកម្ពុជា មិនអាចសម្រេចបានឡើយប្រសិនបើមិនមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់ប្រជាជនកម្ពុជា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានាទេនោះ។
លោក បន្តថា៖ «ខ្ញុំសុំស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តផ្តល់ការគាំទ្របន្ថែមទៀតដល់កម្ពុជាក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ ១៩ ក្នុងការកសាងសមត្ថភាពផ្នែកសន្តិសុខសុខភាពពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍ក្នុងការផ្តល់សេវាថែទាំសុខភាព ក៏ដូចជាការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញប្រកបដោយស្ថិរភាព»៕