ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងនឹងបន្តសម្របសម្រួលវិវាទរបស់បុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍បន្តទៀត ប៉ុន្តែបើក្នុងករណីមិនមានការចុះសម្រុងគ្នាភាគីទាំង ២ អាចបន្តដោះស្រាយតាមផ្លូវតុលាការ។
គិតត្រឹមថ្ងៃទី ២៧ ធ្នូ គឺជាថ្ងៃទី ១០ ហើយ ដែលអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានប្រមូលផ្តុំគ្នាធ្វើកូដកម្មអហិង្សានៅមុខអគារណាហ្គាទី ១ ដើម្បីទាមទារឱ្យបុគ្គលិក ៣៦៥ នាក់ ចូលធ្វើការវិញ និងបញ្ឈប់ការរើសអើងសហជីព បន្ទាប់ពីពួកគេត្រូវបានបញ្ឈប់ពីការងារកាលពីអំឡុងឆ្នាំ ២០២០ ដោយមូលហេតុវិបត្តិកូវីដ ១៩។
លោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៧ ធ្នូ ថា យោងតាមច្បាប់ស្តីពីការងារក្រសួងការងារមានតួនាទីសម្របសម្រួល និងផ្សះផ្សារចំពោះវិវាទការងាររបស់ភាគីទាំង ២ នេះ ខណៈការសះជាគឺអាស្រ័យលើគូវិវាទទាំងសងខាងជាអ្នកសម្រេច។
លោកថា៖ «ក្នុងករណីមិនសះជាគឺភាគីទាំង ២ ត្រូវប្តឹងទៅតុលាការដែលជានីតិវិធីចុងក្រោយ។ អ្វីដែលនៅក្នុងដែនច្បាប់ការងារ គឺក្រសួងនឹងបន្តបំពេញ។ អ្វីដែលលើសពីដែននៃច្បាប់ស្តីពីការងារគឺអ្នកធ្វើ ឬអ្នកបំពេញនីតិវិធីបន្ទាប់គឺត្រូវបំពេញកាតព្វកិច្ចនោះ»។
លោកបន្ថែមថា៖ «នៅថ្ងៃនេះ (ថ្ងៃទី ២៧ ធ្នូ) ខ្ញុំមិនទាន់ដឹងអំពីចំនួននៃអ្នកទទួលសំណង។ ប៉ុន្តែបានដឹងថាបុគ្គលម្នាក់ៗ កំពុងធ្វើការពិចារណារៀងៗខ្លួន»។
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រសួងការងារបានបន្តជួបសម្របសម្រួលដោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ដោយមានលោកស្រី ឈឹម ស៊ីថរ និង លោកមេធាវី ហម ស៊ុនរិទ្ធិ ជាតំណាងភាគីកម្មករនិយោជិត និងលោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។
ក្រោយការប្រជុំពិភាក្សា ភាគីទាំង ២ នៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណីវិវាទនៅឡើយ ដោយតំណាងក្រុមហ៊ុន នឹងពិចារណាលើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ៨៥ នាក់ ដែលបានឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួង ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាផ្សេងទៀតឱ្យចូលធ្វើការវិញទេ។
ចំណែកតំណាងកម្មករនិយោជិត ទាមទារឱ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឱ្យក្រុមហ៊ុន ទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាឱ្យចូលធ្វើការជាមុន ទើបកម្មករនិយោជិតចំនួន ៨៥ នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយកាលពីថ្ងៃ ២៣ ធ្នូ។
អ្នកស្រី ឈឹម សុខន លេខាសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ថ្លែងនៅថ្ងៃទី ២៧ ធ្នូថា ក្នុងករណីដែលការដោះស្រាយនៅក្នុងដំណាក់កាលអាជ្ញាកណ្តាលត្រូវបានបញ្ចប់បុគ្គលិកទាំងអស់នឹងជ្រើសរើសយកការធ្វើកូដកម្មអហិង្សា ដើម្បីទាមទារដំណោះស្រាយ។ អ្នកស្រីបន្តថាការដែលជ្រើសរើសយកការធ្វើកូដកម្មនេះ ដោយរំពឹងថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុននឹងព្រមទទួលយកពួកគេឱ្យចូលធ្វើការវិញ និងបញ្ឈប់ការរើសអើងសហជីពតទៅទៀត ហើយការទទួលបុគ្គលិកឱ្យចូលធ្វើការវិញ ក៏អាចបង្ហាញថា ក្រុមហ៊ុនបានគោរពទៅតាមច្បាប់ផងដែរ។
អ្នកស្រី ឈឹម សុខន បញ្ជាក់ថា៖ «ខាងសហជីពខ្ញុំជ្រើសរើសយកការធ្វើកូដកម្មអហិង្សារហូតដល់មានដំណោះស្រាយតែម្តង។ យើងឃើញថា ការបញ្ឈប់ពួកយើងនេះ គឺមានលក្ខណៈមិនប្រក្រតី ដោយសារក្នុងចំណោម ៣៦៥ នាក់ គឺភាគច្រើន ជាសមាជិកសហជីព សកម្មជន និងថ្នាក់ដឹកនាំសហជីព។ យើងមើលឃើញថា ក្រុមហ៊ុនហ្នឹង គឺមានបំណងចង់រំលាយសហជីព»។
តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ នៅថ្ងៃទី ២៧ ធ្នូ។
លោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថ្លែងថា ភាគីក្រុមហ៊ុន គួរតែឆាប់បញ្ចប់វិវាទនេះ ដោយការទទួលយកបុគ្គលិកត្រឡប់មកវិញ ជាជាងបន្តជ្រើសរើសបុគ្គលិកថ្មី ដែលគ្មានបទពិសោធ។ លោក តុលា ក៏សង្ឃឹមដែរថា ស្ថាប័នពាក់ព័ន្ធនឹងពន្លឿនដោះស្រាយបញ្ហាដែលបុគ្គលិកក្រុមហ៊ុននេះ ទាមទារឱ្យបានឆាប់រហ័សចៀសវាងមានការបន្តការតវ៉ាបន្តទៀត ខណៈបុគ្គលិកប្រមូលផ្តុំគ្នាតវ៉ា គឺដើម្បីតែក្រពះតែប៉ុណ្ណោះ៕
វីដេអូ៖