ភ្នំពេញៈ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ១ នៅថ្ងៃទី ២៧ ធ្នូ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ បើទោះបីជាមានបេក្ខជន ២ រូប ដែលបានឆ្លងជំងឺកូវីដ ១៩ ត្រូវបានដាក់ឱ្យប្រឡងដាច់ដោយឡែក និងបេក្ខជនចំនួន ៤ ១៩៨ នាក់បានអវត្តមានពីការប្រឡងក៏ដោយ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំបញ្ជាក់ថា ដំណើរការសំណេរនាព្រឹកថ្ងៃទី ១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០២១ ដែលមាន ២ មុខវិជ្ជាគឺប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ក្រសួងបញ្ជាក់ថា៖ «បេក្ខជនប្រឡងឆ្នាំនេះមានចំនួន ១១៤ ១៨៣ នាក់ស្រី ៦០ ៣៩៧ នាក់ មាន ២០៤ មណ្ឌល និង ៤ ៦១៦ បន្ទប់។ ចំនួនបេក្ខជនអវត្តមានពេលព្រឹកចំនួន ៤ ១៩៨ នាក់ (ស្រី ១ ៧៩២ នាក់) ត្រូវជាភាគរយ ៣,៦៨ %»។
បើតាមក្រសួងអប់រំនៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈមេប្រយោគ គណៈអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងបញ្ជាក់ថា ពុំមានបេក្ខជនណារំលោភបទប្បញ្ញត្តិនៃការប្រឡង គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ។ បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
ដោយឡែកបេក្ខជនមានបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន ២៥ ករណីក្នុងនោះបេក្ខជនមានជំងឺកូវីដ ១៩ ដែលជាកីឡាការិនីចំនួន ២ នាក់ បេក្ខជនមានកម្តៅលើសធម្មតាដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៧ នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន ១៦ នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ និងវិជ្ជមានជំងឺកូវីដ ១៩ អាចបន្តការប្រឡងក្រោមការសហការរៀបចំដោយក្រសួងអប់រំ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
រដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ក្នុងពេលធ្វើជាអធិបតី បើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី ១ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ វិទ្យាល័យព្រះស៊ីសុវត្ថិថ្លែងថា ដោយសារតែការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានផ្ដល់អាទិភាពដល់គ្រូបង្រៀនបានចាក់វ៉ាក់សាំងស្ទើរតែ ១០០ ភាគរយ និងសិស្សានុសិស្សមានអាយុចន្លោះពី ៥ ឆ្នាំ រហូតដល់ ១៨ ឆ្នាំ ក៏បានចាក់វ៉ាក់សាំង ១០០ ភាគរយដែរ លើកលែងអ្នកមានជំងឺប្រចាំកាយ។
លោកថ្លែងថា៖ «អ្វីដែលជាការព្រួយបារម្ភដំបូងរបស់ក្រសួង គឺជំងឺកូវីដ ១៩ ក៏ប៉ុន្ដែយើងឃើញថា នាពេលបច្ចុប្បន្ននេះគឺដោយសារយើងអាចគ្រប់គ្រងជំងឺកូវីដ ១៩ បាន ដូច្នេះការដំណើរការការប្រឡងនេះ គឺដំណើរការដូចប្រក្រតី ស្ទើរតែដូចកាលពីពេលមុនមានជំងឺកូវីដ ១៩»។ ក៏ប៉ុន្ដែក្រសួងនៅតែតម្រូវឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សត្រូវគោរពតាមបទដ្ឋានរបស់ក្រសួងសុខាភិបាល និងបទប្បញ្ញត្ដិដែលក្រសួងអប់រំបានដាក់ចេញពិសេសគឺវិធានការ ដែលលោកនាយករដ្ឋមន្ត្រីដាក់ចេញគឺ ៣ កុំ ៣ ការពារ។
លោកថា៖ «យើងឃើញថា ដំណើរការប្រឡងមានដំណើរការល្អដូចប្រក្រតី ដោយសិស្សមុនចូលបន្ទប់ប្រឡងមានការវាស់កម្ដៅ ហើយមើលទៅមិនមានសញ្ញាអ្វីដែលគួរឱ្យព្រួយបារម្ភឡើយ។ ក៏ប៉ុន្ដែយើងត្រូវតែប្រុងប្រយ័ត្ន មានន័យថា ក្រសួងបានចាត់ចែងឱ្យចែកម៉ាស់នៅតាមមណ្ឌលឱ្យសិស្សក៏ដូចជាបុគ្គលិកអប់រំត្រូវតែពាក់ម៉ាស់»។
បើតាមលោក ហង់ជួន ណារ៉ុន ដោយអនុវត្ដតាមអនុសាសន៍របស់លោក ហ៊ុន សែន ក្រសួងអប់រំបានអនុញ្ញាតឱ្យកីឡាករ ២ រូប ដែលមានវិជ្ជមានជំងឺកូវីដ ១៩ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ នៅមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ហើយបើមានបេក្ខជនផ្សេងទៀតមានវិជ្ជមានកូវីដ ១៩ ដែរនោះ ក្រសួងនឹងរៀបចំលក្ខខណ្ឌពិសេសសម្រាប់ឱ្យបេក្ខជនប្រឡងផងដែរ។
លោកថ្លែងថា៖ «យើងត្រូវថ្លឹងថ្លែងរវាងការការពារ និងអនាគតរបស់សិស្ស។ អ៊ីចឹងបើសិនឱ្យអ្នកមានជំងឺកូវីដ ១៩ ចូលមកប្រឡងនឹងគេឯងដែរ អាចធ្វើឱ្យមានការភ័យខ្លាច។ ឧទាហរណ៍ថាយើងកំពុងតែធ្វើលំហាត់ស្រាប់តែភ័យភ្លេចមេរៀនអស់។ អ៊ីចឹងការភ័យខ្លាចនេះ រឿងឈឺនេះធ្វើឱ្យយើងភ្លេចហើយ ក៏ធ្វើឱ្យគ្រូ និងអនុរក្សគាត់ភ័យខ្លាចដែរ មិនអាចធ្វើការបានពេញដៃពេញជើងទេ»។
លោកបន្តថា៖ «ដូច្នេះហើយបានជាយើងត្រូវប្រយ័ត្ន។ ក៏ប៉ុន្ដែកត្ដាមួយទៀតថា គាត់ឈឺហើយ មិនមែនគាត់ចង់ឈឺទេ អ៊ីចឹងបើយើងដាក់បន្ទុកមួយទៀតឈឺហើយធ្លាក់ទៀត អ៊ីចឹងបន្ទុកវា ២ ដងហើយ។ ដូច្នេះបានជាសម្ដេចនាយករដ្ឋមន្ដ្រីលោកក៏បានដាក់បន្ថែមជាបញ្ជាមួយទៀតថា អនុញ្ញាតឱ្យប្រឡង ប៉ុន្ដែត្រូវរកកន្លែងសមស្រប»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុបចំនួន ២ រូប ជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ជូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់កម្ពុជា កាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩។ «យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្រសួងអប់រំ អនុញ្ញាតឱ្យកីឡាករ ២ រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ នៅមណ្ឌលព្យាបាលកូវីដ ១៩ មួយកន្លែងក្រោមការរៀបចំដោយក្រសួងអប់រំក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ»។ ចំពោះអវត្ដមានរបស់បេក្ខជន ជាង ៤ ពាន់នាក់ លោក សុវាចា ថ្លែងថា គឺដោយសារមូលហេតុបុគ្គល ដែលតាមយន្តការបច្ចេកទេសកន្លងមក ចំពោះបេក្ខជនអវត្តមានដោយមូលហេតុបុគ្គល ចាប់ពី ១ វិញ្ញាសាឡើងទៅ គឺត្រូវកំណត់ឱ្យធ្លាក់ ជាស្វ័យប្រវត្តិ។
យុវជន ហេង ភារម្យ បេក្ខជនដែលកំពុងប្រឡងបាក់ឌុបនៅមណ្ឌលប្រឡង វិទ្យាល័យបាក់ទូកឱ្យដឹងថា ដំណើរការប្រឡងនាព្រឹកថ្ងៃដំបូងគឺមុខវិជ្ជាប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ដែលមុខវិជ្ជានេះរូបគេធ្វើសំណេររួចបានច្រើន។ បេក្ខជនរូបនេះថា៖ «ស្ថានភាពនៅក្នុងបន្ទប់ប្រឡងមិនមានសិស្សមានបញ្ហាអ្វីទេ។ មុខវិជ្ជាប្រវត្តិវិទ្យាខ្ញុំសរសេរបានច្រើនដោយសំណួរលើវិញ្ញាសានេះ សួរទាក់ទងនឹងការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុល ពត និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ»។
យុវជន ១ រូបទៀត ឈ្មោះ ផា បញ្ញាស័ក្ត បេក្ខជនសិស្សថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងនៅមណ្ឌលប្រឡងអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ក្នុងក្រុងតាខ្មៅ បានឱ្យដឹងថា រូបគេពេញចិត្ដលើវិញ្ញាសាប្រឡងនាព្រឹកថ្ងៃដំបូងនេះ ដោយដំណើរការ ប្រឡងលើមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។
បេក្ខជនរូបនេះថា៖ «សម្រាប់ការប្រឡងមានភាពពិបាកផង និងងាយស្រួលផងសិស្សអាចមានសមត្ថភាពរៀងៗខ្លួន។ ចំពោះមុខវិជ្ជាប្រវត្តិវិទ្យា គ្រប់សំណួរទាំងអស់គឺសុទ្ធតែ ១៥ ពិន្ទុទាំងអស់ មិនថាសំណួរទី ១ ឬសំណួរទី ៥ គឺ ១៥ ពិន្ទុស្មើគ្នា»៕