
ប្រជាពលរដ្ឋចូលរួមសកម្មភាពអប់រំលើបញ្ហាលូ ទឹកកខ្វក់ និងអនាម័យ។ រូបថត MPWT
ព្រះសីហនុៈ មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) បានអប់រំប្រជាពលរដ្ឋជាង ៣០០ គ្រួសារនៅក្នុងខេត្តនេះ ឱ្យយល់ដឹងពីការចូលរួមថែរក្សា បណ្ដាញលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ សុខុមាលភាព មានអនាម័យស្អាត និងសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ២៥ ខែធ្នូ ថា៖ «តាមរយៈកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការយល់ដឹងជាសាធារណៈអំពីបណ្តាញលូ និងទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុនាពេលនេះ ជាមធ្យោបាយមួយដ៏ល្អក្នុងការជំរុញឱ្យមានការចូលរួមខ្ពស់ពីសំណាក់ប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួចប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព»។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ បានលើកឡើងថា សកម្មភាពផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋបែបនេះធ្វើឡើងក្រោយពីបញ្ហាទឹកកខ្វក់ដែលបង្កពីសកម្មភាពផ្សេងៗបានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ និងសហគមន៍ដែលបង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភណភាព ជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ ខណៈពេលដែលសង្គមជាតិមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច រយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ និងសម្ទុះនៃការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។
លោកបានបន្តថា ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ជាចម្បង ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន ពិសេសបណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ស្ថានីយប្រព្រឹតិ្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ ត្រូវបានសាងសង់ និងកំពុងសាងសង់នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងព្រះសីហនុផងដែរ។
លោកថ្លែងថា ដើម្បីឱ្យសមិទ្ធផលអាចប្រើប្រាស់បានយូរអង្វែង សូមឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាត មានសោភណភាព អនាម័យស្អាត បរិស្ថានល្អ និងគួរឱ្យចង់រស់នៅ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយ:ការលើកកម្ពស់អនាម័យស្អាត និងសុខភាពសាធារណៈ ធ្វើឱ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោក វង្ស ពិសិដ្ឋ ថ្លែងថា៖ «ការចូលរួមផ្តើមចេញពីយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ដើម្បីផ្ទះយើងស្អាត ភូមិយើងស្អាត សង្កាត់យើងស្អាត ទីក្រុងយើងស្អាត និងសុខភាពយើងល្អ គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីថែរក្សាបណ្តាញលូ និងគាំទ្រប្រតិបត្តិការសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងប្រទេស»។
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូនេះជាលក្ខណៈផ្ទៃក្នុង ក្រោមកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ខណៈច្បាប់នេះអាចនឹងចូលរួមដោះស្រាយបញ្ហាទឹកកខ្វក់ និងប្រព័ន្ធលូ ដែលកំពុងក្លាយជាហានិភ័យ និងបង្កភាពស្មុគស្មាញដល់សុខភាពសាធារណៈក្នុងពេលអនាគត។ នេះបើតាមការអះអាងរបស់ក្រសួងនាពេលកន្លងមក។
លោក នាម កូពី អ្នកជំនាញផ្នែកបរិស្ថានបានលើកឡើងថា ជាក់ស្តែងបញ្ហាអ្វីក៏ដោយបើទោះជាមានច្បាប់ ឬមិនមានច្បាប់ហើយក៏ត្រូវការការអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ។
លោក កូពី បានអះអាងយ៉ាងដូច្នេះថា បញ្ហាទាំងនេះគឺពិតជាត្រូវការការចូលរួមពីប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឱ្យការថែរក្សាបណ្តាញលូ និងការគាំទ្រប្រតិបត្តិការសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់មានដំណើរការល្អ។
លោកបានបញ្ជាក់ថា៖ «អ្វីក៏ដោយក៏ត្រូវចាប់ផ្តើមពីការអប់រំដែរក្នុងនាមក្រសួងបើទោះជាគាត់ ធ្វើច្បាប់យ៉ាងម៉េចក៏ដោយ ក៏ត្រូវការអប់រំប្រជាពលរដ្ឋជាជំហានដំបូង។ នៅពេលពួកគាត់មានការយល់ដឹងបានច្បាស់ មានប្រសិទ្ធភាព ព្រោះបើប្រជាពលរដ្ឋមិនមានការយល់ដឹងទេនោះ ច្បាប់ក៏មិនមានប្រសិទ្ធភាពដែរ»។
ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីបញ្ហាបណ្តាញលូ និងទឹកកខ្វក់នេះ លោក កូពី ជំរុញឱ្យស្ថាប័នពាក់ព័ន្ធមិនថាតែក្រសួងសាធារណការនោះទេ គឺត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ អំពីចំណេះដឹងនិងចូលរួមថែរក្សាបណ្តាញលូ និងការគាំទ្រប្រតិបត្តិការសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ទាំងអស់គ្នា៕