ឧត្តរមានជ័យៈ ពលរដ្ឋ ១ គ្រួសារបានស្ម័គ្រចិត្តប្រគល់ដីចំនួន ១៦ ហិកតាស្ថិតនៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យជូនរដ្ឋវិញ ដើម្បីបញ្ចៀសពីវិធានការច្បាប់ ខណៈមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអះអាងថា អ្នកពាក់ព័ន្ធផ្សេងទៀតដែលមិនចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់កាន់កាប់អាស្រ័យផលលើដីរដ្ឋត្រូវបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់។
លោក អ៊ឹង សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានឱ្យដឹងនៅថ្ងៃទី ២៦ ខែធ្នូថា ពលរដ្ឋ ១ គ្រួសារ ដែលទន្ទ្រានចូលដាំដុះអាស្រ័យផលលើដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើពង្រចុងកាល់បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៦ ហិកតាពីថ្ងៃទី ២៣ ខែធ្នូ ដើម្បីកុំឱ្យពាក់ព័ន្ធនឹងផ្លូវច្បាប់។
លោកបានបន្តថា កន្លងមកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានណែនាំ និងស្នើសុំដល់អ្នកពាក់ព័ន្ធលើដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើពង្រចុងកាល់នេះឱ្យដកខ្លួនចេញ ប៉ុន្តែមានអ្នកមួយចំនួននៅរឹងរូសមិនទាន់យល់ព្រមបញ្ឈប់ឡើយ ដោយសារតែពួកគាត់ចាញ់បោកគេទៅទិញដីនៅទីនោះ។
លោកថា ចំពោះអ្នកពាក់ព័ន្ធទាំងនោះ មន្ត្រីជំនាញបានបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែបើពលរដ្ឋស្ម័គ្រចិត្តធ្វើកិច្ចសន្យាឈប់ប្រើប្រាស់ដីរដ្ឋនោះ មន្ត្រីជំនាញអាចស្នើសុំដកឈ្មោះចេញវិញដើម្បីកុំឱ្យមានជាប់ក្នុងចំណាត់ការណាមួយ។ លោកថា៖ «យើងមានចំណាត់ការហើយ គឺយើងអត់មានត្រូវផ្សព្វផ្សាយអីទៀតទេ ប៉ុន្តែបើគាត់ភ្ញាក់រឭកមកធ្វើដូចពលរដ្ឋចូលខ្លួនកាលពីថ្ងៃមុនគឺយើងអាចនឹងស្នើសុំទៅថ្នាក់ដឹកនាំ ដើម្បីស្នើសុំដកឈ្មោះពួកគាត់ចេញពីចំណាត់ការផ្សេង»។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកទំនាក់ទំនងទៅពលរដ្ឋដែលប្រគល់ដីជូនរដ្ឋវិញនោះទេនៅថ្ងៃទី ២៦ ខែធ្នូ ប៉ុន្តែបើតាមកិច្ចសន្យារបស់ពលរដ្ឋឈ្មោះ រស់ ប៊ុនថង និងប្រព័ន្ធឈ្មោះ ហាំ ពឿត រស់នៅភូមិ បន្ទាយថ្មី ឃុំ-ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានចូលទៅអាស្រ័យផលលើដីកម្មសិទ្ធិរបស់រដ្ឋ ដោយសារតែចាញ់បោកក្រុមជនខិលខូចដោយទិញលក់តែគ្នាឯងខាតបង់ពេលវេលា និងទ្រព្យសម្បត្តិជាច្រើន។
ក្នុងកិច្ចសន្យាពលរដ្ឋសរសេរថា៖ «រូបខ្ញុំនិងក្រុមគ្រួសារបានចាញ់បោកក្រុមជនឱកាសនិយមអស់ទាំងលុយកាក់រាប់ពាន់ដុល្លារ រហូតខ្លួនខ្ញុំមានជាប់ពាក់ព័ន្ធនឹងវិធានការផ្លូវច្បាប់ទៀតផង ដូច្នេះហើយខ្ញុំ និងក្រុមគ្រួសារបានស្ម័គ្រចិត្តចូលខ្លួនប្រគល់ដីជូនរដ្ឋវិញនៅចំពោះមុខអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅទីតាំងកន្លែងដីរបស់រដ្ឋតែម្តង ដើម្បីសុំរួចតែខ្លួនពីវិធានការច្បាប់»។
លោក ប៉ាន់ ឃាន់ មេឃុំពង្រ ថ្លែងនៅថ្ងៃទី ២៦ ខែធ្នូថា ពិតជាមានពលរដ្ឋទៅចាប់ដីដើម្បីដាំដំណាំអាស្រ័យផលលើដីរដ្ឋនៅចំណុចនោះប្រាកដមែន។
កន្លងមកអាជ្ញាធរឃុំក៏បានចុះទៅប្រាប់និងណែនាំដល់ពលរដ្ឋផងដែរ ប៉ុន្តែពលរដ្ឋបានអះអាងប្រាប់អាជ្ញាធរឃុំវិញថា គ្រាន់តែអាស្រ័យផលប៉ុណ្ណោះ និងមិនធ្វើឱ្យមានបញ្ហាលើទីតាំងដីនោះទេ បើរដ្ឋត្រូវការពេលណានឹងប្រគល់ជូនវិញមិនខាន។
លោកថ្លែងថា៖ «ពលរដ្ឋក្នុងឃុំពង្រមិនបានទិញដូរទេ គាត់ចាប់អាស្រ័យផល ហើយពេលពួកខ្ញុំហាមឃាត់ គាត់ថា បើរដ្ឋយកវិញក៏យកទៅឱ្យតែបានអាស្រ័យផលរយៈពេល ២ ឬ ៣ ឆ្នាំ អ៊ីចឹងខ្ញុំមិនដឹងធ្វើម៉េច»។
លោក មេឃុំពង្រ បានប្រាប់ថា មានពលរដ្ឋប្រមាណជាង ៦០ គ្រួសារ បានចូលទៅអាស្រ័យផលនៅទីតាំងដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើពង្រចុងកាល់ បើគិតជាផ្ទៃដីមានប្រមាណជាង ១០០ ហិកតា ដោយក្នុងនោះគ្រួសារខ្លះអាស្រ័យផល ៥ ហិកតា និងខ្លះទៀត ១០ ហិកតាតាមលទ្ធភាពដែលពួកគាត់អាចធ្វើទៅបាន។ លោកថា ពលរដ្ឋខ្លះបានអាស្រ័យផលរយៈពេល ២ ឆ្នាំ និងខ្លះទៀតបានប្រមាណ ៣ ឆ្នាំនៅលើទីតាំងនោះ។
លោក មេឃុំពង្រ បានឱ្យដឹងដែរថា ក្រៅពីពលរដ្ឋក្នុងឃុំពង្រចូលទៅអាស្រ័យផលនៅទីនោះក៏មានពលរដ្ឋមួយចំនួនផ្សេងទៀតចូលទៅអាស្រ័យផលផងដែរ។ មានពលរដ្ឋខ្លះបានទិញលក់តែគ្នាឯងលើដីនោះ ហើយអាជ្ញាធរមិនដែលបានទទួលស្គាល់ឡើយ៕
វីដេអូ៖