
លោក ស៊ុន ចាន់ថុល និងនិស្សិត ក្នុងវិទ្យាស្ថានតេជោសាធារណការ។ រូបថត សហការី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបង្ហាញនូវឆន្ទៈនយោបាយ ដោយចង់ឃើញនិស្សិតជំនាន់ក្រោយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង ប្រទេសជាតិមាតុភូមិ ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ខណៈអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅមានកម្រិត។ លោកថ្លែងដូច្នេះនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី ២ ជំនាន់ទី ១ កាលពីថ្ងៃទី ២១ ខែធ្នូ។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និង ដឹកជញ្ជូន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែធ្នូថា អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅមានកម្រិតនៅឡើយ ដែលអាចបណ្តាលមកពីកត្តាជាច្រើន មានការលូតលាស់រីកចម្រើនរបស់ប្រទេសក្នុងល្បឿនដ៏លឿន ទន្ទឹមនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅមានកម្រិត មិនអាចផ្គត់ផ្គង់ទីផ្សារការងារបាន។
លោកថ្លែងថា៖ «ដោយការរីកចម្រើនយ៉ាងខ្លាំងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាធារណ: ដែលទាមទារឱ្យមានអ្នកជំនាញយ៉ាងច្រើន និងគ្រប់ផ្នែក ទើបអាចទ្រទ្រង់នូវការរីកចម្រើននេះបាន។ តែជាក់ស្តែង យើងនៅមានការខ្វះខាតអ្នកជំនាញយ៉ាងច្រើន ទាំងអ្នកជំនាញកម្រិតខ្ពស់ អ្នកជំនាញកម្រិតមធ្យម និងកម្មករជំនាញ»។
លោកបានបន្តថា៖ «មួយទៀត ប្រទេសយើងទើបតែឆ្លងផុតពីសង្គ្រាម តែក្នុងរយ:ពេលប្រមាណ ២០ ឆ្នាំចុងក្រោយ ដែលការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង គឺថាយើងបាចសាចទៅគ្រប់កន្លែង គ្រប់វិស័យទាំងអស់ ដើម្បីធ្វើយ៉ាងណាទ្រទ្រង់គ្រប់ចរន្តទាំងអស់នៃសង្គមឱ្យមានដំណើរទៅមុខសិន ហើយស្ថាប័នបណ្តុះបណ្តាលធនធានមនុស្សភាគច្រើនមិនទាន់បានផ្តល់អាទិភាព ស៊ីជម្រៅលើជំនាញ និងតម្រូវការទីផ្សារជាក់ស្តែងនៅឡើយជាដើម»។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឱ្យក្លាយជាវិស្វករ អាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិកម្ពុជា ដូនតាដែលបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតមានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះមនុស្សជំនាន់ក្រោយគួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង។
លោក ហឿន សំនៀង បានលើកឡើងថា វិទ្យាស្ថានមិនអាចដោះស្រាយបញ្ហាទាំងអស់ក្នុងពេលដ៏ខ្លីបានទេ ដូច្នេះវិទ្យាស្ថានតេជោសែន បានដាក់ផែនការជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាទាំងនោះជាជំហានៗ។
លោកបានបន្តថា៖ «វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនមានការប្ដេជ្ញាចិត្ដខ្ពស់បំផុត ក្នុងការកសាងធនធានមនុស្ស ប្រកបដោយជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ»។
លោក សំនៀង ថ្លែងថា និស្សិតនៅវិទ្យាស្ថានមានឱកាសចុះអនុវត្តចំណេះជាក់ស្តែងតាមការដ្ឋាននានា ដែលកំពុងសាងសង់ផ្លូវថ្នល់ ដោយក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន និងចុះហ្វឹកហាត់ការងារនៅតាមបណ្តាក្រុមហ៊ុន ឬ អង្គភាពក្រោមឱវាទក្រសួង ដែលកំពុងសាងសង់ផ្លូវថ្នល់ និងគម្រោងនានា។ លោក ស៊ុន ចាន់ថុល បានប្តេជ្ញាត្រៀមនាំយកនិស្សិតរបស់វិទ្យាស្ថានទៅកាន់ការដ្ឋានសាងសង់នានាដូចជា៖ ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀត រួមមាន គម្រោងសាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពី ២ គន្លង ទៅ ៤ គន្លង គម្រោងពង្រឹងគុណភាពផ្លូវជាតិលេខ ៣១ ៣៣ និង ៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មីផងដែរទោះបីគម្រោងនេះ មិនស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដោយ ដើម្បីស្វែងយល់ពីបទពិសោធ និងការអនុវត្តជាក់ស្តែងលើការងារសាធារណការ។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនបានសម្ពោធ និងបើកទទួលនិស្សិតជំនាន់ទី ១ ចំនួន ១៩១ នាក់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១។ វិទ្យាស្ថាននេះជាថ្នាលបណ្តុះបណ្តាលជំនាញចំនួន ៦ គឺជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភ័ស្ដុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។
កញ្ញា ស៊ុន ផាន់នី និស្សិតម្នាក់ក្នុងសាលានេះបានលើកឡើងថា កញ្ញាសង្កេតឃើញថា វិទ្យាស្ថាននេះជាបណ្តុំធនធាននិស្សិតពីគ្រប់ខេត្តក្រុងដែលធ្វើឱ្យការសិក្សាមានការប្រកួតប្រជែងខ្ពស់៕
រ៉ូ គីមឡុង