ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញទិន្នន័យនៃលទ្ធផលការងារបង្ក្រាបបទល្មើសជលផល និងបទល្មើសព្រៃឈើ និងសត្វព្រៃនៅទូទាំងប្រទេស សម្រាប់ឆ្នាំ ២០២១ សរុបជាង ៤ ០០០ ករណី ដោយមានជនសង្ស័យសរុបជិត ២០០ នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់បទល្មើសជលផល ដែលប្រមូលបានពីរាជធានី-ខេត្តនៅទូទាំងប្រទេស សម្រាប់ឆ្នាំ ២០២១ នេះមានចំនួន ២ ៩៩៨ ករណី ត្រូវបានបង្ក្រាប ដោយចាប់រឹបអូសវត្ថុតាង រួមមាន របាំងស្បៃមុង និងសាច់អួនសរុបជាង ១ លានម៉ែត្រ អួនអូស និងអួនហ៊ុម សរុប ១៨ វង់ ឧបករណ៍ឆក់ចំនួន ១៨៣ គ្រឿង និងបានដោះលែងត្រីចម្រុះប្រភេទចូលទៅក្នុងទន្លេ បឹង ស្ទឹង ព្រែកវិញសរុប ៣៨,៥៧២ តោន។
លោកបានបញ្ជាក់ថា៖ «ទន្ទឹមនឹងនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចំនួន ១៨៥ ករណី បញ្ជូនទៅតុលាការដោយមានជនសង្ស័យសរុបចំនួន ១០៣ នាក់ និងបានធ្វើការផាកពិន័យអន្តរកាលចំនួន ៧៦ ករណី គិតជាទឹកប្រាក់សរុបចំនួនជាង ២៨៨ លានរៀល សម្រាប់ដាក់ចូលជាថវិការដ្ឋ»។
បើតាមលោក វុឌ្ឍី សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏បានចុះបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃនៅទូទាំងប្រទេសសរុបបានចំនួន ១ ៤៦២ ករណីដោយបានចាប់ឃាត់ខ្លួន ជនប្រព្រឹត្តបទល្មើសសរុប ៧០ នាក់ និងរឹបអូសបានវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានឈើមូល និងជ្រុងសរុបចំនួន ១៩៤ ម៉ែត្រគុប ឈើអារចំនួន ២ ៩១៣ ម៉ែត្រគុប ឈើគ្រាក់គ្រញូងចំនួន ៣ ម៉ែត្រគុប កូនឈើចម្រុះ ៩ ៣៧២ ដើម ដងចប ៥០០ ដើម ធ្យូង ៦៥ ៧៥៨ គីឡូក្រាម និងរឹបអូសបានមកវិញនូវផ្ទៃដីដែលត្រូវបានកាប់រានដោយខុសច្បាប់សរុបជាង ៣ ៦៤៦ ហិកតា និងចាប់ដកហូតសត្វព្រៃរស់ចម្រុះប្រភេទចំនួន ៤ ៣៦៥ ក្បាល និងសាច់សត្វព្រៃចម្រុះប្រភេទសរុប ១ ២៥៩ គីឡូក្រាម ព្រមទាំងដកហូតភ្លុកដំរីឆ្លាក់ រួច ២៣ ដុំ ស្មើនឹង ១,៧ គីឡូក្រាម និងភ្លុកដំរីមិនទាន់ឆ្លាក់ ៨៦ ដុំ ស្មើនឹង ២,៥ គីឡូក្រាម។
ក្រៅពីនេះ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏បានរឹបអូសវត្ថុតាង ដែលបម្រើឱ្យមធ្យោបាយនៃបទល្មើសមួយចំនួនធំផងដែរ រួមមាន រថយន្តចម្រុះប្រភេទចំនួន ៥១១ គ្រឿង និងគ្រឿងចក្រ ដូចជា (ត្រាក់ទ័រ អេស្កាវ៉ាទ័រ ប៊ុលដូស័រ គោយន្ត) សរុបចំនួន ៣០៨ គ្រឿង ម៉ូតូចំនួន ១៦៨ គ្រឿង ទូក ១៣ គ្រឿង កាណូត ៣០ គ្រឿង និងរណារយន្ត ១៦ គ្រឿង និងសម្ភារបម្រើឱ្យរោងម៉ាស៊ីនកែច្នៃឈើខុសច្បាប់មួយចំនួនទៀត។ លោកថ្លែងថា៖ «ក្នុងចំណោមបទល្មើសព្រៃឈើ និងសត្វព្រៃទាំង ១ ៤៦២ ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៨៧៧ ករណី និង ៥៨៥ ករណីទៀតបានធ្វើការណែនាំ និងផាកពិន័យអន្តរកាលទៅតាមច្បាប់ស្ដីពីព្រៃឈើ»។ ទោះយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ រដ្ឋបាលព្រៃឈើនៅមិនទាន់បង្ហាញអំពីទំហំថវិកា ដែលបានមកពីការផាកពិន័យអន្តរកាលនៅឡើយទេ។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោក សួន សុវណ្ណ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើ មិនអាចទាក់ទងស្នើសុំការអធិប្បាយបានទេកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១៕