ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា សិក្សាឱ្យបានហ្មត់ចត់ លើការបង្កើតជាមជ្ឈមណ្ឌលអប់រំមួយ ដែលមជ្ឈមណ្ឌលនេះប្រៀបដូចជាច្រកចេញចូលតែមួយ ហើយក្រោយសិស្សរៀនពីថ្នាក់មត្តេយ្យរហូតដល់បញ្ចប់ការសិក្សាអាចរកការងារធ្វើបាន។
លោក ស ខេង បានស្នើឡើងបែបនេះក្នុងពេលលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបងកាលពីថ្ងៃទី ២៩ ធ្នូ។
លោកថ្លែងថា៖ «ខ្ញុំក៏ស្នើឱ្យក្រសួងអប់រំ សិក្សាដើម្បីបង្កើតជាមជ្ឈមណ្ឌលអប់រំមួយ។ មិនមែនធ្វើថ្មីទេ...បន្ថែមនៅកន្លែងមួយដែលបច្ចុប្បន្ននេះ មានអនុវិទ្យាល័យ មានវិទ្យាល័យ មានសាកលវិទ្យាល័យ មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ៊ីចឹង វានៅខ្វះតែបឋមសិក្សា ខ្វះមត្តេយ្យឬមួយក៏ខ្វះអ្វីទៀត យើងដាក់បំពេញទៅ តាមការជាក់ស្ដែងនៅកន្លែងនោះ»។
លោកបន្តថា៖ «ចង់និយាយថា តាំងពីមត្តេយ្យ រហូតដល់ចេញអាចរកការងារបានធ្វើនោះ គឺដូចច្រកចេញ-ចូលតែមួយអ៊ីចឹង។ ចូលកន្លែងហ្នឹងចេញពីកន្លែងហ្នឹង ទៅរកការងារធ្វើបាន ហើយគួរតែសិក្សាមើលថា តើប្រទេសណាគេបានធ្វើរបៀបហ្នឹង ដើម្បីយើងដកពិសោធរៀនសូត្រពីគេ»។
ដូច្នេះ គឺត្រូវគិតរៀបចំមជ្ឈមណ្ឌលនេះ ប៉ុន្ដែសូមឱ្យក្រសួងអប់រំ សិក្សាអំពីរបៀបរៀបចំមជ្ឈមណ្ឌលយ៉ាងណា ដោយមានទស្សនទានបែបម៉េចខ្លះ ហើយប្រមើលមើលអំពីចំណុចវិជ្ជមាន អវិជ្ជមានដោយត្រូវធ្វើការសិក្សាគ្រប់ទិដ្ឋភាព។
លោក ស ខេង បន្តថា ជារួមវិស័យអប់រំទាំងមូល នៅក្នុងប្រទេសកម្ពុជា គឺកាន់តែមានភាពលេចធ្លោ និងរីកចម្រើនឡើងជាលំដាប់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅសេសសល់អ្នកចេះដឹងតិចតួចប៉ុណ្ណោះ ដែលទាមទារឱ្យត្រូវតែខិតខំ កៀរគរអ្នកទាំងនោះ ដើម្បីរៀបចំប្រព័ន្ធអប់រំឡើងវិញ ដោយផ្ដើមចេញពីពាក្យស្លោកថា «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកអត់ចេះ»។
លោកថា កាលឆ្នាំ ១៩៧៩ របបប្រល័យពូជសាសន៍បានសម្លាប់អ្នកចេះដឹង គ្រូបង្រៀន និស្សិតបញ្ញវន្តដែលត្រូវបានសង្គមបណ្ដុះបណ្ដាលមក គឺត្រូវបានសម្លាប់អស់។ ចំណែកអ្នកសេសសល់ គឺត្រូវបានប្រមូលមក ដើម្បីធ្វើជាដើមទុនក្នុងការអភិវឌ្ឍធនធានមនុស្សឡើងវិញ។ ក្នុងនោះអ្នកចេះដឹងមួយផ្នែក បានចូលក្នុងវិស័យអប់រំ មួយផ្នែកចូលក្នុងវិស័យផ្សេងៗទៀត ដូចជាមន្ដ្រីរដ្ឋការ ក្នុងពេលនោះជាដើម។
លោក ស ខេង បានបញ្ជាក់ថា៖ «ឥឡូវនេះយើងមានមន្ដ្រីអប់រំ គ្រូបង្រៀនដែលមានសញ្ញាបត្រខ្ពស់ប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈជាច្រើនម៉ឺននាក់ កំពុងបម្រើការ ផ្ដល់សេវាអប់រំ គ្រប់កម្រិត ជូនសង្គមជាតិ និងប្រជាជនយើង»។
ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលអប់រំនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សូមអនុញ្ញាតជម្រាបជូនមហាជន នូវខ្លឹមសារលម្អិតនាពេលក្រោយ បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួង សហការសិក្សាបន្ថែមលើករណីនេះ»៕