ភ្នំពេញៈ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នឹងស្នើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រីនៅត្រឹមអាយុ ៧២ ឆ្នាំ នៅពេលដែលលោកនឹងចាកចេញពីនាយករដ្ឋមន្ត្រី ខណៈលោកប្រកាសថា នៅឆ្នាំ ២០៤០ លោកនឹងក្លាយជាជីតានាយករដ្ឋមន្ត្រី។
លោកបានថ្លែងថា៖ «ប្រកាសទុកឱ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រីខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី។ ខ្ញុំនឹងធ្វើជូន។ ឥឡូវអ្នកឯងចង់បានអាយុប៉ុន្មាន? ប្រាប់មកមួយសាទៀត។ ថ្ងៃមុន ខ្ញុំឃើញគេបង្ហោះ គេថា ច្បាប់សញ្ជាតិតែ ១ សម្រាប់គ្រប់គ្រងស្ថាប័ន ៤ មិនសំខាន់ សំខាន់អាណត្តិនាយករដ្ឋមន្ត្រីនិងអាយុ [នាយករដ្ឋមន្ត្រី]»។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី ២៩ ធ្នូ។
លោកបន្តថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បាននោះទេ ព្រោះការបោះឆ្នោតគឺធ្វើឡើងដើម្បីជ្រើសសមាជិករដ្ឋសភា តែមិនមែនបោះឆ្នោតផ្ទាល់ជ្រើសរើសប្រធានាធិបតីនោះទេ ហើយបន្ទាប់មកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
ការប្រកាសរបស់លោកបែបនេះ គឺទំនងជាឆ្លើយតបទៅនឹងសាររបស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដែលថ្មីៗនេះ បានស្នើឱ្យមានការធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រីត្រឹមអាយុ ៧០ ឆ្នាំ។ ការថ្លែងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានស្នើច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ហ៊ុន សែន ថ្លែងថា៖ «កាលនោះ គេ [លោក សម រង្ស៊ី] ថា កំណត់អាយុនាយករដ្ឋមន្ត្រី។ OK... បោះឆ្នោតផ្តល់ការទុកចិត្តឱ្យរដ្ឋាភិបាលថ្មីហើយ ចេញមកយើងជាសមាជិកសភាគិតថា បបួលគ្នាប៉ុន្មាននាក់យើង ពេលដែលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា ហើយយើងផ្តួចផ្តើមគំនិតស្នើសុំធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី។ ដាក់យកត្រឹម ៧០ ទៅបាន! ព្រោះបើជិតឆ្នាំ ២០២៣ បើសិនជាខ្ញុំចាកចេញ ឧទាហរណ៍ ខ្ញុំទើប ៧១ [ឆ្នាំ] អ៊ីចឹងលើសបន្តិច។ អត់អី ឥឡូវបើចង់ដាក់ ៧២ [ឆ្នាំ] ឧទាហរណ៍អ៊ីចឹង។ អ៊ីចឹង យើងចូលនិវត្តន៍មុន ១ ឆ្នាំទៅទៀត ពីនាយករដ្ឋមន្ត្រី»។
កាលពីថ្ងៃទី ២៤ ធ្នូ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលជាសមាជិកអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជាត្រូវបានអង្គសន្និបាតគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងគណបក្សនេះសម្រាប់បន្តវេននាពេលអនាគត។
លោក ហ៊ុន សែន ថ្លែងថា៖ «រឿងនរណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណាគឺជារឿងបក្សរបស់គេ ហើយរឿងគេដាក់នរណា អាហ្នឹងរឿងបក្សរបស់គេតើ! អ្នកឯងដាក់ [បេក្ខជននាយករដ្ឋមន្ត្រី]មក។ ខ្ញុំអបអរសាទរ នឹងការបញ្ចេញយុវជនជំនាន់ក្រោយដើម្បីបន្តវេន។ ឱ្យចេញមក។ ចេញមកឱ្យអស់មក។ ឬអ្នកឯងគ្មានធនធានមនុស្សបន្ត។ ខ្ញុំសូមបញ្ជាក់ណា ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រី។ ក្រោយឆ្នាំ ២០២៣ ខ្ញុំនៅជាឪនាយករដ្ឋមន្ត្រី ដល់ ២០៤០ ខ្ញុំនឹងក្លាយទៅជាជីតានាយករដ្ឋមន្ត្រី ចាំមើលមើល»។
លោកបានថ្លែងទៀតថា លោកបានប្រាប់ចៅរបស់លោក ត្រូវប្រជែងយកតំណែងនាយករដ្ឋមន្ត្រីក្នុងរយៈពេល ២០ ឆ្នាំទៀត និងត្រូវរៀនយកសញ្ញាបត្រ បណ្ឌិតឱ្យបាន ហើយបើមិនបានសញ្ញាបត្របណ្ឌិត គឺមិនអនុញ្ញាតឱ្យត្រឡប់មកស្រុកកំណើតវិញនោះទេ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៩ ធ្នូថា ការកំណត់អាយុអ្នកនយោបាយ ដើម្បីបើកផ្លូវសម្រាប់អ្នកនយោបាយជំនាន់ក្រោយ ហាក់ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់អ្នកជំនាន់មុន។ ប៉ុន្តែ បើការធ្វើទាំងឡាយណា ដើម្បីជាការលេងល្បែងនយោបាយបុគ្គល វាហាក់មិនបានឆ្លុះបញ្ចាំងពីវប្បធម៌នយោបាយស៊ីវិល័យ។
លោកថ្លែងថា៖ «ប្រសិនបើការកំណត់អាយុនាយករដ្ឋមន្ត្រីដោយឆ្លើយតបការលើកឡើងរបស់ដៃគូប្រជែងនយោបាយ ដូចដែលសំណួរបានចោទឡើងមែន វាហាក់ឆ្លុះបញ្ចាំងនយោបាយឈ្នះ-ចាញ់ (zero-sum game) សម្រាប់ការយកការចាញ់ឈ្នះនយោបាយដោយសុខចិត្តយកឈ្នះចិត្ត វាហាក់ហួសសម័យ នៅក្នុងវប្បធម៌នយោបាយទំនើប»។
លោក វណ្ណៈ មានប្រសាសន៍ថា៖ «ប៉ុន្តែយ៉ាងណា ខ្ញុំគិតថា លោកនាយករដ្ឋមន្ត្រី ជាអ្នកនយោបាយចាស់វស្សា មានបទពិសោធគ្រប់គ្រាន់ក្នុងនយោបាយអំណាចនៅកម្ពុជា នឹងគិតគូរពីប្រយោជន៍សាធារណៈជាជាងប្រយោជន៍បុគ្គល និងបក្ខពួក»៕