ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នឹងរៀបចំឱ្យមានយន្តការជាក់លាក់ ជាមួយអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួង សមត្ថកិច្ច ដែលផ្ដល់អាជ្ញាប័ណ្ណ ដើម្បីពិនិត្យតាមដានការនាំសារធាតុគីមីពីក្រៅប្រទេសចូលមកកម្ពុជា ខណៈក្នុងខែធ្នូនេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង ២ ៣០០ គីឡូក្រាម។
លោក ស ខេង បានថ្លែងបែបនេះក្នុងពេលធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ ថា បញ្ហាគ្រឿងញៀន គឺជាជំងឺរ៉ាំរ៉ៃរបស់សង្គមកម្ពុជា ទៅថ្ងៃមុខទៀត បើសិនមិននាំគ្នាប្រឹងប្រែង ដើម្បីជួយដោះស្រាយបញ្ហានេះទាំងអស់គ្នា។
លោកថ្លែងថា៖ «ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ យើងនឹងរៀបចំឱ្យមានយន្តការជាក់លាក់។ យោបល់ខ្ញុំទេ ជាមួយនឹងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលទាក់ទងជាមួយនឹងក្រសួង សមត្ថកិច្ចដែលផ្ដល់អាជ្ញាប័ណ្ណ ដើម្បីមានលទ្ធភាព ក្នុងការតាមដាន ពិនិត្យ ពីដើមដល់ចុង ក្នុងការនាំសារធាតុគីមីពីក្រៅចូលមកធ្វើអីខ្លះ ចេញជាលទ្ធផលយ៉ាងម៉េចខ្លះ ក្នុងន័យដើម្បីទប់ស្កាត់កុំឱ្យមានការផលិតគ្រឿងញៀននៅកម្ពុជារបស់យើងនេះ»។
លោក ស ខេង បានឱ្យដឹងថា ក្នុងរយៈពេល ១ ខែធ្នូនេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនប្រមាណជាង ២ ៣០០ គីឡូក្រាម ក្នុងប្រតិបត្ដិការបង្ក្រាបចំនួន ២ លើក។ ក្នុងនោះ ១ លើកនៅខេត្ដកំពង់ស្ពឺ ស្រុកឱរ៉ាល់ ដែលមានក្រុមហ៊ុនមួយបានទទួលអាជ្ញាប័ណ្ណ ពីក្រសួង និងសមត្ថកិច្ច ដើម្បីនាំវត្ថុធាតុដើម សារធាតុគីមីថា យកមកធ្វើជីជាច្រើនមុខនៅទីនោះ។ ពេលក្រុមហ៊ុននាំយកសារធាតុគីមីមកដល់អត់បានធ្វើជីទេ គឺផ្សែផ្សំទៅជាសារធាតុញៀន ដែលហៅថា គ្រឿងញៀនសំយោគ ហើយគ្រឿងញៀនសំយោគនេះ អាចមានតម្លៃថ្លៃជាងអាភៀនទៅទៀត។
ចំណែកករណីទី២ សមត្ថកិច្ចទើបបង្ក្រាបបាននៅភ្នំពេញកាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងសប្ដាហ៍មុននេះជាង ៣០០ គីឡូក្រាម ក៏ជាប្រភេទគ្រឿងញៀនសំយោគដូចគ្នាដែរ។
លោកបានបញ្ជាក់ថា៖ «គ្រឿងញៀននេះ ការពិតហើយ វាយកមកចូលនៅយើងនេះ ដើម្បីនឹងផ្សំទៅជាផលិតផលសម្រេច យកចូលមកផលិតផលពាក់កណ្ដាលសម្រេច ជាសារធាតុ ជាម្សៅ ជាអីមក វាពាក់កណ្ដាលសម្រេចទេ។ ប៉ុន្ដែមកដល់យើងនេះ អាហ្នឹងប្រៀបដូចចោរលួចឡានអ៊ីចឹង យកទៅលក់ ឡានទាំងដុលមិនបានទេ ទាល់តែម្ដងបេះកង់ ៣-២ ម្ដងយកចង្កូត ម្ដងយកម៉ាស៊ីនយកតែ ៤-៥ ជើង ទៅផ្គុំគ្នាទៅបានឡាន ១ ដដែល។ នេះដូចគ្នាអ៊ីចឹង ម្ដងយកសារធាតុនេះ ម្ដងយកសារធាតុនោះ ៤-៥ សារធាតុយកមកដល់ផ្គុំគ្នាទៅជាគ្រឿងញៀន ហើយនាំចេញទៅទីផ្សារខាងក្រៅ»។
លោក ស ខេង បានលើកឡើងថា មានអ្នកឱ្យយោបល់ ជាជនបរទេសថា ការនាំចូលសារធាតុគីមីដើម្បីផលិតគ្រឿងញៀននេះ មកពីសមត្ថកិច្ចមិនពិនិត្យមើល ធ្មេចភ្នែកឱ្យឆ្លងកាត់។
លោកថ្លែងថា៖ «យើងអត់ត្រូវធ្មេចភ្នែកទេ យើងត្រូវតែអនុវត្ដច្បាប់ ពីព្រោះយើងក៏ជាសមាជិកអង្គការសហប្រជាជាតិ យើងក៏ចូលជាសមាជិកនៃអង្គការប្រឆាំងគ្រឿងញៀនអន្តរជាតិដែរ។ អ៊ីចឹងហើយ ច្បាប់អន្តរជាតិដែលទាក់ទងគ្រឿងញៀន វាក៏ជាច្បាប់របស់យើង ដែលយើងឱ្យសច្ចាប័ន ដូច្នេះត្រូវគោរពដូចច្បាប់យើងអ៊ីចឹងដែរ»។
លោកបន្តថា៖ «បើគេចាប់បានទៅ វាប៉ះពាល់ដល់កិត្ដិយស មុខមាត់ របស់កម្ពុជារបស់យើងថា កម្ពុជារបស់យើងជាអ្នកជួញដូរគ្រឿងញៀន។ តែបើវាចែកចាយនៅក្នុងស្រុក វាគ្រោះថ្នាក់អ៊ីចឹង ហើយវាមិនជាទេ តែកាលណាជក់វាហើយវាអត់ជាទេ។ វាអត់មានថ្នាំបន្សាប ថ្នាំដើម្បីព្យាបាល នេះជាគ្រោះថ្នាក់ធំណាស់»។
លោក ស ខេង ថ្លែងថា បច្ចុប្បន្ននេះ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេសកម្ពុជា មានអ្នកជាប់ឃុំទាំងអស់ជិត ៤ ម៉ឺននាក់ ក្នុងនោះ ៥១ ភាគរយ គឺជាប់ឃុំដោយសារគ្រឿងញៀន។ នេះបញ្ជាក់ឱ្យឃើញ ៥០ ភាគរយ អ្នករកស៊ីជួញដូរគ្រឿងញៀន។ ហើយក្នុង ៤៩ ភាគរយដែលនៅសល់ ក៏អាចមានអ្នកដែលជក់គ្រឿងញៀនដែរ។ នេះជាហានិភ័យមួយធំណាស់សម្រាប់សង្គមរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទេ គឺបញ្ហានេះមានតែយើងទាំង-អស់គ្នាខិតខំប្រឹងប្រែង គឺថារួមគ្នាតាមកម្មវិធីនយោបាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀននេះ និងផ្អែកតាមច្បាប់ដែលយើងមានស្រាប់ជាធរមាននេះ ដើម្បីយើងអនុវត្ដ»។
លោក អំ សំអាត នាយករងអង្គការ លីកាដូ បានលើកឡើងថា គ្រឿងញៀនជាឧបករណ៍បំផ្លាញធនធានមនុស្ស នឹងបំផ្លាញសង្គមជាតិ។ ការហូរចូល ការផលិត និងចរាចរណ៍គ្រឿងញៀន ជារឿងគួរឱ្យព្រួយបារម្ភ ដូច្នេះយន្តការជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជារឿងចាំបាច់បំផុត។
លោកថ្លែងថា៖ «ការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះអ្នកពាក់ព័ន្ធក្នុងការនាំចូល ជួញដូរ ផលិត ចរាចរណ៍ គ្រឿងញៀនដោយតម្លាភាព យុត្តិធម៌ ជារឿងសំខាន់ទោះអ្នកដែលពាក់ព័ន្ធជាអ្នកមានអំណាច និងឋានន្តរស័ក្តិប៉ុនណាក៏ត្រូវអនុវត្តច្បាប់ ដោយមិនមានការលើកលែង ឬយោគយល់»។
លោកថា ដូច្នេះការត្រួតពិនិត្យក្នុងការនាំសារធាតុគីមីពីក្រៅប្រទេសចូលកម្ពុជាត្រូវតែមានការត្រួតពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ចៀសវាងការនាំចូលសារធាតុគីមីទាំងនោះអាចផលិតជាគ្រឿងញៀនបាន។ ការទប់ស្កាត់ និងការត្រួតពិនិត្យតាមដានក៏ត្រូវមានកិច្ចសហការជាមួយប្រទេសជិតខាង ក្នុងតំបន់ឱ្យបានល្អផងដែរ៕