មណ្ឌលគិរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី នៅ​រសៀល​ថ្ងៃទី ៣០ ធ្នូ បាន​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក ទី ៦០ ឆ្នាំ នៃ​ការបង្កើត​ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅដោយ​ជនជាតិដើម​ភាគតិច​ជាច្រើន​អម្បូរ​រស់នៅ និង​សម្បូរ​ទៅដោយ​ព្រៃឈើ និង​ធនធានធម្មជាតិ។

បើតាម​រដ្ឋបាលខេត្ត​នេះ អញ្ជើញ​ជា​គណៈ​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ ឆ្នាំ (៣០ ធ្នូ ១៩៦១ ដល់ ៣០ ធ្នូ ២០២១) នៃ​ការបង្កើត​ខេត្តមណ្ឌលគិរី​នេះ មាន​លោក ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី លោក ថង សាវុន អភិបាលខេត្ត លោក ណយ ស្រូន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី ៨។

ក្នុង​ពិធី​នោះដែរ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ អភិបាលក្រុង​/​ស្រុក​ទាំង​០៥ ក្រុមយុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប ដែល​ប្រព្រឹត្តទៅ​នៅ​វិមានឯករាជ្យ សួនច្បារ​សែន​មនោរម្យ ស្ថិតនៅ​ទី​រួម​ខេត្តមណ្ឌលគិរី។

ក្នុង​ពិធី​នោះដែរ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍​សមិទ្ធផល​នានា​របស់​មន្ទីរ​អង្គភាព និង​មានការ​បញ្ចាំង​ស្លាយ និង​វីដេអូ​ឃ្លីប ស្តីពី​ការបង្កើត​ខេត្ត ឈ្មោះ​អតីត​ថ្នាក់ដឹកនាំ​ខេត្ត និង​សមិទ្ធផល​របស់​ខេត្តមណ្ឌលគិរី។

នៅក្នុង​ពិធី​នេះ ក៏មាន​ការសម្ដែង​សិល្ប​: ប្រគំ​តន្ត្រី និង​មាន​ការបាញ់​កាំជ្រួច ដើម្បី​អបអរ និង​ទស្សនា​ក្នុង​ពិធី​នេះ​ផងដែរ។

បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី ដែល​សម្បូរ​ទៅដោយ​ជនជាតិដើម​ភាគតិច​រស់នៅ បានក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ក្នុងចំណោម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដោយសារ​តែមាន​ព្រៃឈើ ទឹកជ្រោះ និង​ធម្មជាតិ​ស្រស់បំព្រង​គួរ​ជាទី​គយគន់៕