ភ្នំពេញៈ កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ទៅកាន់លេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១។ នេះបើតាមក្រសួងបរិស្ថាន។
យុទ្ធសាស្ត្រនេះ មានគោលបំណងដើម្បីផ្តល់នូវផែនទីបង្ហាញផ្លូវផ្អែកលើការវិភាគគ្រប់ជ្រុងជ្រោយ និងសេណារីយោពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំងសកម្មភាពកាត់បន្ថយអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននាពេលអនាគត។
យុទ្ធសាស្ត្រនេះរួមបញ្ចូលការវិភាគអំពីតុល្យភាពរវាងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការរីកចម្រើនសេដ្ឋកិច្ចយុត្តិធម៌សង្គម និងភាពធន់នឹងអាកាសធាតុ។
ក្រសួងបរិស្ថានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ ថា ការដាក់ជូនយុទ្ធសាស្ត្រនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ ២០២១ ។ ការរៀបចំយុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់ សម្រាប់កម្ពុជាក្នុងនាមជាប្រទេសគាំទ្រនូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញភាពជាដឹកនាំតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុ។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគីនៃអនុសញ្ញា UNFCCC ចំនួន ៤៩ ដែលបានដាក់ជូននូវយុទ្ធសាស្ត្រនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញា UNFCCC គិតត្រឹមពេលបច្ចុប្បន្ន។
ក្រសួងបានបញ្ជាក់ថា៖ «កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចទី ២ ដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដោយកំណត់គោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ប្រការនេះបញ្ជាក់អំពីសក្ខីភាពមួយថ្មីទៀតលើការប្តេជ្ញាចិត្តដ៏រឹងមាំ សង្គតិភាព និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ»។
ប្រភពដដែលបន្តថា ទោះបីកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តី តែតាមរយៈយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្ហាញឆន្ទៈ និងជំហររបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។ បើតាមក្រសួងបរិស្ថាន កម្ពុជាអាចសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០ តាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែងលើការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នដែលកើតឡើងដោយសារការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD+) និងកំណែទម្រង់វិស័យព្រៃឈើរួមមាន ការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព។
កម្ពុជាក៏អាចសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល និងការដឹកជញ្ជូន និងការលើកកម្ពស់ប្រសិទ្ធភាពថាមពលព្រមទាំងតាមរយៈការលើកកម្ពស់កសិកម្មបញ្ចេញកាបូនតិច ដំណើរការឧស្សាហកម្ម និងការគ្រប់គ្រងសំណល់។
ក្រសួងបញ្ជាក់ថា៖ «ការអនុវត្តយុទ្ធសាស្ត្រ LTS4CN នឹងរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំបន្ថែមចំនួន ២,៨ ភាគរយ នៅឆ្នាំ ២០៥០ (ស្មើនឹង ៤,២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក) ហើយអាចបង្កើតការងារបន្ថែមចំនួន ៤៤៩ ០០០ កន្លែង និងជំរុញការអនុវត្តសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍបញ្ចេញកាបូនតិច»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ទោះបីជាប្រទេសកម្ពុជាបានរួមចំណែកតិចតួចបំផុតដល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីអតីតកាលក៏ដោយ ក៏រាជរដ្ឋាភិបាលបានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមចំណែកដល់គោលដៅអាកាសធាតុពិភពលោកជាពិសេស គឺដើម្បីធានាកំណើនសីតុណ្ហភាពមិនឱ្យលើសពី ១,៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «ប្រការនេះ កត្តាសន្តិភាព ស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាអាចកសាងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងសម្របសម្រួលលើការរៀបចំឯកសារសំខាន់ៗដើម្បីបង្ហាញពីគោលជំហរចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុជាសហគមន៍អន្តរជាតិ។ ម្យ៉ាងទៀត ភាពស្របច្បាប់ ការទទួលខុសត្រូវ ម្ចាស់ការ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលបានទាក់ទាញការគាំទ្រពីដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រជាថវិកា និងបច្ចេកទេសដល់ការងារដោះស្រាយការប្រែប្រួលអាកាសធាតុរួមទាំងការរៀបចំយុទ្ធសាស្ត្រដ៏សំខាន់នេះ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជារួមនេះជាមោទនភាពមួយថ្មីទៀតរបស់កម្ពុជាលើឆាកអន្តរជាតិចំពោះការយកចិត្តទុកដាក់ដោះស្រាយការប្រែប្រួលអាកាសធាតុដែលកំពុងតែគំរាមកំហែងដល់ពិភពលោកតាមរយៈការបង្ហាញគោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ បន្ទាប់ពីកម្ពុជាបានដាក់ជូននូវរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែធ្នូឆ្នាំ ២០២០ កន្លងទៅ។
លោក នេត្រ ភក្ត្រា បន្ថែមថា យុទ្ធសាស្ត្រនេះបង្ហាញពីសក្ខីភាពមួយថ្មីទៀតលើការប្តេជ្ញាចិត្តដ៏រឹងមាំ និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ចំណុចស្នូលនៃយុទ្ធសាស្ត្រនេះមាន ៣ សំខាន់ៗក្នុងនោះមានដូចជាការគ្រប់គ្រងព្រៃ បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន និងធានាប្រសិទ្ធភាពថាមពល ក៏ដូចជាវិស័យកសិកម្ម៕