ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មុនគម្រោងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ ប្រកាសសន្យាគាំទ្រលោក ហ៊ុន សែន ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២។
ការប្រកាសសន្យារបស់ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះធ្វើឡើងក្នុងជំនួបសន្ទនាជាមួយលោក ហ៊ុន សែន តាមទូរស័ព្ទនៅថ្ងៃទី ៤ ខែមករា នៅភូមិគ្រឹះរបស់លោកក្នុងក្រុងតាខ្មៅខេត្តកណ្តាល។
ជំនួបនេះធ្វើឡើង ៣ ថ្ងៃ មុនពេលដែលលោក ហ៊ុន សែន គ្រោងធ្វើដំណើរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៧-៨ មករា ដើម្បីជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing) ដែលជាកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយនៃវិបត្តិនៅប្រទេសនេះ ដើម្បីស្តារអាស៊ានពី ៩ ប្រទេសមកអាស៊ានដែលមានសមាជិក ១០ ប្រទេសវិញ។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន បញ្ជាក់នាថ្ងៃទី ៤ មករា ថា លោក Joko Widodo បានអបអរសាទរ និងគាំទ្រចំពោះលោក ហ៊ុន សែន ដែលបានឡើងធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ នេះព្រមទាំងនឹងគាំទ្រលោកធ្វើយ៉ាងណា ឱ្យទទួលបានជោគជ័យ ក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២ នេះ។
លោក ហ៊ុន សែន អរគុណលោក Joko Widodo ដែលបានអបអរសាទរ និងប្រកាសគាំទ្រកម្ពុជាក្នុងការអនុវត្តតួនាទី ជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ និងអរគុណលោកផងដែរ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើតាមហ្វេសប៊ុកដដែល លោក ហ៊ុន សែន ក៏បានលើកសរសើរប្រទេសឥណ្ឌូនេស៊ី ដែលបានផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជាទី ១- ទស្សនៈអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ាន ដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន និងទី ២- ការរៀបចំច្រកធ្វើដំណើរ ក្នុងតំបន់អាស៊ាន ឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ ១៩ រាតត្បាត។
ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ៤ មករាបានចេញសេចក្តីប្រកាសព័ត៌មានថា ពាក់ព័ន្ធទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅ ប្រទេសមីយ៉ាន់ម៉ា លោក ហ៊ុន សែន និងលោក Joko Widodo បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសមស្របសំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិសន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៤ មករាថា ជំនួបរវាងភាគីទាំង ២ ដែលធ្វើឡើង នៅមុនគម្រោងរបស់លោក ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ានេះ គឺជាការទូតសាធារណៈ ដែលលោក ហ៊ុន សែន បានផ្តល់កិត្តិយសដល់ឥណ្ឌូនេស៊ីក្នុងការពិភាក្សាពីបញ្ហាតំបន់ដែលប្រទេសនេះ ជាតួអង្គសំខាន់ក្នុងការដើរតួនាទីសម្របសម្រួលបញ្ហាកន្លងមក។ មួយវិញទៀត លោក ហ៊ុន សែន ក៏ប្រហែលត្រូវការធាតុចូល និងការគាំទ្រពីប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីធ្វើឱ្យដំណើររបស់លោកទៅមីយ៉ាន់ម៉ាមានភាពរលូន និងជោគជ័យ។
លោកថ្លែងថា៖ «បន្ថែមពីលើនេះ លោកហាក់ចង់បង្ហាញមតិសាធារណៈថា លោកមានបំណងចូលរួមស្វែងរកដំណោះស្រាយលើបញ្ហានៅភូមាដោយមានការពិភាក្សាជាមួយប្រទេសធំមួយរបស់អាស៊ាន ដែលមានទម្ងន់ការទូតគួរសមផងដែរ នៅចំពោះមុខនៃការមិនពេញចិត្តរបស់ប្រទេសសមាជិកអាស៊ានមួយចំនួន ដែលមិនចង់ជជែកជាមួយរបបសឹកដែលធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី»។
កម្ពុជាបានក្លាយជាប្រធានអាស៊ានពេញ ១ ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១ មករា ដែលនេះជាលើកទី ៣ ហើយក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមាននិមិត្តសញ្ញាត្របកឈូកដែលជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង ១០ បានខិតខំបង្កើតឡើង។
ពណ៌ទាំង ៣ នៅលើស្រទាប់របស់វាគឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និងភាពចម្រុះនៃអាស៊ានខណៈស្មារតីស្នូលរបស់វាមានភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រកាសក្នុងទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃទី ៣ មករាថាគោលបំណងសំខាន់របស់អាស៊ានឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។
បើតាមរដ្ឋមន្ត្រីរូបនេះ អាស៊ានរំពឹងថា នឹងដាក់ចេញសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។
លោកសរសេរថា៖ «យើងបានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយការទទួលខុសត្រូវ ហើយយើងនឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត!»។
កាលពីថ្ងៃទី ៣ មករា លោក ប្រាក់ សុខុន បានថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដែលរៀបចំឡើង ដោយវិទ្យាស្ថាន ISEAS-YusofIshak តាមប្រព័ន្ធវីដេអូ។
លោកបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ៣ មករាថា៖ «កម្រងបាឋកថាទាំងអស់នេះ បានចូលរួមផ្សព្វផ្សាយពីអាស៊ានទៅសហគមន៍អ្នកសិក្សា ដែលមានអ្នកតាមដានអន្តរជាតិជាច្រើន ចាប់ពីក្រុមយុវជន ដល់វ័យចំណាស់»៕