
កញ្ញា សេង ធារី ក្នុងសម្លៀកបំពាក់អ្នកទោស នៅក្រៅតុលាការ នាថ្ងៃទី ៤ មករា។ រូប FB
ភ្នំពេញៈ កញ្ញា សេង ធារី ដែលជាអ្នកច្បាប់ និងជាអ្នកធ្វើការខាងការពារសិទ្ធិមនុស្ស នៅថ្ងៃទី ៤ មករា បានស្នើសុំលើកពេលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ទៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសំអាងទៅលើហេតុផលមិនទាន់ទទួលបានឯកសាររបស់តុលាការដែលបានចោទប្រកាន់មកលើខ្លួន។
ស្ត្រីរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្នុងបទល្មើស «រួមគំនិតក្បត់» និង «ញុះញង់ បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀត ជុំវិញគម្រោងធ្វើដំណើរចូលស្រុកខ្មែររបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា ២០១៩។
លោក ជូង ជូងី មេធាវីការពាក្តីឱ្យកញ្ញា សេង ធារី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ មករា ថា ការស្នើសុំ តុលាការលើកពេលនេះ ដោយសារមិនទាន់ទទួលបានឯកសាររបស់តុលាការដែលបានចោទប្រកាន់ ហើយលោកទើបតែទទួលការពឹងពាក់ពីកញ្ញា សេង ធារី ឱ្យការពារក្តីកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២។
លោកថា ជាមួយគ្នានេះ លោកក៏ទើបទទួលបានសំណុំឯកសារមួយផ្នែក ដែលមិនទាន់មានពេលវេលាពេញលេញ ពិនិត្យមើលទៅលើសំអាងការចោទប្រកាន់មកលើកញ្ញា សេង ធារី និងសំអាងរបស់តុលាការ ដែលបានចោទប្រកាន់គាត់ដើម្បីត្រៀមតតាំងក្តី។ ដូច្នេះកញ្ញាស្នើសុំពន្យារពេលសវនាការ ដោយត្រូវលើកពេលទៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ វិញ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា នៅថ្ងៃទី ៤ មករា កញ្ញា សេង ធារី បានចូលសវនាការតាមការណាត់របស់តុលាការ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគម ADHOC ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ មករា ថា សវនាការរបស់ កញ្ញា សេង ធារី ត្រូវបានលើកពេលជាបន្តបន្ទាប់។ កញ្ញាស្លៀកពាក់បែបសិល្បៈរហូតមកដល់ពេលកញ្ញាស្លៀកពាក់ឈុតអ្នកទោស និងមានខ្នោះជើងនេះ។ លោកថា ការចោទកញ្ញាក្នុងបទល្មើស «រួមគំនិតក្បត់» និង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីមានវិវាទនយោបាយរវាងថ្នាក់ដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង និងបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយសាលដីកាសាលាកំពូល។
លោកថា៖ «រឿងទាំងអស់នេះ វាជាសំណុំរឿងនយោបាយ អ៊ីចឹងបានជាសង្គមស៊ីវិលយើងតែងចេញសេចក្តីថ្លែងការណ៍ សូមកុំប្រើប្រាស់ប្រព័ន្ធតុលាការទៅវិនិច្ឆ័យទៅលើសំណុំរឿងនយោបាយ វាធ្វើឱ្យប៉ះពាល់ជំនឿ ឬតម្លៃពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌របស់យើង»។
កញ្ញា សេង ធារី នៅថ្ងៃទី ៤ មករា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួននៅត្រង់ចំណុចរូបសំណាកសម្តេចព្រះនរោត្តម សីហនុ នៅសួនវិមានឯករាជ្យ ខណៈកញ្ញាដើរចេញពីមុខណាហ្គាវើលដ៍ជាមួយនឹងសម្លៀកបំពាក់អ្នកជាប់ពន្ធនាគារឆ្ពោះទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែនាងត្រូវបានដោះលែងវិញ។
កញ្ញា សេង ធារី ថ្លែងថា នៅព្រឹកថ្ងៃទី ៤ មករា នាងនឹងចូលបំភ្លឺ នៅសាលាដំបូងរាជធានី-ភ្នំពេញ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ដោយសារតែស្លៀកពាក់ឈុតអ្នកទោស។
កញ្ញាថ្លែងថា៖ «ខ្ញុំធ្វើដំណើរពីមុខណាហ្គាវើលដ៍ ដែលជាកន្លែងអាជ្ញាធរវាយកម្មករ។ ខ្ញុំស្លៀកពាក់ឈុតអ្នកទោស ដើរជើងទទេ ពាក់ខ្នោះពីសម័យខ្មែរក្រហម ដែលខ្ញុំជាប់គុកនៅស្វាយរៀងកាលពីកុមារ ដែលជានិមិត្តរូប និងដាស់តឿនមនុស្សពីភាពអយុត្តិធម៌ក្នុងសង្គម ក្នុងប្រទេសកម្ពុជា ដែលកម្មករ គេឃុំខ្លួន វាយដំ និងអ្នកទោសមនសិការ និងអ្នកទោសនយោបាយ»។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិថ្លែងតាមហ្វេសប៊ុកនៅថ្ងៃទី ៤ មករា ថា ក្នុងនាមលោកជាអ្នកសហជីពឯករាជ្យ លោកមិនគាំទ្រសកម្មភាពតស៊ូមតិ និងសម្លៀកបំពាក់បែបនេះឡើយ ព្រោះវាអាចជាការយល់ច្រឡំពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាសមត្ថកិច្ចបានចាប់ខ្លួនកញ្ញាជាដើម។
លោកថា៖ «ដូចនេះសូមតស៊ូមតិ ដោយរូបភាពផ្សេង ចៀសវាងប្រើរូបភាពនេះ ហើយខ្ញុំគាំទ្រជានិច្ច។ តែបើប្រើរូបភាពនេះ ខ្ញុំមិនគាំទ្រទេ ព្រោះវាបានធ្វើឱ្យខូចនូវកិត្យានុភាពជាតិទាំងមូល»៕
វីដេអូ៖