ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចតែងតាំងលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាប្រធានដឹកនាំការងាររបស់ «គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស» (អាយឆា) សម្រាប់អាណត្តិទី ៥ ឆ្នាំ ២០២២-២០២៤។
តាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ៣ មករា ឆ្នាំ ២០២២ រដ្ឋាភិបាលប្រគល់តួនាទីឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុកលើកិច្ចការអាយឆា ដែលជាយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ដើម្បីគ្រប់គ្រងឱ្យមានសង្គតិភាពនៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សេចក្តីសម្រេចនេះតែងតាំងលោក កែវ រ៉េមី ធ្វើជាតំណាងកម្ពុជាប្រចាំ អាយឆា ដោយហេតុថា នាពេលខាងមុខ នៃឆ្នាំ ២០២២ កម្ពុជានឹងធ្វើជាប្រធានអាយឆា ដែលអាចមានបញ្ហារសើបខាង នយោបាយជាច្រើន នឹងត្រូវលើកឡើងយកមកជជែកពិភាក្សាក្នុងកិច្ចប្រជុំ។
បើតាមសេចក្តីសម្រេចដដែល ក៏បានអនុញ្ញាតឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំចំនួន ៦ នៅពេលអាយឆា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ ២០២២ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមរួចហើយ កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ ២០២១។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៤ មករាថា ក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងធ្វើជាប្រធានអាយឆា តាមរយៈការប្តូរវេន បន្ទាប់ពីប្រទេសប្រ៊ុយណេ។ ដូច្នេះ រាជរដ្ឋាភិបាល ក៏បានសម្រេចការងារអាយឆានេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក កែវ រ៉េមី ជាប្រធាន ជាតំណាងរបស់កម្ពុជាក្នុងការធ្វើជាប្រធាន «អាយឆា» តាមរយៈការប្តូរវេននេះ។
លោកបន្តថា ក្នុងនាមជាប្រធានអាយឆានឹងត្រូវដឹកនាំ និងសម្រេចការងារពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់ ព្រោះអាយឆា គឺការពារ និងលើកស្ទួយសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន តាមរយៈនៃយន្តការនៃការអប់រំ ការផ្សព្វផ្សាយ ការផ្តល់នូវប្រឹក្សា និងអនុសាសន៍ទៅដល់រដ្ឋាភិបាល ក្នុងតំបន់ជាដើម។ ក្នុងឆ្នាំ ២០២២ នេះ អាចថា នឹងមានបញ្ហារសើបពាក់ព័ន្ធនឹងស្ថានភាពនយោបាយក្នុងតំបន់ ជាពិសេស ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសភូមា និងប្រទេសមួយចំនួនទៀតក្នុងតំបន់នេះផងដែរ។
បើតាមលោក ជិន ម៉ាលីន ផែនការការងារសម្រាប់កិច្ចប្រជុំអាយឆា ឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាប្រធាន ត្រូវបានរៀបចំរួចរាល់អស់ហើយ។ ផ្តោតសំខាន់ទៅលើការអប់រំ និងផ្សព្វផ្សាយពីបញ្ហាសិទ្ធិមនុស្សឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ានទាំងមូល និងយន្តការនៃការការពារសិទ្ធិមនុស្ស តាមរយៈសិក្ខាសាលា កិច្ចប្រជុំពិគ្រោះយោបល់ និងវេទិកាផ្សព្វផ្សាយជាដើម។ លោកថា យន្តការនៃអាយឆានេះ មិនពាក់ព័ន្ធនឹងការសម្រេចអ្វីមួយនោះទេ វាជាយន្តការកិច្ចសហប្រតិបត្តិការ និងលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអប់រំ ផ្សព្វផ្សាយ និងពង្រីកចំណេះដល់ប្រជាជាតិអាស៊ានក្នុងតំបន់។
លោកថ្លែងថា៖ «ទោះបីនេះជាយន្តការ សិទ្ធិមនុស្ស ក៏ប៉ុន្តែ ការអនុវត្តធម្មនុញ្ញអាស៊ាន គឺថាការសម្រេច គឺផ្អែកទៅលើ [ការពិគ្រោះ] យោបល់ និងកុងសង់ស៊ីស ហើយនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលអាយឆាត្រូវតែគោរព និងអនុវត្តតាម»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ថ្លែងថា កម្ពុជាទទួលបន្ទុកធ្វើជាប្រធានគណៈកម្មការសិទ្ធិមនុស្សអាស៊ាននេះ ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានផងដែរ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏ទទួលរងការរិះគន់ច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ។
លោកបន្តថា នៅពេលកម្ពុជាធ្វើជាប្រធានអាយឆា កម្ពុជាគួរតែបង្ហាញនូវការវិវឌ្ឍនៃការគោរពសិទ្ធិមនុស្សក្នុងប្រទេសឱ្យមានសភាពល្អប្រសើរជាងមុន។ ប៉ុន្តែ បើសិនជា កម្ពុជានៅតែស្ថិតក្នុងការរិះគន់ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជាទេ កម្ពុជាធ្វើជាប្រធាន អាយឆា ក៏មិនត្រូវបានបង្ហាញថា ល្អប្រសើរដែរ។
លោកថ្លែងថា៖ «កម្ពុជា ខ្ញុំគិតថា គួរតែដោះស្រាយបញ្ហាសិទ្ធិមនុស្សឱ្យបានល្អប្រសើរជាងមុន។ ឥឡូវយើងឃើញថា បញ្ហានយោបាយ ក៏បានរុញច្រានឱ្យកម្ពុជាមានបញ្ហាធ្លាក់ចុះសិទ្ធិមនុស្ស។ ដូច្នេះត្រូវដោះស្រាយបញ្ហានយោបាយ និងសិទ្ធិមនុស្សជាដើមហ្នឹង ឱ្យល្អសិន តាមអនុសាសន៍ ដែលគេផ្តល់ឱ្យ»៕