ភ្នំពេញៈ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ កំណត់អំពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងគោលបំណងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ផលប្រយោជន៍សាធារណៈលើកកម្ពស់គុណភាពនៃការផ្តល់សេវានានា និងការអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
អនុក្រឹត្យ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ៥ ខែមករា បានពន្យល់ថា ទិន្នន័យអត្តសញ្ញាណបុគ្គល សំដៅដល់ព័ត៌មាននានាដែលអាចកំណត់បាននូវអត្តសញ្ញាណបុគ្គលណាម្នាក់។ ទិន្នន័យអត្តសញ្ញាណបុគ្គលអាចជាទិន្នន័យអំពីឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ទីលំនៅបច្ចុប្បន្ន ជនជាតិ សញ្ជាតិ រួមទាំងទិន្នន័យជីវមាត្រ ឬទិន្នន័យផ្សេងទៀត ដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គល។
តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការប្រមូលចងក្រងរក្សាទុក គ្រប់គ្រង និងការពារសុវត្ថិភាពទិន្នន័យ អត្តសញ្ញាណបុគ្គល ដែលបានមកពីការចុះបញ្ជីអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតិនិងគ្រប់គ្រងការស្នាក់នៅលិខិតឆ្លងដែន សញ្ជាតិ និងការចុះបញ្ជីផ្សេងទៀត ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រគល់ឱ្យក្រសួងមហាផ្ទៃ។
អនុក្រឹត្យសរសេរថា៖ «ក្រសួងមហាផ្ទៃដែលជាម្ចាស់ទិន្នន័យដើម អាចអនុញ្ញាតឱ្យក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ឬបុគ្គល ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គលបាន ស្របតាមបែបបទ និងនីតិវិធី ដែលកំណត់ក្នុងអនុក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន»។
រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យ ក្រសួងមហាផ្ទៃត្រូវការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រឆាំងនឹងហានិភ័យ និងគ្រោះថ្នាក់នានាដូចជាបំផ្លាញទិន្នន័យ ការខូចខាត ឬបាត់បង់ទិន្នន័យ ការលុបចោលទិន្នន័យការកែតម្រូវទិន្នន័យ ឬការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាត ឬការបង្ហាញទិន្នន័យជាសាធារណៈ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ត្រូវបង្កើតឱ្យមានប្រព័ន្ធទិន្នន័យរក្សាទុកទិន្នន័យបម្រុង នៅកន្លែងសុវត្ថិភាពផ្សេងពីទីកន្លែងដែលរក្សាទុកប្រព័ន្ធទិន្នន័យដើម និងរៀបចំថែទាំឱ្យបានត្រឹមត្រូវ។
អនុក្រឹត្យបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃដែលជាម្ចាស់ទិន្នន័យដើម និងក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលជាអ្នកប្រើប្រាស់ទិន្នន័យ ត្រូវធានារក្សាការពារសុវត្ថិភាពទិន្នន័យ ទាំងក្នុងអំឡុងពេលបញ្ជូន និងពេលប្រើប្រាស់ដោយអនុវត្តតាមលក្ខខណ្ឌបច្ចេកទេសសុវត្ថិភាពខ្ពស់»។
រាជរដ្ឋាភិបាលក៏បានប្រាប់ឱ្យក្រសួង ស្ថាប័នអង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលជាអ្នកប្រើប្រាស់ទិន្នន័យ ត្រូវធានាការពារសុវត្ថិភាពទិន្នន័យ ក្រោយពេលប្រើប្រាស់រួច ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពខ្ពស់បំផុត។ រាល់ទិន្នន័យ ដែលបានប្រើប្រាស់ ឬបញ្ជូនឱ្យប្រើប្រាស់រួច នៅតែជាទិន្នន័យរបស់ក្រសួងមហាផ្ទៃ ទោះបីជាក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជនបានប្រើប្រាស់ទិន្នន័យនោះ ក្នុងរូបភាពណាក៏ដោយ។
បើតាមអនុក្រឹត្យរាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដែលបានរក្សាទុក និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃ គឺក្នុងគោលបំណងផ្ទៀងផ្ទាត់ ឬបញ្ជាក់អំពីភាពត្រឹមត្រូវ ឬបញ្ជាក់អំពីអត្តសញ្ញាណបុគ្គល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងការអភិវឌ្ឍជាតិ។
រាជរដ្ឋាភិបាលបញ្ជាក់បន្ថែមថា ចំពោះក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ឬបុគ្គលដែលមានបំណងប្រើប្រាស់ ទិន្នន័យអត្តសញ្ញាណបុគ្គលត្រូវស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ស្របទៅតាមបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះការអនុញ្ញាតឱ្យក្រសួង ស្ថាប័នក្នុងវិស័យសាធារណៈ ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីបម្រើឱ្យការផ្តល់សេវាសាធារណៈ ត្រូវធ្វើឡើងដោយប្រកាសអន្តរក្រសួង ឬប្រកាសរួមរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួង ឬប្រធានស្ថាប័នដែលស្នើសុំ។
ចំណែកការអនុញ្ញាតឱ្យស្ថាប័ន អង្គភាពក្នុងវិស័យឯកជន ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីបម្រើឱ្យការផ្តល់សេវាសាធារណៈ ត្រូវធ្វើឡើងដោយកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នារវាងតំណាងក្រសួងមហាផ្ទៃ និងប្រធាន ឬតំណាងស្ថាប័ន អង្គភាព ក្នុងវិស័យឯកជនដែលស្នើសុំ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងនៅថ្ងៃទី ៥ ខែមករាថា ជាការល្អដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់បុគ្គល។ លោកថា ឯកសារផ្លូវច្បាប់នេះនឹងក្លាយទៅជាឧបករណ៍នៅក្នុងការការពារអត្តសញ្ញាណរបស់បុគ្គល។ ម្យ៉ាងទៀតក្នុងសម័យបច្ចុប្បន្ននេះ ជាសម័យឌីជីថល អត្តសញ្ញាណបុគ្គលជារឿងសំខាន់មួយដែលត្រូវតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារ និងគ្រប់គ្រងឱ្យបានល្អ។
លោកថ្លែងថា៖ «ប្រសិនបើមិនមានការគ្រប់គ្រងការប្រើប្រាស់ និងការការពារឱ្យបានត្រឹមត្រូវទេ អត្តសញ្ញាណបុគ្គល ឬក៏ទិន្នន័យអត្តសញ្ញាណបុគ្គលនឹងត្រូវបានគេលួចបន្លំ ឬយកទៅប្រើប្រាស់នៅក្នុងទម្រង់ណាមួយ ដែលអាចប៉ះពាល់ដល់ទាំងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងប៉ះពាល់ដល់ប្រយោជន៍របស់បុគ្គលផងដែរ»៕