ភ្នំពេញៈ ក្រោយពីមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានចាប់ផ្តើមប្រជុំពិភាក្សាពីលក្ខណៈបច្ចេកទេសគម្រោងស្ពានសាងសង់ព្រែកតាឡុង (ចាក់អង្រែក្រោមព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ ២។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យទៅលើរបាយការណ៍សិក្សាសមិទ្ធលទ្ធភាពរបស់ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai ដោយផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនរំហូរចរាចរណ៍បច្ចុប្បន្ន និងរំហូរចរាចរណ៍ ព្យាករក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការសាងសង់ផងដែរ។
បើតាម លោក លឹម ស៊ីដេនីន គម្រោងសាងសង់ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ ១ នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានី-ភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភ័ស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿន ការអភិវឌ្ឍតំបន់នោះផងដែរ។
មន្ត្រីជំនាញពាក់ព័ន្ធបានលើកឡើងផងដែរនូវសំណូមពរមួយចំនួនពាក់ព័ន្ធទៅនឹងការរក្សាទុកឱ្យបានធំទូលាយនូវចន្លោះទទឹងសសរស្ពានរំលងផ្លូវជាតិលេខ ២ និងផ្លូវលេខ ១១០ ការរក្សាទុកឱ្យបានគ្រប់គ្រាន់នូវកម្រិតលម្ហសម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន ការសិក្សាពាក់ព័ន្ធទាំងបច្ចេកទេស សេដ្ឋកិច្ច និងបរិស្ថាន និងការស្នើសុំជ្រើសរើសស្ពានដែលមានសោភណភាពសម្រាប់ទីក្រុងភ្នំពេញជាដើម។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នេះ ឱ្យដឹងថា សម្រាប់គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ បាននិងកំពុងធ្វើការសិក្សា និងដាក់ស្នើសុំទៅកាន់ភាគីចិនជាគម្រោងអាទិភាពសម្រាប់នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាលោកថា ក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលមិនប្រាកដថា ដាក់គម្រោងនេះទៅកាន់ប្រទេសដៃគូអភិវឌ្ឍន៍ (ចិន) ដើម្បីបានលុយយកមកអនុវត្តនោះទេ បើទោះបីប្រទេសចិនជាម្ចាស់ជំនួយធំក៏ដោយ។
លោកថ្លែងថា៖ «យើងគ្រាន់តែរៀបចំឯកសារដាក់ជូនរាជរដ្ឋាភិបាលប៉ុណ្ណោះ រីឯការទម្លាក់ថវិកាពេលណាអនុវត្តនៅពេលណា អាស្រ័យលើដៃគូអភិវឌ្ឍន៍ ឬក៏រាជរដ្ឋាភិបាល។ យើងគ្រាន់តែសិក្សាលក្ខណៈបច្ចេកទេស និងសង្គម សេដ្ឋកិច្ច និងបរិស្ថាន លទ្ធភាពដំបូង ហើយយកមកជជែកគ្នានៅក្នុងកម្រិតក្រសួងលក្ខណៈបច្ចេកទេស»។
លោក សេង ឈុនហេង ស្មៀនសង្កាត់ចាក់អង្រែក្រោម ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នេះ ឱ្យដឹងថា បើរដ្ឋមានគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់នេះ វានឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍បានច្រើន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ឱ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឯកភាពឱ្យក្រសួង សាងសង់គម្រោងស្ពាន ១ កន្លែងទៀតឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ៕
វីដេអូ៖