ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​បទបញ្ជា និង​សុំ​ការ​យោគយល់​ចំពោះ​ការមិន​អនុញ្ញាតឱ្យ​អ្នកជំងឺ​ដែល​ឆ្លង​នូវ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​សម្រាក​ព្យាបាល​នៅផ្ទះ​ជាដាច់ខាត ដោយ​ត្រូវតែទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយសារ​ជំងឺ​នេះ​ឆ្លង​លឿន​ដែល​អាច​នឹងមាន​ការរីករាលដាល​ដល់​សមាជិក​គ្រួសារ​ក្នុងផ្ទះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ដណ្តើមបាន​មេដាយមាស​ពិភពលោក​ពី​ការប្រកួត​ប៉េតង់ នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ​នា​ព្រឹក​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២ ​នេះ​។

លោក​បាន​មានប្រសាសន៍​ថា៖ «​រឿង​អូមីក្រុង​មិនមែន​ជា​រឿង​ធំ​ទេ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​សុំ​ការយោគយល់ និង​ដាក់បទបញ្ជា​ដាច់ខាត​នេះ​គឺ បើ​យើង​ឱ្យ​ព្យាបាល​នៅក្នុង​ផ្ទះ តែ​ទប់​មិន​ជាប់​ជាមួយនឹង កូនចៅ​នៅ​ជាមួយ រួច​វា​រាលដាល​នៅក្នុង​ផ្ទះ ហើយ​រាលដាល​ឆ្លង​ចូលក្នុង​សហគមន៍ នោះ​វា​នឹង​ឈានដល់​ចំណុច​ដើរ​ថយក្រោយ​ហើយ​»​។

លោកនាយក​រដ្ឋមន្ត្រី​មិនអាច​ទទួលយក​បានទេ​សម្រាប់​អ្នក​ដែល​កើត​វីរុស​អូមីក្រុង​នេះហើយ​ស្នើសុំ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន គឺ​ត្រូវតែ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​ជាសះស្បើយ ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​លោក​អនុញ្ញាតឱ្យ​អ្នកជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ដែលតា និង​អាល់ហ្វា​ដែល​មាន​កម្រិត​ស្រាល​អាច​សម្រាក​ព្យាបាល​នៅផ្ទះ​បាន ដោយសារ​ល្បឿន​នៃ​កម្រិត​ឆ្លង​យឺត​។

លោក ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​មកដល់​ពេលនេះ​យើង​មាន​អ្នក​ឆ្លង​វីរុស​អូមីក្រុង​ចំនួន​ ៩៤ ​ករណី ប៉ុន្តែ​ក៏មាន​ការជាសះស្បើយ​មួយចំនួន​ហើយ ហើយ​អ្នក​ដែល​មិនទាន់​ជា យើង​មិន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅផ្ទះ​ទេ​។ ខ្ញុំ​ដាក់​បទបញ្ជា​នេះ ព្រោះ​ដើម្បី​កុំ​តែ​សេចក្តី​សុខ​របស់​បុគ្គល​ម្នាក់ ស្រាប់តែ​ផលប៉ះពាល់​ចេញទៅ​កូន ប្រពន្ធ ហើយនឹង​ឆ្លង​រាលដាល​ពេញ​ទីក្រុង​ភ្នំពេញ​តែម្តង​»​។

លោក ហ៊ុន សែន ស្នើឱ្យ​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​អូមីក្រុង​នេះ នៅតាម​ព្រលាន​យន្តហោះ ដូចជា រាជធានី-ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ហើយ​ក្រៅពីនោះ​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ទៅលើ​ពលករ​ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ ដោយសារ​នៅ​ប្រទេស​ថៃ ករណី​ឆ្លង​អូមីក្រុង​នេះ​មាន​ជាង​ ២ ០០០ ​ករណី​ហើយ ប៉ុន្តែ​នៅ​ប្រទេស​វៀតណាម មាន​ជាង​ ១០ ​ករណី​ប៉ុណ្ណោះ​។

ជាមួយ​គ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សម្រេច​ឱ្យ​រៀបចំ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ដើម្បី​ដាក់​អ្នកជំងឺ​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង ដែល​បច្ចុប្បន្ន​អ្នកជំងឺ​នេះ​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​រោគរបេង និង​ហង់សិន​។

លោកនាយក​រដ្ឋមន្ត្រី ថា អ្នកជំងឺ​ទាំងអស់​ដែល​កើត​អូមីក្រុង​នេះ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ថា​៖ «​អ្នក​មកពី​ក្រៅប្រទេស បើ​ដឹងថា​ឆ្លង​ហើយ ត្រូវតែ​ចូល​មន្ទីរពេទ្យ ទោះបី​អ្នកនោះ​មានផ្ទះ​ធំ​ប៉ុនណា​ក៏ដោយ​។ សូម្បីតែ​ខ្ញុំ ពេល​ខ្ញុំ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ត្រឡប់មកវិញ​មាន​បញ្ហា​នេះ ខ្ញុំ​ក៏​ទៅ​ពេទ្យ​ដែរ​។ ខ្ញុំ​នឹង​ធ្វើជា​គំរូ​គេ​ចំពោះ​បញ្ហា​នេះ ដោយ​មិន​ថា​អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ទេ គឺ​ត្រូវតែទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។

លោក​ថា​៖ «​ប្រសិនបើ​មាន​ការឆ្លង​ចូល​សហគមន៍​ទៀត ជម្រើស​មានតែ​មួយ​ទេ​គឺ​បិទខ្ទប់​ម្តងទៀត​។ ដើម្បី​កាត់ផ្តាច់​វិធី​តែមួយគត់​គឺ​ឱ្យនៅតែ​ក្នុងផ្ទះ​តែម្តង​។ អ៊ីចឹង​!​តើ​សុខចិត្ត​ទេ​? ប្រជាពលរដ្ឋ​ច្បាស់​ជា​មិន​សុខចិត្ត​ទេ​»​។

ជាមួយ​គ្នានេះដែរ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើង​ដោយយោង​លើ​ឯកសារ​មួយចំនួន​របស់​អ្នកវិទ្យាសាស្ត្រ​របស់​សហរដ្ឋអាមេរិក ថា ពពួក​វីរុស​អូមីក្រុង​មាន​ការឆ្លង​លឿន​ដោយសារ​វា​ប៉ះពាល់​ជាមួយនឹង​ផ្នែក​ដង្ហើម​ខាងលើ (upper respiratory) ​របស់​មនុស្ស​។

លោកស្រី​បាន​ឱ្យដឹងថា​៖ «​ដូចនេះ លទ្ធភាព​នៃ​ការខ្ទាត​ចេញ​មេរោគ​ពី​អ្នកជំងឺ​ដែល​មិនបាន​ពាក់​ម៉ាស់ តាមរយៈ​ការនិយាយស្តី ការក្អក កណ្តាស់ ឬ​ដកដង្ហើម ដែល​ធ្វើឱ្យ​វីរុស​នេះ​ចេញ​លឿន បើ​ធៀប​ជាមួយនឹង​វីរុស​ដែលតា​»​។

វីរុស​ប្រភេទ​ដែលតា​មាន​ការវាយលុក​ខ្លាំង​ទៅ​ផ្នែក​សួត​ខាងក្រោម ប៉ុន្តែ​អូមីក្រុង​មាន​តិចតួច​ណាស់​ដែល​ទៅ​វាយលុក​ទៅ​ផ្នែក​សួត​ខាងក្រោម​។ ហេតុនេះហើយ​បានជា​ធ្វើឱ្យ​លទ្ធភាព​នៃ​ការចម្លង​របស់​វីរុស​អូមីក្រុង​បាន​លឿន​ជាង រហ័ស​ជាង​វីរុស​ប្រភេទ​ដែលតា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន​។

នាឱកាស​នោះដែរ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល​ត្រូវ​ពន្លឿន​ការធ្វើ​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ដើម្បី​រំដោះ​យក​អ្នកជំងឺ​ចាក​ពី​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ការសាងសង់​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​រយៈពេល ​១ ​ឆ្នាំ​។

លោក​បាន​ថ្លែងថា​៖ «​ពិត​ហើយ​! អ្នកជំងឺ​នៅសល់​ចំនួន​តិច ដែល​មកដល់ពេលនេះ​អ្នកជំងឺ​ទាំងអស់​ដែល​នៅសល់​មាន​ជាង​ ៥០០ ​នាក់ ដោយ​ក្នុងនោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មាន​ចំនួន​តែ​ ១២៦ ​នាក់​ប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស​»​។

ទោះបីជា​អ្នកជំងឺ​កូវីដ​ ១៩ ​មានការ​ថយចុះ​ក៏ដោយ ក៏​លោក​នៅតែ​ត្រៀម​បម្រុង​ទុក​ និង​បង្ការ​ក្នុងករណី​មានការ​រីករាលដាល​វីរុស​នេះ​ឡើងវិញ​។

លោក ហ៊ុន សែន ​ថា​៖ «​យើង​មិនអាច​លេង​សន្លឹក​បៀ​ឱ្យអស់​ពី​ដៃ​នោះទេ ត្រូវតែ​បម្រុង​ទុក​នូវ​ហេតុការណ៍​អាក្រក់​ដែល​កើតឡើង ហើយ​មកដល់​ពេលនេះ​យើង​បាន​សង​មជ្ឈមណ្ឌល​នានា​រួចហើយ​ផងដែរ ប៉ុន្តែ​យើង​ត្រូវ​បម្រុង​ទុក​មជ្ឈមណ្ឌល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​យើង​ក៏ត្រូវ​ការ​នូវ​កន្លែង​មួយទៀត​ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​ព្យាបាល​ដែល​អាចដាក់​ចំនួន​មនុស្ស​បាន​ច្រើន​»​។

លោក​ថា​៖ «​មិនអាច​ធ្វេសប្រហែស​បានទេ នូវ​ករណី​ដែល​វា​រីករាលដាល​ភ្លាមៗ យើង​មិន​អនុញ្ញាត​ឱ្យមាន​អ្នក​ដែល​ដេក​នៅតាម​ផ្លូវ ហើយ​ខ្វះ​កន្លែង​ព្យាបាល​នោះទេ​»​។

ដោយឡែក​ទាក់ទង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ លោកនាយក​រដ្ឋមន្ត្រី​បានសម្រេច​អនុញ្ញាត​ឱ្យមាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ​៤ ទៅដល់​ផ្នែក​អាទិភាព​ដូចជា នគរបាល កងទ័ព អាវុធហត្ថ មន្ត្រីរាជការ កីឡាករ-កីឡាការិនី ពិធីករ-ពិធីការិនី អ្នកយក​ព័ត៌មាន ឬ​ក្រុម​សិល្បៈ​ជាដើម​។ ​

លោក ហ៊ុន សែន ថ្លែងថា​៖ «​អ្នក​ដែល​ត្រូវ​ចាក់​ដូស​ទី​ ៤ គឺ​ត្រូវ​ចាក់​ដល់​មន្ត្រី​ជួរមុខ ដែល​ប្រឈម​នឹង​ហានិភ័យ​។ យើង​មាន​វ៉ាក់សាំង​ប្រភេទ Pfizer ​ជាង​ ២,៣ ​លាន​ដូស តែ​ខ្ញុំ​គិតថា យើង​ប្រើតែ​ប្រហែលជា​ ៧០ ​ម៉ឺន​ដូស​គឺ​គ្រប់គ្រាន់​ហើយ​»៕

វីដេអូ៖