ភ្នំពេញៈ គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​(គ.វ.ក-១៩) ​នឹង​ប្រើប្រាស់​វ៉ាក់​សាំង​ប្រភេទ ​Pfizer ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ១៩ ​ដូស​ទី៤ ​ជូន​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ​ព្រឹទ្ធសភា ​រដ្ឋសភា ​ក្រុម​គ្រូ​ពេទ្យ​ជួរមុខ​(ទាំងរដ្ឋ ​និងឯកជន) ​មន្ត្រី​រាជការ ​កងទ័ព ​នគរបាលជាតិ ​បុគ្គលិក​ស្ថានទូត ​អ្នកសារព័ត៌មាន​ និង​សមាជិក ​នៃ​សមាគម​សិល្បករ​កម្ពុជា។

គ.វ.ក-១៩ ​បាន​លើកឡើង​តាម​រយៈ​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី៨ ​ខែមករា ​ឆ្នាំ​២០២២ ​ថា ​អ្នក​ដែលបាន​ចាក់វ៉ាក់​សាំង​កូវីដ១៩ ​ដូស​ទី៣ ​ឬ​ដូស​ជំរុញ​រួច ​ហើយ​មាន​គម្លាត​ចាប់ពី​៤ខែ​ឡើង ​នឹង​ត្រូវ​ផ្តល់​ដូស​ទី៤​នៅ​តាម​មន្ទីរ​ពេទ្យ​ជាតិ​នានា​ដែល​មាន​ទីតាំង ​កាលបរិច្ឆេទ ​និង​ពេល​វេលា​ផ្សេងៗ​គ្នា ​ចាប់​ពី​ថ្ងៃ​ទី១៤ ​ខែមករា ​ដល់​ថ្ងៃទី១២ ​ខែកុម្ភៈ​ ឆ្នាំ​២០២២។ ការចាក់​វ៉ាក់សាំង​ដូស​ទី៤​នេះ​នឹង​ធ្វើ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​មន្ទីរពេទ្យ​អង្គឌួង ​មន្ទីរពេទ្យ​កុមារជាតិ​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ​និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក។

អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​ដូស​ទី៤​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ដូចជា ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ ​ឬ​បណ្ណ​សម្គាល់​មន្ត្រី​ជាប់​កិច្ចសន្យា​(ចំពោះ​មន្ត្រីរាជការ ​ឬ​មន្ត្រី​ជាប់​កិច្ចសន្យា) ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ឬ​ឯកសារ​ដែល​ប្រើប្រាស់​ក្នុង​ការចុះ​ឈ្មោះ​កាលពី​ពេល​ចាក់​វ៉ាក់សាំង​ដូស​ទី១។

គ.វ.ក-១៩ បាន​បន្ថែមថា ​ការចាក់​វ៉ាក់សាំង​កូវីដ១៩ ​ដូស​ទី៤ ​ដើម្បី​បង្កើន​ភាពស៊ាំ​ទប់ទល់​នឹង​ការឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ​ជាពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា ​និង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូមីក្រុង ​ដើម្បីបាន​វិល​ត្រឡប់​ទៅ​ដំណើរការ​ជាប្រក្រតី​នូវ​ការរស់នៅ ​រួមទាំង​សកម្មភាព​សេដ្ឋកិច្ច ​និង​សង្គម​ផ្សេងៗ​ឡើងវិញ ​ក្នុង​ពេល​ខាង​មុខ​នេះ៕

វីដេអូ៖