
លោក ហេង សំរិន និងលោក ហ៊ុន សែន ប្រារព្ធទិវា ៧ មករា កាលពីឆ្នាំ ២០២០ ។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រយៈពេល ៤៣ ឆ្នាំ ក្រោយថ្ងៃ ៧មករា ១៩៧៩ ជាថ្ងៃដែលរបបខ្មែរក្រហមដួលរំលំ កម្ពុជាបានដើរលើផ្លូវដ៏ត្រឹមត្រូវដែលធានាដល់ការស្ថិតស្ថេរ និងរីកចម្រើន ហើយកម្ពុជាបានប្រែក្លាយជាប្រទេសប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ មានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។
ក្នុងសារលិខិតរំឭកខួបទី ៤៣ នៃទិវាជ័យជម្នះ ៧ មករា កាលពីថ្ងៃ ៧ មករា លោកថ្លែងថា៖ «រយៈពេល ៤៣ ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ ៧ មករា យើងបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា»។
លោកបន្តថា ដោយភ្ជាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជាបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវឌ្ឍនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និងមិន «ឱនក្បាល» ចំពោះការគាបសង្កត់ គំរាមកំហែងនានា។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដោយឈរលើមូលដ្ឋាននេះបានធ្វើឱ្យកម្ពុជាអាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហានៗឆ្លងផុតដំណាក់កាលដែលលំបាកបំផុតមកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព។
លោកបានបន្តថា៖ «កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជាកន្លែងដណ្តើមប្រជែងរវាងមនោគមន៍វិជ្ជានយោបាយនានា និងជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង»។
លោកអះអាងថា កម្ពុជាឥឡូវនេះបានក្លាយជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ ដោយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។ កម្ពុជាព្រមទាំងបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា ដែលបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេងថ្លៃថ្លា បំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថាជាថ្ងៃកំណើតទី ២ របស់ខ្លួន។ បើគ្មានជ័យជម្នះថ្ងៃ ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ»។
លោកថ្លែងថា ការរំឭកខួបទី ៤៣ នៃទិវានេះគឺដើម្បីចងចាំនូវឧក្រិដ្ឋកម្មដែលរបបខ្មែរក្រហម បានប្រព្រឹត្តមកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជា និងដើម្បីចងចាំ «គុណូបការៈ» របស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មអាយុជីវិតក្នុងការផ្តួលរំលំរបបខ្មែរក្រហម និងរាំងស្កាត់មិនឱ្យរបបនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។
លោកអំពាវនាវដល់ប្រជាជនកម្ពុជាត្រូវ «ប្តូរផ្តាច់» ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃទី ៧ មករា ១៩៧៩ ឱ្យបានគង់វង្ស ហើយមិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៩ មករាថា កម្ពុជាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ជាពិសេសពាក់ព័ន្ធនឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកថ្លែងថា៖ «ក៏ប៉ុន្តែកម្ពុជាចាំបាច់ត្រូវកែលម្អការគោរពសិទ្ធិមនុស្សសេរីភាពនៃការបញ្ចេញមតិ និងនីតិរដ្ឋ។ វាក៏ជាការសំខាន់ផងដែរ ដែលកម្ពុជាត្រូវបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ កែលម្អសេវាសាធារណៈ និងពង្រឹងប្រព័ន្ធអប់រំ»៕