ក្រចេះ: លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមករាថា សត្វផ្សោត ១ ក្បាលដែលងាប់លើឆ្នេរខ្សាច់នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ត្រូវបានប្រគល់ទៅឱ្យក្រុមស្រាវជ្រាវនៃអង្គការ WWF ហើយប៉ុន្តែនៅមិនទាន់មានរបាយការណ៍បញ្ជាក់យ៉ាងណានៅឡើយទេ។
លោក ម៉ុក ពន្លក ថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋនៅមូលដ្ឋានសង្កាត់កោះទ្រង់ថា បានឃើញផ្សោតបណ្តែតទឹក ១ ក្បាល នៅក្បាលកោះទ្រង់ កម្លាំងក្រុមឆ្មាំនៃខណ្ឌរដ្ឋបាលជលផលបានចុះស្រាវជ្រាវឃើញនៅថ្ងៃទី ៨ ខែមករា និងបានយកទៅប្រគល់ជូនក្រុមស្រាវជ្រាវនៃអង្គការ WWF រួចហើយ ដើម្បីស្រាវជ្រាវ ប៉ុន្តែមកទល់ថ្ងៃទី ៩ មករា នៅមិនទាន់ទទួលបានរបាយការណ៍យ៉ាងណាទេ។
លោកថ្លែងថា៖ «មិនទាន់ដឹងថាប្រភេទឈ្មោល ឬញី ហើយមានទម្ងន់ប៉ុន្មាន បណ្តោយប៉ុន្មាន ទទឹងប៉ុន្មាន រស់នៅក្នុងអន្លង់ណា វាអត់ទាន់មានរបាយការណ៍។
ម្សិលមិញហ្នឹង ពួកគាត់អត់ទាន់បានធ្វើរបាយការណ៍ជាក់លាក់មួយ ដើម្បីផ្តល់ឱ្យខាងខ្ញុំ អ៊ីចឹង ខ្ញុំអត់ទាន់បានទទួលព័ត៌មានហើយណាមួយផ្សោតហ្នឹងងាប់រយៈពេលជាច្រើនថ្ងៃមកហើយវាបានស្អុយរលួយមានដង្កូវ ១ ៗទៀតហើយហ្នឹង»។
ជាការកត់សម្គាល់ សម្រាប់ខេត្តក្រចេះ សត្វផ្សោតគឺជាគោលដៅទេសចរណ៍ដ៏សំខាន់ដើម្បីទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត តែប្រសិនបើសត្វផ្សោតនៅតែបន្តងាប់ ខេត្តនេះអាចនឹងប៉ះពាល់ដល់កំណើនភ្ញៀវទេសចរផងដែរ។
យ៉ាងណាក្ដី កាលពីថ្មីៗនេះ កូនសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ១ ក្បាលថ្មីទៀត ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF កត់ត្រាទុកថា ជាកូនទី ៦ ដែលបានកើតនៅឆ្នាំ ២០២១ បន្ទាប់ពីឆ្នាំ ២០២០ មានកូនផ្សោតកើតថ្មីចំនួន ៩ ក្បាលនៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពីក្នុងខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WWF កម្ពុជា។
អង្គការអភិរក្សនេះបានសរសេរថា៖ «ឆ្នាំ ២០២១ បានបិទបញ្ចប់ជាមួយនឹងដំណឹងដែលពោរពេញដោយក្តីរំភើបជាពិសេសសម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវ៉ាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូលព្រោះកូនសត្វផ្សោត ១ក្បាលថ្មី ដែលជាកូនទី ៦ សម្រាប់ឆ្នាំ ២០២១ ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF កត់ត្រាទុកកាលពីថ្ងៃទី ៣១ ខែធ្នូ» ។
អង្គការដដែលនេះក៏បានឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០២០ ក្រុមអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន ៩ ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថា មានសរុបត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា និងខ្លាំងក្លាជាងមុនដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ដើម្បីឱ្យចៀសផុតពីការឈានទៅរកការផុតពូជ។
អង្គការបានបញ្ជាក់ថា «មិនតែប៉ុណ្ណោះយើងត្រូវរួមគ្នាការពារទន្លេមេគង្គ និងថែរក្សារំហូរបែបធម្មជាតិរបស់វាឱ្យគង់វង្ស នាពេលឥឡូវនេះ មុនវាយឺតពេល»។
ទន្លេមេគង្គក្នុងប្រទេសកម្ពុជាគឺជាទីជម្រកដ៏សំខាន់របស់សត្វផ្សោតអ៊ីរ៉ាវ៉ាឌីដែលប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ វាជាសត្វផ្សោតដែលស្ថិតក្នុងចំណោមប្រភេទសត្វផ្សោតទឹកសាបទាំងអស់ចំនួនតែ ៦ ប៉ុណ្ណោះ នៅលើពិភពលោក៕