ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្រោយ​ការវិលត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ហៅ​អ្នក​ដែល​ប្រឆាំងនឹង​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា ថា​ជា​អ្នក​ដែល​ចង់ឱ្យ​មនុស្ស​ស្លាប់ និង​របួស ដោយសារ​សង្គ្រាម ខណៈ​មេដឹកនាំ​យោធា​ប្រទេស​នេះ សម្រេច​ពន្យារពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២​។

លោក​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៨ មករា ថា​៖ «​អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​បទ​ឈប់​បាញ់​មានន័យថា អ្នក​ចង់ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ដោយសារ​សង្គ្រាម​។ អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​ការ​ផ្តល់ជំនួយ មានន័យថា អ្នក​ចង់ឱ្យ​មនុស្ស​ស្លាប់​ដោយ​អត់បាយ ​អត់​ថ្នាំពេទ្យ និង​អត់​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​រាតត្បាត​កូវីដ​ ១៩»​។

លោក​ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ពីថ្ងៃ​ទី​ ៧-៨ ​មករា ដោយបាន​ជួប​ជាមួយ​មេដឹកនាំ​យោធា លោក មីន អ៊ុងឡាំង​ (Min Aung Hlaing) ​ក្នុង​គោលបំណង​ចូលរួមចំណែក​បញ្ចៀស​ប្រទេស​នេះ​ពី​អំពើហិង្សា និង​សង្គ្រាមស៊ីវិល​តាមរយៈ​បទឈប់​បាញ់ ព្រម​ទាំង​វិបត្តិ​មនុស្សធម៌​តាមរយៈ​ការផ្តល់​ជំនួយ​ដល់​អ្នក​ដែល​ត្រូវការ​ដោយ​គ្មាន​ការរើសអើង​។

លោក​ មីន អ៊ុងឡាំង បាន​ប្រាប់​លោក​ ហ៊ុន សែន នា​ថ្ងៃទី​ ៧ ខែមករា​ថា លោក​បាន​សម្រេច​ពន្យារពេល​បទ​ឈប់បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២ និង​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​អំពើហិង្សា​។ មេដឹកនាំ​យោធា​រូបនេះ​បាន​គាំទ្រ​ឱ្យមាន​កិច្ចប្រជុំ​ដើម្បី​សម្របសម្រួល​ដល់​ការ​ផ្ដល់ជំនួយ និង​ដំណើរ​ទស្សនកិច្ច របស់​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​បាន​ជួប​ភាគី​ពាក់ព័ន្ធ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសរសេរថា អាស៊ាន និង​ដៃគូ​ដែល​ចង់​ចូលរួម ក៏​ដូចជា​មីយ៉ាន់ម៉ា​ខ្លួនឯង នៅមាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បីឱ្យ​ការឈប់​បាញ់ និង​ការ​ផ្តល់ជំនួយ​អនុវត្ត​ទៅបាន​ប្រកបដោយ​ប្រសិទ្ធភាព​។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក​ ប្រាក់ សុខុន ក្នុង​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយពី​ការវិលត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃទី​ ៨ មករា ចាត់ទុក​ការចរចា​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ក្នុង​ការបញ្ឈប់​អំពើហិង្សា​នៅ​ប្រទេស​នេះ ដែល​កម្ពុជា​ដើរតួ​ជា​អ្នកសម្របសម្រួល គឺជា​ជំហាន​ជឿនលឿន​មួយ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា អ្វីដែល​យើង​សម្រេចបាន​ក្នុង​ការ​ចរចា ក្នុងការ​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​របស់​មីយ៉ាន់ម៉ា​កន្លងទៅ គឺជា​លទ្ធផល​វិជ្ជមាន​ខ្លាំងណាស់ ហើយ​និង​ជា​ជំហាន​ជឿនលឿន​មួយ​នៅក្នុង​ការអនុវត្ត កិច្ចព្រមព្រៀង​ ៥​ ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​ឯកភាពគ្នា​កន្លងទៅ​»​។

លោក​ ប្រាក់ សុខុន ហៅ​អ្នកដែល​ប្រឆាំងនឹង​ការ​ជឿនលឿន​បែបនេះ ជា​អ្នក​ដែល​ស្រឡាញ់​សង្គ្រាម និង​អ្នក​ដែល​មិន​ចង់ឃើញ​ប្រទេស​មីយ៉ាន់ម៉ា វិល​ត្រឡប់​ទៅរក​សន្តិភាព​វិញ​។

លោក​បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក ក្រោយពី​សន្និសីទ​កាសែត​នេះ​ថា ទស្សនកិច្ច​របស់លោក​ ហ៊ុន សែន នៅ​មីយ៉ាន់ម៉ា​ជា​ចំណុច​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ស្មារតី​ចូលរួមចំណែក​របស់​កម្ពុជា​ក្នុង​ការកសាង​សន្តិភាព និង​ស្ថិរភាព​ដល់​ប្រទេស​មីយ៉ាន់ម៉ា ព្រមទាំង​សំដៅ​ធានា​ឱ្យបាន​ថា អាស៊ាន​នឹង​ពេញ​ឡើងវិញ​។

លោក​សរសេរថា​៖ «​នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយពេល​ត្រឡប់មក​កម្ពុជា​វិញ ខ្ញុំ​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា សុខុមាលភាព និង​ផលប្រយោជន៍​របស់​ប្រជាជន​មីយ៉ាន់ម៉ា​គ្រប់រូប ដោយ​គ្មាន​ការរើសអើង គឺជា​ស្នូល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​»​។

លោក ហ៊ុន សែន ក្នុងជំនួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង នា​ថ្ងៃទី​ ៧ មករា​។ រូបថត SPM

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​កម្ពុជា​-​មីយ៉ាន់ម៉ា ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុជា នា​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ ​២០២២ បានឱ្យដឹងថា លោក​ មីន អ៊ុងឡាំង បាន​ប្រកាស​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។

មេដឹកនាំ​ទាំង​ ២ ​បានប្រកាស​គាំទ្រ​ឱ្យមាន​កិច្ចប្រជុំ រវាង​ភាគី​ពាក់ព័ន្ធ រួមមាន ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្តីពី​មីយ៉ាន់ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​-​អាស៊ាន ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ ​(AHA Centre) និង​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​សម្រប​សម្រួលការ​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សង្គម កាកបាទក្រហម-មីយ៉ាន់ម៉ា និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន រួម​នេះ លោក​ មីន អ៊ុងឡាំង បានប្រកាស​ស្វាគមន៍​ចំពោះ​ការតែងតាំង លោក​ ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា និង​បាន​សន្យា​ផ្តល់​ការគាំទ្រ​ដល់​ប្រេសិត​ពិសេស​ ដើម្បី​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច ស្របតាម​ធម្មនុញ្ញ​អាស៊ាន​។

ប្រភព​ដដែល​បាន​ដកស្រង់​សម្តី​លោក​ មីន អ៊ុងឡាំង ថា​៖ «​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច គួរតែ​ជាការ​បំពេញបន្ថែម​ ដើម្បី​សម្រេចបាន​ផែនទី​បង្ហាញផ្លូវ​ ៥ ​ចំណុច​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​»​។

លោក​ ហ៊ុន សែន បាន​ចែក​រំលែក​អំពី​ភាពជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​កម្ពុជា ដល់​លោក​ មីន អ៊ុងឡាំង ដោយ​លោក​អះអាងថា សម្រេចបាន​នូវ​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​ដល់​កម្ពុជា​។

លោក​លើកឡើងថា តាម​បទពិសោធ និង​មេរៀន​ដែល​កម្ពុជា​ទទួលបាន​ពី​ដំណើរការ​សន្តិភាព សន្តិភាព​ពេញលេញ និង​ការបង្រួបបង្រួម​ជាតិ មិនអាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការព្រមព្រៀង គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក ​រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៩ មករា ថា វា​គឺជា​ការចាប់ផ្តើម​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​។ ប៉ុន្តែ​យ៉ាងណា​ជំនឿ​ជឿជាក់​លើ​មេដឹកនាំ​ផ្តាច់ការ​ក្នុង​ការអនុវត្ត​អ្វីដែល​ពួកគេ​សន្យា​ហាក់​នៅ​ឆ្ងាយ​ពី​ក្តីសង្ឃឹម​សម្រាប់​ពលរដ្ឋ​មីយ៉ាន់ម៉ា​។

លោក ​វណ្ណៈ បាន​ថ្លែងថា​៖ «​គណនេយ្យភាព​ប្រជាធិបតេយ្យ​របស់​ពួកយោធា សឹងតែ​គ្មាន​សោះ​ក្នុង​ក្រសែភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ភូមា​។ ការចរចា​ដោះស្រាយ​ជម្លោះ​នៅ​ភូមា ដែល​មិនមាន​តួអង្គ​ជម្លោះ​ពាក់ព័ន្ធ​ចូលរួម វា​គ្រាន់តែ​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​ល្អ ប៉ុន្តែ​មិន​រំពឹងថា ទទួលបាន​លទ្ធផល​ល្អ​នោះទេ​»​។

លោក​ គិន ភា អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៩ ខែមករា ថា វា​ជា​ជោគជ័យ​ធំធេង​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​។ ព្រោះ​អ្វីដែល​បានលើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ​ហាក់​ដូចជា​បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចព្រមព្រៀង ​៥ ​ចំណុច​របស់​អាស៊ាន​។ ប្រសិនបើ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​អាច​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ វា​គឺជា​ជំហាន​ឆ្ពោះទៅរក​ការទទួល​បាន​ជោគជ័យ​នូវ​សន្តិភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​ក្នុងពេល​អនាគត​។

លោក ​គិន ភា បាន​ថ្លែងថា​៖ «​ក៏ប៉ុន្តែ​ចំណុច​បារម្ភ​មួយ​ត្រង់​ថា អ្វីដែល​លើកឡើង​ហ្នឹង ជា​ឆន្ទៈ​របស់​ពួកយោធា ក៏ប៉ុន្តែ​មិនដឹងថា ក្រុម​ពាក់ព័ន្ធ​ដទៃទៀត គឺ​រួមគ្នា​អនុវត្ត​នៅលើ​ចំណុច​ដែល​បានលើកឡើង​ហ្នឹង ឬ​យ៉ាងណា​?»៕

វីដេអូ៖