ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសអនុម័តបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ បន្ទាប់ពីបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជានេះ ដែលភាគីពាក់ព័ន្ធបានផ្តល់ត្រឡប់មកវិញ។
សេចក្តីប្រកាសព័ត៌មាន គជប នៅថ្ងៃទី ៧ ខែមករា ឱ្យដឹងថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីដែលមាន ១៤ ជំពូក និង ១៨៧ ប្រការ ព្រមទាំងមាន ៩ ឧបសម្ព័ន្ធ ត្រូវបាន គជប បញ្ជូនទៅឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីសុំផ្តល់យោបល់រួមមានក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ចំនួន ៩ គណបក្សនយោបាយចំនួន ២៦ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើអនុសាសន៍របស់ភាគីពាក់ព័ន្ធរួចមក គជប បានសម្រេចអនុម័តកែសម្រួលនូវចំណុចមួយចំនួន។ គជប បញ្ជាក់ថា៖ «ចំណុចដែលមានការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធនោះ គឺការបំពេញ និងប្រើប្រាស់ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)។ ទាក់ទងនឹងចំណុចនេះ គជប បានចេញសេចក្តីបំភ្លឺរួចហើយតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២»។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅថ្ងៃទី ៩ ខែមករាថា ក្រោយពីមានការទាមទារ គជប បានបន្តរក្សាទុកចំណុចមួយ ដែលទាក់ទងការបិទផ្សាយលទ្ធផលសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត។ ប៉ុន្តែយ៉ាងណា គជប នៅតែមិនព្រមចែកចាយលទ្ធផលបោះឆ្នោតចម្លងនៃលទ្ធផលបោះឆ្នោតទៅកាន់គណបក្សនយោបាយដដែល ហេតុនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែបន្តការតស៊ូទាមទារទៀត ព្រោះបើសិន គជប មិនចម្លងលទ្ធផលបោះឆ្នោតឱ្យទៅភ្នាក់ងារគណបក្សនយោបាយ គឺគ្មានឯកសារណាជាតឹកតាងសម្រាប់ធ្វើការប្រៀបធៀបឡើយ។
លោកថ្លែងថា៖ «គជប ថា នឹងដាក់បញ្ចូលលទ្ធផលទៅក្នុង system ហើយថតជូនពួកយើងទាំងអស់គ្នា ហេតុនេះ អ្វីដែលពួកយើងបារម្ភគឺ យើងមិនដឹងថា ដាក់ចូលក្នុង system ទៅវាយ៉ាងម៉េច។ អ៊ីចឹងយើងចង់ឱ្យពួកគាត់ចម្លងឱ្យយើងទៅ ហើយចាំគាត់យកទៅ upload ចូល system ទៅ បើសិនជាមានបញ្ហាអីយើងអាចផ្ទៀងគ្នាបាន រវាងឯកសារនៅក្នុង system និងឯកសារនៅក្នុងដៃរបស់យើង» ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែងនៅថ្ងៃទី ៩ ខែមករាថា ការដែលមានការស្នើសុំទាមទាររបស់គណបក្សនយោបាយ គឺជាសិទ្ធិរបស់គេ ប៉ុន្តែអ្វីដែលជានីតិវិធី គឺ គជប បានប្រជុំ និងអនុម័តរួចរាល់ហើយ។ មិនត្រឹមតែមតិយោបល់របស់គណបក្សនយោបាយមួយ ឬស្ថាប័នអង្គភាពមួយទេ គឺ គជប ប្រមូលយកទាំងអស់ហេតុនេះបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅតាមអ្វីដែលជាការអនុម័តចុងក្រោយរបស់ គជប ដោយមិនមានការកែប្រែទៀតទេ។ នីតិវិធីដែលនឹងត្រូវអនុវត្តក្នុងពេលខាងមុខនេះមិនមានអ្វីខុសប្លែកពីការបោះ-ឆ្នោតលើកមុនទេ គ្រាន់តែថា ទម្រង់កំណត់ហេតុស្តីពីការរាប់សន្លឹកឆ្នោតគឺអត់មានការចែកផ្សាយនៅតាមការិយាល័យបោះឆ្នោត ប៉ុន្តែគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធអាចទៅស្នើសុំនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ លោកបន្ថែមថា នេះគ្រាន់តែជាការកែសម្រួលបច្ចេកទេសដើម្បីឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ព្រោះពីមុនទម្រង់ ១១០២ នេះ គឺបិទផ្សាយនៅមុខការិយាល័យរាប់សន្លឹកឆ្នោត ហើយឥឡូវក៏នៅតែបន្តបិទផ្សាយដដែលទេ គ្រាន់តែថា ប្រសិនបើ គណបក្សនយោបាយចង់បាន គឺអាចថតយកពីក្រដាសដែលបានបិទនោះ។ អ្វីដែល គជប កែប្រែនេះគឺត្រង់ថា កន្លងមកដើម្បីផ្សព្វផ្សាយបានគឺនៅតាមការិយាល័យអត់មានឧបករណ៍ទំនើប ឬក៏ម៉ាស៊ីនកុំព្យូទ័រ ព្រីនធ័រ ឬស្គែន័រនោះទេ ហេតុនេះការចម្លងដោយដៃអាចមានការខុសឆ្គង បង្កឱ្យមានការប្រកែករកខុសត្រូវ។ លោកថា៖ «នៅពេលដែលទម្រង់នេះត្រូវបានបញ្ជូនមកដល់គណៈ-កម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតហើយ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត លោកនឹងធ្វើការស្គែនអ៊ីចឹងគឺរូបភាព ១០០% ពីការិយាល័យបោះឆ្នោត លទ្ធផលនៃការរាប់សន្លឹកឆ្នោត ១០០% គឺត្រូវបានស្គែនដោយឧបករណ៍ស្វ័យប្រវត្តិហើយ ទោះបីជាព្រីនប៉ុន្មាន ក៏នៅតែប៉ុណ្ណឹងមិនមានបញ្ហាដូចការចម្លងដៃធ្វើការចែកផ្សព្វផ្សាយនោះទេ»៕