ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរទូទាំងរាជធានី ខេត្ត ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីដើរឱ្យទាន់នៃការឆ្លងចូលនូវវីរុសប្រភេទថ្មីអូមីក្រុងដែលកំពុងឆ្លងចូលក្នុងសហគមន៍ ខណៈលោកក៏បានអនុញ្ញាតផងដែរ ឱ្យប្រជាពលរដ្ឋដែលចង់ចាក់វ៉ាក់សាំងដូសទី ៤ អាចមកទទួលវ៉ាក់សាំងនេះបាននៅរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភ័ណ ដោយលោកក៏បានបញ្ជាក់ផងដែរថា លោកបានបញ្ជាឱ្យទិញវ៉ាក់សាំងបង្ការកូវីដ ១៩ បន្ថែមទៀតរហូតដល់ ៥ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
លោកបានថ្លែងថា ៖ «ខ្ញុំសុំស្នើឱ្យខេត្តនីមួយៗ ត្រូវតែធ្វើការខិតខំក្នុងដំណើរការចាក់ដូសជំរុញ ឬដូសទី ៣ ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីដើរឱ្យទាន់នៃការឆ្លងចូលនូវវីរុសអូមីក្រុងដែលកំពុងឈានចូលក្នុងសហគមន៍។ យើងគ្មានជម្រើសណាដែលល្អជាងនេះទេ ដូចនេះគ្រប់ខេត្តទាំងអស់ត្រូវខិតខំ ដើម្បីជំរុញល្បឿននៃការចាក់ដូសទី ៣នេះ ហើយយើងក៏នៅតែបន្តការចាក់ដូសទី ១ ដល់អ្នកខ្លះមិនទាន់បានចាក់ផងដែរ»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញនូវបទបញ្ជាទៅដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ អនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែង ឬតាមបណ្តាខេត្តនានានាអាចមកចាក់វ៉ាក់សាំងដូសទី ៤ បានដោយប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ Pfizer។
លោកមានប្រសាសន៍ថា៖ «វ៉ាក់សាំង Pfizer យកចេញទៅក្រៅមិនរួចទេ ដោយសារតែវ៉ាក់សាំងនេះត្រូវរក្សានៅក្នុងសីតុណ្ហភាព ៨០ អង្សា ក្រោមសូន្យ (-៨០)។ ខ្ញុំបានដាក់បទបញ្ជារួចហើយ គឺចាក់ទៅដល់គ្រប់ប្រជាពលរដ្ឋដែលមកពីគ្រប់កន្លែងណាក៏បានដែរ។ បើអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer គឺចាក់ឱ្យពួកគាត់បាន ដោយសារវ៉ាក់សាំងនេះដឹកចេញទៅខេត្តមិនមានប្រព័ន្ធត្រជាក់ -៨០ អង្សាវានឹងខូច។ សំខាន់ត្រូវឱ្យវ៉ាក់សាំងបានចូលទៅក្នុងខ្លួនមនុស្ស»។
លោក ហ៊ុន សែន ក៏បានបន្ថែមទៀតថា អ្វីដែលជាបញ្ហាមិនមែនខ្លាចការដណ្តើមវ៉ាក់សាំងគ្នាចាក់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺការមកដល់របស់វីរុសកូវីដ ១៩ ប្រភេទអូមីក្រុង ហើយលោកខ្លាចថា ប្រជាពលរដ្ឋរបស់លោកមិនចាក់វ៉ាក់សាំង។
លោកបានបញ្ជាក់ទៀតថា៖ «ខ្ញុំនឹងចាក់វ៉ាក់សាំងដូសទី ៤ នៅថ្ងៃទី ១៤ ខែមករា ដោយសារនៅថ្ងៃទី ២៣ ខែមករាខ្ញុំនឹងចេញទៅអារ៉ាប់ អេម៉ារ៉ាត់។ អ៊ីចឹង ខ្ញុំមានស្បែកការពារខ្លួន ក្រែងលោអូមីក្រុងលេងខ្ញុំនៅឯឌូបៃ គ្មានអ្នកណាមើលឃើញទេ»។
មុនពេល លោក ហ៊ុន សែន ចេញទៅប្រទេសមីយ៉ាន់ម៉ា លោកបានធ្វើសំណាកតេស្តកូវីដ-១៩ ហើយពេលនោះលោកក៏បានឆ្លៀតជួសឈាម ដើម្បីពិនិត្យពីអង់ទីគ័ររបស់វាផងដែរ។
លោកបានថ្លែងថា៖ «អង់ទីគ័រខ្ញុំនៅសល់ជាង ៧០០ ចំណែកប្រពន្ធខ្ញុំនៅសល់ទាប គឺប្រមាណជា ៤០០ ទេ។ អ៊ីចឹងត្រូវថែម Pfizer ដែលប្រទេសអូស្ត្រាលីឱ្យមកនេះទៀត»។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ៥ លានដូស បន្ថែមទៀតផងដែរ បើទោះបីកម្ពុជាមានវ៉ាក់សាំងក្នុងឃ្លាំងចំនួនជាង ១០ លានដូសក៏ដោយ។
លោកបានលើកឡើងថា៖ «ប្រសិនបើយើងគិតឱ្យគ្រប់សម្រាប់ដូសជំរុញជាបន្តបន្ទាប់ទៀតយើងនៅខ្វះវ៉ាក់សាំងចំនួន ៨ លានដូសទៀតហើយម្សិលមិញនេះ ខ្ញុំឱ្យរកទិញបន្ថែមចំនួន ៥ លានដូសបញ្ចូលក្នុងឃ្លាំងបន្ថែមទៀត ហើយនៅពេលដែលវ៉ាក់សាំង ៥ លានដូសនេះមកដល់ហើយ ត្រូវថែម ៥ លានដូសទៀត ដោយសារយើងមិនដឹងថា តើពេលណាវាចប់នោះទេ និងដើម្បីធានាថា ប្រជាជនកម្ពុជានឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ដូសជំរុញ»។
ទាក់ទង នឹងការចាក់វ៉ាក់សាំងដូសទី ៤ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានពន្យល់ថា ដោយសារវីរុសកូវីដ ១៩ នេះមានការបំប្លែងជាបន្តបន្ទាប់ អ្នកស្រាវជ្រាវវេជ្ជសាស្ត្រក៏បានធ្វើការជាបន្តបន្ទាប់ដូចគ្នាផងដែរ។
លោកស្រីមានប្រសាសន៍ថា៖ «ការស្រាវជ្រាវនេះក៏មានលទ្ធផលបង្ហាញផងដែរថា ការដែលយើងចាក់ដូសទី ៣ ឬដូសជំរុញនេះ គឺដើម្បីបង្កើនកងការពារឱ្យបានរឹងមាំ ហើយបើយោងតាមបទពិសោធនិងការសិក្សាជាក់ស្តែងគឺគេសង្កេតឃើញថា ការប្រើវ៉ាក់សាំងប្រភេទខុសគ្នានូវដូសមូលដ្ឋាន (ដូសទី ១ និងទី ២) និងដូសទី ៣ គឺបានជំរុញឱ្យមានកងការពារបានខ្ពស់ និងល្អប្រសើរ»។
នៅក្នុងបរិបទនៃការវាយលុករបស់ពពួកវីរុសអូមីក្រុង ការសិក្សាក៏បានបង្ហាញទៀតថាប្រសិនបើបន្តការចាក់វ៉ាក់សាំងនៅប្រភេទណាមួយទៀតដែលវាដូចគ្នា ឬផ្ទុយគ្នាពីដូសទី ១ ទី ២ និងដូសទី ៣ នេះ វានឹងបង្កើនថែមទៀតនូវភាពរឹងមាំនូវកងការពារ ដើម្បីទប់ស្កាត់នូវការវាយលុកពីប្រភេទវីរុសអូមីក្រុង។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្រី ឱ វណ្ណឌីន។
លោកស្រីថា៖ «វ៉ាក់សាំងទាំងអស់ដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកសុទ្ធតែជាប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងគុណភាពសម្រាប់ប្រើប្រាស់នៅលើសរីរាង្គរបស់មនុស្ស។
ដូចនេះមិនមានការរើសអើង ឬក៏ថា វ៉ាក់សាំងនេះល្អ ឬមិនល្អនោះទេតែមានន័យថា ការប្រើប្រាស់វ៉ាក់សាំងនេះគឺប្រើប្រាស់ទៅតាមដំណាក់កាល»។
អ្នកនាំពាក្យរូបនេះបានបន្តថាវាក៏បង្ហាញពីប្រសិទ្ធភាពបន្ថែមនៃវ៉ាក់សាំងក៏ដូចជា បង្កើននូវអង់ទីគ័រសម្រាប់សរីរាង្គរបស់មនុស្សនៅក្នុងការទប់ទល់ជាមួយនឹងវីរុសអូមីក្រុង៕
វីដេអូ៖