ភ្នំពេញៈ ថ្ងៃទី ១០ ខែមករា ជាថ្ងៃបើកទំព័រថ្មីនៃឆ្នាំសិក្សា ២០២១-២០២២ ក្នុងការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃរបស់សិស្សានុសិស្សនៅទូទាំងប្រទេសចូលរៀនដោយផ្ទាល់ក្នុងថ្នាក់ឡើងវិញ តាម «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» បន្ទាប់ពីថ្នាក់រៀនត្រូវបានជំនួសដោយការរៀនពីចម្ងាយអស់រយៈពេលជិត ២ ឆ្នាំមក។ តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩ នៅខែមីនា ឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងប្រយ័ត្នប្រយែង ព្រមទាំងអាចកត់ត្រាទុក និងរៀនសូត្រជាមេរៀនបទពិសោធ សម្រាប់ការអនុវត្ត «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ»។
ក្នុងនោះ រួមមាន ការយកចិត្តទុកដាក់ដល់អាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព។ ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាស្របតាមគោលការណ៍ «៣ កុំ ៣ ការពារ» តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការជួយគាំទ្រអំពីវិធានការការពារខ្លួនពីការឆ្លងកូវីដ ១៩។ ការអនុវត្តវិធានការគ្រប់គ្រង និងរដ្ឋបាលតាមប្រព័ន្ធឌីជីថលដែលមានប្រសិទ្ធភាព និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនបុគ្គលិកអប់រំ និងសិស្សានុសិស្សឱ្យបានគ្រប់គ្នាជាដើម។
លោកបានថ្លែងថា៖ «វិធានការខាងលើនេះបានធានាឱ្យបុគ្គលិកអប់រំអាចបន្តបំពេញការងារ និងសិស្សានុសិស្សនៅគ្រប់ភូមិសិក្សាអាចទទួលបានសេវាអប់រំតាមគ្រប់រូបភាព និងខ្ញុំនៅតែសង្កត់ធ្ងន់ថា វិធានការទាំងនេះនៅតែមានសុពលភាពបន្តទៀតក្នុងបរិបទដែលកូវីដ ១៩ ឬមេរោគបំប្លែងថ្មីមិនទាន់រលាយបាត់»។
រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញថា នៅខែកញ្ញា ឆ្នាំ ២០២១ ក្រសួងអប់រំ បានអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុះនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានឧត្តមសិក្សាដោយរលូន។ ពុំមានហេតុការណ៍អ្វីកើតឡើងគួរកត់សម្គាល់ ពាក់ព័ន្ធនឹងកត្តាសុខភាពរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សឡើយ។ ជាពិសេស ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ។ នេះជាការបន្ថែមរបស់លោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រីថ្លែងថា ក្នុងខែធ្នូ ឆ្នាំ ២០២១ លោកបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងបានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ។
លោកបញ្ជាក់ថា កត្តាទាំងនេះហើយបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ សម្រាប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសក្រោមទស្សនទានថ្មីគឺ «គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ»។ ក្រសួងអប់រំបានកំណត់យកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្សជាកុលបុត្រកុលធីតាជាទីស្រឡាញ់គ្រប់ៗគ្នា។
ក្រសួងអប់រំ ឱ្យដឹងថា ដោយអនុវត្ដតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នៅទូទាំងប្រទេសបានធ្វើពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅថ្ងៃទី ១០ ខែមករា ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត។ ក្នុងនោះលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មីនេះ នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងខេត្ដសៀមរាប។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។
លោកបន្តថា៖ «ពេលនេះរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជា អាទិភាពទី ១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី ១ គឺការពង្រឹង គុណភាពអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ពីការអនុវត្តនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព»។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ ទេសចរណ៍នៃរដ្ឋសភា) ថ្លែងអបអរសាទរជាមួយក្រសួងអប់រំ ក្នុងថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលសិស្សានុសិស្សគ្រប់ថ្នាក់ និងគ្រប់ភូមិសិក្សានៅទូទាំងប្រទេសបានចូលរៀនដោយផ្ទាល់ ឡើងវិញបន្ទាប់ពីថ្នាក់រៀនត្រូវបានជំនួសដោយការរៀនពីចម្ងាយអស់រយៈពេលជិត ២ ឆ្នាំ។
លោកថ្លែងថា៖ «ឆ្លៀតក្នុងឱកាសនេះក្នុងនាមជាប្រជាពលរដ្ឋ និងជាអាណាព្យាបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលក្នុងរយៈកាលកន្លងមកនេះ បានខិតខំប្រឹងប្រែងតស៊ូជម្នះការលំបាកសព្វបែបយ៉ាង ដើម្បីធានាបាននូវការបន្តការផ្តល់ការអប់រំដល់សិស្សានុសិស្សក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩»។
លោកថា ឆ្នាំ ២០២២ បានបង្ហាញពីការបើកឡើងវិញនៃសង្គម សេដ្ឋកិច្ច ក្នុងប្រក្រតីភាពនៃគន្លងថ្មី ដែលទាំងអស់គ្នាត្រូវរៀនរស់នៅជាមួយវាក្នុងលក្ខណៈ យូរអង្វែង។ លោកបានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងជាពិសេសសិស្សានុសិស្សទាំងអស់បន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាលនានា ដើម្បីសាលារៀនក្លាយជាទីកន្លែងដែល ផ្តល់ការអប់រំប្រកបដោយសុវត្ថិភាព និងមិនមែនជាកន្លែងចម្លងមេរោគកូវីដ ១៩ ចូលសហគមន៍។
ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២១-២០២២ ទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក លោកនាយករដ្ឋមន្ដ្រីបានណែនាំឱ្យក្រសួងអប់រំ ត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនទាន ថ្មី «គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើស និងអភិវឌ្ឍធនធានបង្រៀន និងរៀនឱ្យបានច្រើន សម្បូរបែប ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានការឆ្លើយតប និងរស់រវើក ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការ និងវិសហមជ្ឈការនៃសេវាអប់រំ៕
វីដេអូ៖