ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើបណ្តាប្រទេសអាស៊ានបង្កើតយន្តការត្រយកា (Troika) ដែលមានភាគី ៣ ប្រទេសចូលរួម គឺប្រ៊ុយណេ កម្ពុជានិងឥណ្ឌូនេស៊ី ដើម្បីធ្វើការសម្របសម្រួលលើបទឈប់បាញ់ នៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។
លោកថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១០ មករា។
លោក ហ៊ុន សែន ថ្លែងថា៖ «ហោចណាស់យើងបង្កើតឱ្យមានត្រយកា។ ត្រយកានេះមានអតីតប្រធាន គឺប្រ៊ុយណេ ប្រធានបច្ចុប្បន្ន គឺកម្ពុជា អនាគតប្រធាន គឺឥណ្ឌូនេស៊ី បូកជាមួយនឹងលេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើការសម្របសម្រួលជាមួយនឹងការឈប់បាញ់»។
លោកបន្ថែមថា៖ «វាទាល់តែមានយន្តការអនុវត្តទើបអាចអនុវត្តបាន។ អ៊ីចឹងនៅពេលមានការអនុវត្តនេះគឺក្នុងហ្នឹងខាងភាគីមីយ៉ាន់ម៉ាបានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច»។
ក្នុងជំនួបរវាងលោក ហ៊ុន សែន និងមេដឹកនាំយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីថ្ងៃទី ៧ មករា ភាគីទាំង ២បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដោយក្នុងនោះលោក មីន អ៊ុងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២ និងបានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌។
លោកនាយករដ្ឋមន្ត្រីថ្លែងថា ដើម្បីឱ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ នៅមីយ៉ាន់ម៉ា អាស៊ានគប្បីដើរតួនាទីចូលទៅធ្វើការសម្របសម្រួលភាគីដែលមានជម្លោះឱ្យមានការឈប់បាញ់។ វាគឺជាការល្អប្រសើរណាស់ជាមួយនឹងការមិនមានអំពើហិង្សា និងមិនមានសង្គ្រាមប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវានឹងបង្កបរិយាកាសអំណោយផលសម្រាប់ឈានឆ្ពោះទៅរកការសន្ទនា ក្នុងន័យស្ថាបនា ហើយសម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោត ដែលមីយ៉ាន់ម៉ា កំណត់ថានឹងធ្វើក្នុងខែសីហា ឆ្នាំ ២០២៣។ បើមិនដូច្នេះទេ ការបោះឆ្នោតនេះក៏មិនអាចធ្វើទៅរួចនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹង ខ្ញុំសង្ឃឹមថា ដៃគូទាំងអស់ក្នុងអាស៊ានរបស់យើង នឹងខិតខំ ដើម្បីបង្កើតឱ្យមានយន្តការមួយ ហើយយន្តការនេះ វាមិនមែនជាយន្តការរបស់កម្ពុជាទេ គ្រាន់តែកម្ពុជាជាប្រធាននៅពេលនេះ។ តែរឿងនេះវាមិនអាចចប់ត្រឹមក្នុងឆ្នាំ ២០២២ ទេ។ រឿងនេះវានឹងទៅដល់ដៃអាស៊ានប្រធានថ្មី គឺឥណ្ឌូនេស៊ី ហើយពេលនោះ [២០២៣] ត្រយកានឹងទៅជាកម្ពុជាអតីតប្រធាន [អាស៊ានវិញ]។ ឆ្នាំ ២០២៣ ឥណ្ឌូនេស៊ី [ជាប្រធានអាស៊ាន] ហើយនិងអនាគត [២០២៤] ប្រធានដូចជាទៅឡាវ»។
លោក ហ៊ុន សែន បន្ថែមថា៖ «អ៊ីចឹងទេ យន្តការបែបនេះគួរត្រូវបានបង្កើតដោយមានការស្រុះស្រួលនៅក្នុងចំណោមអាស៊ានរបស់យើង។ មីយ៉ាន់ម៉ាខ្លួនឯងក៏ត្រូវមានយន្តការមួយដើម្បីធ្វើការជាមួយនឹងអាស៊ាន។ អាស៊ានមិនអាចលើកកម្លាំងទៅដោយគ្មានការយល់ព្រមរបស់មីយ៉ាន់ម៉ានោះទេ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា នេះមិនមែនជាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនោះទេ តែជាប្រតិបត្តិការរបស់ក្រុមប្រទេសអាស៊ាន ដែលជួយដោះស្រាយជម្លោះប្រដាប់អាវុធក្នុងប្រទេសជាសមាជិកអាស៊ាន។ វាមិនមែន ជាការជ្រៀតជ្រែកនោះទេ តែនេះជាការផ្តល់ឱ្យមីយ៉ាន់ម៉ា នូវតួអង្គអាស៊ានក្នុងការដើរតួនាទីសម្របសម្រួល ហើយវាក៏មិនមែនជាបញ្ហាដោយឡែករបស់កម្ពុជា និងមីយ៉ាន់ម៉ានោះដែរ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងនាថ្ងៃទី ១០ មករា ថា វាជាការផ្តួចផ្តើមល្អ។ ប្រសិនបើកម្ពុជាអាចសម្របសម្រួលឱ្យមានពហុនិយមក្នុងការដោះស្រាយជម្លោះ វាអាចជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការចូលរួមដោះស្រាយវិបត្តិដ៏ចាក់ស្រែះនៅមីយ៉ាន់ម៉ា។
លោកថ្លែងថា បើធ្វើដូច្នេះបានចេតនាល្អដែលកម្ពុជាផ្តួចផ្តើម នឹងប្រហែលទទួលបានលទ្ធផលគួរសាទរ។ ប៉ុន្តែយ៉ាងណា កូនសោគន្លឹះគឺនៅក្នុងដៃ «ពួកយោធា» ដែលកំពុងក្តោបអំណាច។
លោក វណ្ណៈ ថ្លែងថា៖ «ហេតុដូចនេះ ការចូលរួមរបស់ភាគីពាក់ព័ន្ធជម្លោះនយោបាយអំណាចរបស់ភូមា ត្រូវតែចាំបាច់នៅក្នុងដំណើរការចរចា ដោយមានការសម្របសម្រួលពីអាស៊ាន ដែលមានកម្ពុជាកំពុងស្វះស្វែងការគាំទ្រតួនាទីនេះ និងបើអាចទៅរួច សហគមន៍អន្តរជាតិផងដែរ។ សូមចងចាំថា ចេតនាល្អនឹងមិនប្រាកដជាផលិតបានលទ្ធផលល្អនោះទេ ប្រសិនបើមធ្យោបាយមិនមានប្រសិទ្ធភាព»។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១០ មករា ថា វាពិតជាល្អណាស់ ដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន មានសកម្មភាពយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ នៃវិបត្តិនៅមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «នេះបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងអាស៊ាន និងបង្ហាញថា កម្ពុជាជាប្រទេសតូច ដែលមានបេះដូងធំ»៕