ភ្នំពេញៈ មុនការចុះបញ្ជីគណបក្សនយោបាយក៏ដូចជាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាខាងមុខ ថ្នាក់ដឹកនាំគណបក្សនយោបាយនានានៅកម្ពុជាបានចាប់ផ្តើមចុះទៅមូលដ្ឋានជួបជាមួយអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន ដើម្បីពង្រឹងក៏ដូចជារៀបចំរចនាសម្ព័ន្ធឱ្យបានរឹងមាំ ដើម្បីឈានទៅរកការបោះឆ្នោតនាពេលខាងមុខ។
លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ ថា គិតមកទល់ពេលនេះថ្នាក់ដឹកនាំគណបក្សនេះបានចុះទៅជួបអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនបាន ១៦ រាជធានីខេត្តរួចមកហើយ និងកំពុងបន្តចុះទៅតាមខេត្តដែលនៅសល់ផ្សេងទៀត។
ជាមួយគ្នានេះ អ្នកគាំទ្ររបស់គណបក្សនេះក៏បានទទួលរាក់ទាក់ និងផ្តល់សង្ឃឹមឡើងវិញផងដែរ។
លោកបន្តថា ក្នុងដំណើរចុះទៅជួបអ្នកគាំទ្រនៅតាមមូលដ្ឋាននេះមិនទាន់មានការគំរាមកំហែង ឬគាបសង្កត់ពីអាជ្ញាធរណាមួយទេ ប៉ុន្តែនៅខេត្តសៀមរាបមានករណីកាប់ស្លាកគណបក្ស និងយកទៅបាត់។ រីឯនៅខេត្តប៉ៃលិន អាជ្ញាធររដ្ឋបាលក្រុងបានចុះមកណែនាំមិនឱ្យអ្នកគាំទ្រវាយប្រហារថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ព្រមទាំងមិនឱ្យមានការញុះញង់ជាដើម។
លោកថ្លែងថា៖ «ជារួមគឺមិនមានបញ្ហាអ្វីទេ នៅពេលយើងចុះទៅជួបអ្នកគាំទ្រ។ ចំណែកការចូលរួមបោះឆ្នោតយើងនៅតែតាមដានបន្តទៀតសិន ព្រោះវាស្ថិតនៅលើសកម្មជនរបស់យើង។ ចុងក្រោយ យើងនឹងជួបជុំសកម្មជនទាំងអស់បើពួកគាត់មានលទ្ធភាព គិតថា គាត់អាចចូលប្រកួតបាន យើងគោរពឆន្ទៈរបស់គាត់»។
យ៉ាងណាក្ដី លោក ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្សភ្លើងទៀនបច្ចុប្បន្ន បាននិងកំពុងជំរុញឱ្យអ្នកគាំទ្រនៅមូលដ្ឋានរៀបចំរចនាសម្ព័ន្ធឃុំសង្កាត់ឱ្យបាន ១០០% នៅដំណាច់ខែមករានេះ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ប៉ុន្តែបើមិនចូលរួម គណបក្សក៏អាចរក្សាកម្លាំងសម្រាប់បោះឆ្នោតនៅពេលខាងមុខទៀត។
ចំណែកលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចឱ្យដឹងដែរថា គណបក្សហ៊្វុនស៊ិនប៉ិចដែលមានព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ជាប្រធានស្តីទីក៏បានចុះជួបអ្នកគាំទ្រ និងសកម្មជននៅមូលដ្ឋានផងដែរ ដើម្បីប្រមូលអ្នករាជានិយម និងអ្នកសីហនុនិយម ពិសេសអ្នករណឫទ្ធិនិយមដែលធ្លាប់ដង្ហែតាមលោកកន្លងមក ដើម្បីឱ្យរឹងមាំឡើងវិញ។
លោកបន្តថា ក្នុងនោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏បានប្តេជ្ញាចិត្តក្នុងការប្រមូលអ្នកគាំទ្រឱ្យក្លាយជាកម្លាំងដ៏រឹងមាំរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការចុះអមដំណើរជាមួយព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ខ្ញុំសង្កេតឃើញថា ទឹកចិត្តមោះមុតរបស់សមាជិកសមាជិកាក៏ដូចជាថ្នាក់ដឹកនាំនៅតាមខេត្តមានការគាំទ្រច្រើន ជាពិសេសឃើញនូវព្រះវត្តមានរបស់អង្គម្ចាស់ដែលជាយុវជន និងបញ្ញវន្តមួយរូបដែលសម្តេចក្រុមព្រះផ្តល់សិទ្ធិ។ គាត់ពេញចិត្តខ្លាំង»។
បើតាម លោក ញឿន រ៉ាដែន ចំណែកសមត្ថកិច្ចនៅមូលដ្ឋានក៏បានចូលរួមការពារសុវត្ថិភាពជូនព្រះអង្គម្ចាស់នរោត្តម ចក្រាវុធដែរ ដោយមិនមានការគំរាមកំហែងទេ។ ជាមួយគ្នានេះគណបក្សនេះក៏បានជូនដំណឹងដល់អាជ្ញាធរទៅតាមច្បាប់ផងដែរ។
រីឯលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ ខែមករា ឆ្នាំនេះថា ថ្នាក់ដឹកនាំគណបក្សក៏បានចុះមូលដ្ឋានក្នុងប្រទេសផងដែរគឺដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ក៏ដូចជាដើម្បីកសាងកម្លាំងគាំទ្រនៅថ្នាក់មូលដ្ឋានឱ្យបានរឹងមាំ។
ទោះជាយ៉ាងណា លោកថា ការចុះជួបសកម្មជន និងអ្នកគាំទ្រនេះ ក៏មានការតាមដានពីអាជ្ញាធរមូលដ្ឋានដែរ ដោយមានរហូតដល់ថតរូប និងជួបសួរនាំសកម្មជន និងអ្នកគាំទ្រគណបក្សនៅតាមលំនៅឋានទៀតផង។
សកម្មភាពនេះបង្ហាញពីការបំភិតបំភ័យ និងគំរាមដល់សិទ្ធិចូលរួម និងគាំទ្រគណបក្សនយោបាយរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគាត់វាជារូបភាពបំភិតបំភ័យនៅពេលដែលចុះទៅសួរគេជជែកពីអី? គេធ្វើអី?
សកម្មភាពនេះវាអាចជាការរំលោភបំពានទៅលើសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋផងដែរ បើផ្អែកទៅលើច្បាប់ និងរដ្ឋធម្មនុញ្ញ។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន-កម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះដែរថា ការធ្វើសកម្មភាពចុះទៅជួបសកម្មជន និងអ្នកគាំទ្រនៅមូលដ្ឋានទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀតដែលបាននិងកំពុងធ្វើនាពេលនេះបង្ហាញពីកម្ពុជាមានលម្ហនយោបាយទូលំទូលាយ។
មួយវិញទៀត គ្រប់គណបក្សនយោបាយដែលទទួលស្គាល់ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃសុទ្ធតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ចំពោះការធ្វើសកម្មភាពនយោបាយ។
លោកបានបន្តថា ចំពោះការព្រួយបារម្ភរបស់គណបក្សខ្លះពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានចុះទៅសួរនាំគឺជាការបារម្ភខុសបែបបទ ព្រោះអាជ្ញាធរមូលដ្ឋានមានតួនាទីចូលរួមការពារ និងសម្រួលសកម្មភាពរបស់គណបក្សនយោបាយទាំងនោះទៅវិញទេ។
លោកបានបញ្ជាក់ថា៖ «តួនាទីរបស់អាជ្ញាធរមូលដ្ឋាន គាត់មានជាប្រចាំ បញ្ហាសំខាន់គឺគ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា មុននឹងធ្វើសកម្មភាពនៅមូលដ្ឋាន កុំឱ្យភ័យព្រួយត្រូវតែផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគេសហការជាមួយ និងការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូន និងសម្រួលដល់សកម្មភាពនយោបាយឱ្យកាន់តែរលូន»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ចំពោះសកម្មភាពដែលគណបក្សនយោបាយនានា ចុះទៅជួបអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួននៅមុនការបោះឆ្នោតនេះគឺជាសកម្មភាពមួយដែលគណបក្សកាន់អំណាចប្រាថ្នាចង់បាន ព្រោះវាបង្ហាញពីកម្ពុជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងប្រទេស។
ក៏ប៉ុន្តែលោកបញ្ជាក់ថា សកម្មភាពទាំងនេះ វាមិនទាន់ស្តែងចេញនូវបរិយាកាសសេរី និងយុត្តិធម៌ក្នុងសកម្មភាពនយោបាយ និងឃោសនានោះទេ ព្រោះច្បាប់នៅកម្ពុជាមានការរឹតត្បិតច្រើន និងមិនទាន់ដាស់សតិអារម្មណ៍របស់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួម និងធ្វើនយោបាយនៅឡើយទេ ។
លោកថ្លែងថា៖ «ការចុះទៅជួបអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សនយោបាយនៅពេលនេះ ជាទស្សនៈខ្ញុំ គឺមិនទាន់បង្ហាញពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សទេ។ វាគ្រាន់តែសកម្មភាពមួយទេ ប៉ុន្តែបើឱ្យមានយន្តការពេញលេញ តំណាងឱ្យសង្គមប្រជាធិបតេយ្យ វាមិនទាន់ទេ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សោម សូរីដា ឱ្យដឹងដែរថា ចំពោះគណបក្សនយោបាយដែលចុះទៅជួបអ្នកគាំទ្រក៏ដូចជាប្រជាពលរដ្ឋនៅពេលនេះកំពុងតែអនុវត្តទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលសកម្មភាពនេះត្រូវបានគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។ សម្រាប់ គ.ជ.ប គឺគ្រប់គ្រងសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ នៅក្នុងអំឡុងពេល ១៤ ថ្ងៃ នៃយុទ្ធនាការបោះឆ្នោត តែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា រយៈពេល ១៤ ថ្ងៃនៃការគ្រប់គ្រងសកម្មភាពឃោសនាគណបក្សនយោបាយនោះ គឺចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃ ៣ ខែមិថុនា ឆ្នាំ ២០២២»៕