ភ្នំពេញៈ អ្នកធ្វើអាជីវកម្ម ដាយត្រី ក្នុងរាជធានីភ្នំពេញបាននិយាយថា ប្រភេទត្រីប្រហុកឆ្នាំនេះមិនសូវល្អដូចឆ្នាំមុនៗនោះទេ ដោយសារសម្បូរតែប្រភេទត្រីចង្វាស្លឹកឫស្សី ដែលជាទូទៅគេមិននិយមយកត្រីប្រភេទនេះមកធ្វើជាប្រហុក ផ្អក ឬត្រីឆ្អើរឡើយ ខណៈមន្ត្រីនៃរដ្ឋបាលជលផលឱ្យដឹងថា បរិមាណត្រីក្នុងរដូវកាលត្រីត្រូវ វគ្គដំបូងសម្រាប់ឆ្នាំនេះមានការធ្លាក់ចុះ។
លោក ម៉ូត ហូសាន់ ម្ចាស់អាជីវកម្មដាយត្រីក្នុងផ្ទៃទន្លេសាប ជួរគន្លងទី ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រភេទត្រីប្រហុកក្នុងរដូវកាលត្រីប្រហុកវគ្គ ២ ឆ្នាំនេះ [ពីថ្ងៃទី ៩-១៤ ខែមករា ២០២២] មិនខុសគ្នាទៅនឹងរដូវកាលត្រីប្រហុកវគ្គដំបូង ដែលចាប់ផ្ដើមពីថ្ងៃទី ១២-១៩ ខែធ្នូ ឆ្នាំ ២០២១ ឡើយ គឺសម្បូរតែប្រភេទត្រីចង្វាស្លឹកឫស្សី។
លោក ហូសាន់ បាននិយាយថា៖ «ត្រីចង្វាស្លឹកឫស្សី គេមិននិយមធ្វើប្រហុក ផ្អក ឬយកទៅឆ្អើរនោះទេ ព្រោះវាងាយពុកផុយ ឬ ខារមិនអាចយកទៅបរិភោគបាន។ ម្យ៉ាងទៀតត្រីប្រភេទនេះមានសាច់ទន់ជ្រាយ មិនហាប់ណែនដូចជាប្រភេទត្រីរៀល ត្រីលិញ ត្រីកន្លង់ និងត្រីចង្វាមូលនោះទេ»។ ដោយសារត្រីនេះគេមិនសូវពេញនិយម ដូច្នេះតម្លៃរបស់វាថោកជាងត្រីរៀល និងត្រីផ្សេងទៀត គឺ លក់បានត្រឹមតែពី ១ ០០០ រៀលទៅ ១ ២០០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម ខណៈត្រីរៀលលក់បានក្នុងតម្លៃពី ២ ៥០០ រៀល ទៅ ៣ ០០០ រៀលក្នុង ១ គីឡូក្រាម។
លោក ហូសាន់ បាននិយាយ ដោយដកដង្ហើមធំថា៖ «ត្រីប្រហុកឆ្នាំនេះខ្សត់ជាងឆ្នាំមុន ចំណែកតម្លៃវិញក៏ថោកជាងឆ្នាំមុនដែរ»។
បើតាមលោក ហូសាន់ កាលពីឆ្នាំមុន ប្រភេទត្រីរៀលសុទ្ធ សម្រាប់ធ្វើប្រហុក គាត់លក់បានក្នុងតម្លៃ ៧ ០០០ រៀល ក្នុង ១ គីឡូក្រាម ចំណែកត្រីចម្រុះប្រភេទ សម្រាប់ធ្វើប្រហុក គាត់លក់បានក្នុងតម្លៃ ៥ ០០០ រៀលក្នុង ១ គីឡូក្រាម។
ទោះយ៉ាងណា លោក ហូសាន់ ដែលប្រកបមុខរបរធ្វើអាជីវកម្មដាយត្រីនេះ តាំងពីឪពុកម្ដាយរបស់គាត់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកនោះបានបន្ថែមថា នៅក្នុងរដូវកាលត្រីប្រហុកផ្អក វគ្គដំបូងឆ្នាំនេះ គាត់ចាប់ត្រីបានប្រមាណជាង ៣០ តោន ហើយក្នុងរយៈពេល ២ថ្ងៃនៃការចាប់ផ្ដើមរដូវកាលត្រីប្រហុកវគ្គ ២ នេះ គាត់ចាប់ត្រីបានប្រមាណជិត ៦ តោនបន្ថែមទៀត។ ប៉ុន្តែចំនួននេះមានការថយចុះប្រមាណ ៥ តោន បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកលោក គឹម នាង ម្ចាស់អាជីវកម្មដាយត្រីក្នុងផ្ទៃទន្លេសាបក្នុងតំបន់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបាននិយាយថា រដូវកាលត្រីប្រហុកវគ្គ ២ នេះ និងអូសបន្លាយរហូតដល់ថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ និងគ្មានឥទ្ធិពលព្យុះឬ វិសម្ពាធណាមួយមករំខានទេនោះ។
លោក គឹម នាង និយាយថា៖ «នៅពេលនេះ យើងចាប់ត្រីបានច្រើនជាងរដូវកាលវគ្គដំបូង ប៉ុន្តែវាសម្បូរតែត្រីចង្វាស្លឹកឫស្សីប៉ុណ្ណោះ លក់មិនបានថ្លៃទេ ទោះយ៉ាងណា វាប្រសើរជាងអត់»។
តាមការកត់សម្គាល់របស់លោក គឹម នាង រដូវកាលត្រីសម្បូរសម្រាប់ចាប់យកមកធ្វើប្រហុក ផ្អក ឬឆ្អើរសម្រាប់ទុកផ្គត់ផ្គង់ជីវភាពគ្រួសារ ឬ ស្តុកទុកលក់យកចំណេញនោះ គឺមានតែ ២ទៅ ៣ លើកប៉ុណ្ណោះក្នុង ១ ឆ្នាំ គឺនៅក្នុង «ខ្នើតមាឃតូច ខ្នើតខែបុស្ស និងខ្នើតមាឃធំ» ដូច្នេះអ្នកដែលនិយមធ្វើប្រហុក ផ្អក ត្រីងៀត និង ត្រីឆ្អើរ គប្បីប្រញាប់ប្រញាល់រកទិញត្រីនៅក្នុងរដូវកាលនេះ។
ជុំវិញករណីនេះលោក អ៊ឹង ទ្រី អ្នកនាំពាក្យរដ្ឋបាលជលផលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បរិមាណត្រីក្នុងរដូវកាលត្រីត្រូវវគ្គដំបូងសម្រាប់ឆ្នាំ ២០២១-២០២២ នេះ មានការធ្លាក់ចុះប្រមាណជិត ១ ០០០ តោន បើធៀបនឹងរដូវកាលត្រីត្រូវវគ្គដំបូងឆ្នាំមុន (ឆ្នាំ ២០២០-២០២១)។ ប៉ុន្តែនៅវគ្គទី ២ នេះអាចនឹងមានសម្ទុះកើនឡើងបន្តិចវិញ។
លោកបានបញ្ជាក់ថា៖ «ទិន្នផលត្រី ដែលចាប់បាននៅក្នុងរដូវកាលត្រីត្រូវវគ្គដំបូងសម្រាប់ឆ្នាំ ២០២១-២០២២ នេះ គឺមានចំនួនប្រមាណ ៩ ០០០ តោន ខណៈកាលពីឆ្នាំមុន រយៈពេលដូចគ្នានេះ ទិន្នផលត្រីដែលចាប់បានមានចំនួនរហូតដល់ ៩ ៩០០ តោន»។
បើតាមលោក អ៊ឹង ទ្រី ការបូកសរុបទិន្នផលត្រីប្រហុក នៅពេលនេះមិនទាន់យកជាផ្លូវការនៅឡើយទេ ព្រោះនៅមិនទាន់មានការបូកយោងអំពីទិន្នន័យ ដែលប្រជាកសិករចាប់បាននៅតាមបណ្ដាស្ទឹង បឹងបួ ព្រែក នៅឡើយទេ៕