ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជាចុងក្រោយនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ នៅថ្ងៃទី ១១ ខែមករា នេះ លោក អ៊ិត សំហេង ដែលជាប្រធានក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជាផងដែរនោះបានថ្លែងថា ៖«វិស្វករ គឺជាធនធានដ៏ចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍការងារវិស្វកម្មនៅកម្ពុជា»។
ជាមួយគ្នានេះដែរ លោក បានណែនាំឱ្យអគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា រៀបចំជាសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងស្តីពីក្រមសីលធម៌វិស្វករ។
លោក អ៊ិត សំហេង បានឱ្យដឹងថា កន្លងទៅក៏ធ្លាប់បានអំពាវនាវឱ្យវិស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជារួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ខណៈបច្ចុប្បន្ននេះមានវិស្វករមកចុះបញ្ជីនៅមានចំនួនតិចតួចនៅឡើយ។
លោកថា៖ «វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានគុណប្រយោជន៍ច្រើនដូចជា ទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញបន្ថែម ដែលគណៈវិស្វករកម្ពុជារៀបចំឡើងតាមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី រយៈពេលវែង និងតាមសិក្ខាសាលានានា និងមានសិទ្ធិបើកក្រុមហ៊ុនស្របច្បាប់ពេលទទួលគោរមងារជាវិស្វករអាជីពជាតិ»។
លោក វួង មាស្រេង អាយុ ២៦ ឆ្នាំ ដែលជាវិស្វករបម្រើការងារឱ្យក្រុមហ៊ុនវិស័យឯកជនទទួលបន្ទុកផ្នែកការដ្ឋាន បានថ្លែងគាំទ្រទៅនឹងអនុក្រឹត្យនេះដែលអាចជួយឱ្យក្រមសីលធម៌របស់វិស្វករកម្ពុជានឹងប្រសើរឡើងមួយកម្រិតទៀត។
លោកថា៖ «នៅពេលមានអនុក្រឹត្យចែងពីតួនាទី និងយន្តការច្បាស់លាស់នឹងជួយដល់ក្រមសីលធម៌វិស្វករ ព្រោះវិស្វករខ្លះមានចេតនាមិនល្អ ឬបោកប្រាស់អតិថិជនខុសពីក្រមសីលធម៌ អ៊ីចឹងពេលមានច្បាប់នេះធ្វើឱ្យគាត់គោរពដែរ»។
លោកក៏បានស្នើឱ្យគណៈវិស្វករកម្ពុជា តាមរយៈរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ គួរដាក់បញ្ចូលនូវមាត្រាណាមួយ ដែលអាចដាក់ពិន័យ ឬដកបេក្ខភាព នៅពេលវិស្វករនោះប្រព្រឹត្តខុសក្រមសីលធម៌។
លោកថា៖ «គួរតែពិន័យ ឬក៏ដកបេក្ខភាព មិនឱ្យមានឈ្មោះនៅក្នុងគណៈវិស្វករ ដើម្បីពង្រឹងក្រមសីលធម៌ ដោយសារមួយរយៈចុងក្រោយនេះមានរឿងអាស្រូវច្រើន»។
លោក បានថ្លែងដោយមើលឃើញថាតាមរយៈសេចក្តីព្រាងនេះនឹងអាចជួយឱ្យវិស្វករនៅកម្ពុជារីកចម្រើនមួយកម្រិតទៀត និងអាចបោះជំហាននៅលើឆាកអន្តរជាតិ ខណៈវិស័យមួយនេះមានការរីកចម្រើនជាបន្តបន្ទាប់។
ក្រសួងការងារបានឱ្យដឹងថា ដោយផ្អែកលើសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់វិស្វករគ្រប់រូប និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មអាស៊ាន គណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងវិស្វករចុះបញ្ជីនៅកម្ពុជា ក្នុងគោលបំណងធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តផ្នែកសង្គម និងសេដ្ឋកិច្ចកម្ពុជា និងច្បាប់ស្តីពីសំណង់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ និងដើម្បីឱ្យមានឯកភាពនីយកម្មក្រមសីលធម៌វិស្វករដែលកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មនៅកម្ពុជា អគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជាបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ និងធ្វើបច្ចុប្បន្នភាពចំណុចមួយចំនួនឱ្យកាន់តែស្របតាមការវិវត្តថ្មីនៃសេដ្ឋកិច្ចសង្គម។
បើតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចាប់ពីឆ្នាំ ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥ ០០០ នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន៕