ឧត្តរមានជ័យៈ សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះត្រូវបានប្រកាសកាលពីថ្ងៃទី ១០ ខែមករា ដែលស្តូបនេះនឹងធ្វើការសាងសង់ឡើង នៅក្នុងស្រុកអន្លង់វែង ដើម្បីបង្ហាញពីវប្បធម៌កតញ្ញូ សម្ដែងការដឹងគុណ ខណៈបណ្តាខេត្តមួយចំនួនកំពុងដំណើរការសាងសង់។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ដែលបានចូលរួមក្នុងពិធីប្រកាសនេះបានលើកឡើងថា ស្តូបឈ្នះ-ឈ្នះ ដែលគ្រោងសាងសង់នេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កតញ្ញូសម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ។
លោកមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំបានស្វែងរកសន្តិភាពដោយបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ដែលបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាបន្តបន្ទាប់»។
លោក ទៀ បាញ់ បន្ថែមថា ស្តូបឈ្នះ-ឈ្នះនេះជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តរមានជ័យបញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដនៃមគ្គុទេ្ទសក៍អ្នកដឹកនាំកម្ពុជា។
ក្នុងនោះដែរលោក ទៀ បាញ់ ក៏បានរំឭកផងដែរពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និងបង្កភាពមហន្តរាយភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ក៏ដូចជាខេត្តឧត្តរមានជ័យដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ។
បើយោងតាមក្រសួងការពារជាតិ ការសាងសង់ស្តូបឈ្នះ-ឈ្នះ នៅស្រុកអន្លង់វែងនេះនឹងសាងសង់ឡើង ក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ។
សំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្ររាប់រយឆ្នាំ ជាកេរមរតកសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានាទិសឧត្តរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ មករា ថា គម្រោងនៃការចាប់ផ្តើមសាងសង់ស្តូបឈ្នះ-ឈ្នះនេះមិនទាន់បានកំណត់នោះទេ ប៉ុន្តែនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារបន្ទាប់ពីមានការប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ហើយខេត្តនឹងត្រូវរៀបចំក្រុមការងារបន្តទៀត។
លោកថ្លែងថា៖ «ការរៀបចំក្រុមការងារនេះ ដើម្បីជួយកៀរគរ ជួយប្រមូលថវិកាដើម្បីទ្រទ្រង់ដល់ការសាងសង់វិមានឈ្នះ-ឈ្នះនេះ។ មកដល់ពេលនេះខ្ញុំមិនទាន់ទទួលបានព័ត៌មានពីកាលបរិច្ឆេទនៃការសាងសង់នៅឡើយ»។
លោក ឌី រ៉ាដូ បន្ថែមថា វិមានឈ្នះ-ឈ្នះជានិមិត្តរូបនៃសន្តិភាព និមិត្តរូបនៃការរួបរួមគ្នា និងជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមស៊ីវិល។ ដូចនេះ ថវិកានៃការសាងសង់ស្តូបនេះ គឺត្រូវមានការចូលរួមគ្នាដើម្បីសាងសង់ស្តូបនេះឡើង ប៉ុន្តែលោកមិនទាន់ដឹងថានឹងត្រូវចំណាយថវិកាអស់ប៉ុន្មាននោះឡើយ។
គួរបញ្ជាក់ថា វិមានឈ្នះ-ឈ្នះនេះ បាននិងកំពុងតែសាងសង់ឡើងនៅតាមរាជធានីខេត្តមួយចំនួន ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងខេត្តកោះកុង ហើយរាជរដ្ឋាភិបាលក៏គ្រោងនឹងសាងសង់នៅតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ទៀតផងដែរ៕