ស្ទឹងត្រែងៈ អង្គការភ្លែនអន្តរជាតិកម្ពុជាតាមរយៈការស្នើសុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងបានជួយសាងសង់សាលាមធ្យមសិក្សាបឋមភូមិថ្មីមួយដែលមានឈ្មោះថា «អនុវិទ្យាល័យកាំងចាម» នៅតំបន់ដាច់ស្រយាលក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខណៈតំបន់នេះកន្លងមកសិស្សានុសិស្សមានការលំបាកក្នុងការបន្តការសិក្សាក្រោយបញ្ចប់ថ្នាក់បឋមសិក្សា។
នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងបានធ្វើពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមធ្យមសិក្សាបឋមភូមិថ្មីនេះ។
យោងតាមប្រព័ន្ធគ្រប់គ្រង និងព័ត៌មានអប់រំ (EMIS 2018-2019) ការអប់រំមធ្យមសិក្សាបឋមភូមិក្នុងខេត្តស្ទឹងត្រែងស្ថិតនៅក្នុងស្ថានភាពត្រូវធ្វើឱ្យប្រសើរឡើង បើប្រៀបធៀបទៅនឹងទិន្នន័យថ្នាក់ជាតិ។ អត្រាបន្តការសិក្សាពីបឋមសិក្សាទៅអនុវិទ្យាល័យគឺ ៧៩,២ ភាគរយ (ក្មេងស្រី ៨១,៦ ភាគរយ) ធៀបនឹងអត្រាថ្នាក់ជាតិ ៨៤,៣ ភាគរយ ខណៈអត្រាឡើងថ្នាក់គឺ ៧៩,៤ ភាគរយ (ក្មេងស្រី ៧៨,៩ ភាគរយ) ធៀបនឹងអត្រា ៨១,៤ ភាគរយនៅថ្នាក់ជាតិ។
ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានស្នើឱ្យអង្គការភ្លែនអន្តរជាតិកម្ពុជាជួយកសាងអនុវិទ្យាល័យថ្មីមួយនេះឡើង នៅស្រុកថាឡាបរិវ៉ាត់ដែលទីនេះសិស្សបឋមសិក្សាភាគច្រើនមិនអាចចូលរៀននៅថ្នាក់អនុវិទ្យាល័យបាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
ការគាំទ្រនេះនឹងជួយបង្កើនអត្រាបន្តការសិក្សាពីបឋមសិក្សាទៅអនុវិទ្យាល័យ បង្កើនអត្រាការបន្តការសិក្សា និងអត្រាបញ្ចប់ការសិក្សារបស់សិស្សអនុវិទ្យាល័យ ជាពិសេសកុមារី និងកុមារដែលជួបការលំបាកនៅតំបន់ដាច់ស្រយាលនៃខេត្តស្ទឹងត្រែងនេះ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន ។
លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាថ្លែងថា ការគាំទ្រសិស្សានុសិស្សបន្តការសិក្សានៅអនុវិទ្យាល័យ និងបញ្ចប់ការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមយុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាគឺ ២,៥ លានហេតុផល ដើម្បីរក្សាឱ្យបានតាមមហិច្ឆតាដោយផ្តល់ប្រយោជន៍ដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជាក៏ដូចជា កម្មវិធីអភិវឌ្ឍន៍ជាសកលរបស់អង្គការភ្លែនអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តវិនិយោគលើវិស័យអប់រំដោយឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ក្មេងស្រី ប្រុស និងកុមារដែលជួបការលំបាកនៅតំបន់ដាច់ស្រយាល»។
លោក ចាន់ សម្ផស្ស អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ដស្ទឹងត្រែងថ្លែងថា អង្គការភ្លែនអន្តរជាតិកម្ពុជាតែងតែជួយដល់វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមតំបន់ដាច់ស្រយាលក្នុងខេត្ដស្ទឹងត្រែង។
លោកថ្លែងថា៖ «នេះគឺជាអនុវិទ្យាល័យដែលបង្កើតថ្មី មានឈ្មោះថាអនុវិទ្យាល័យកាំងចាម។ អនុវិទ្យាល័យនេះ អង្គការភ្លែនបានជួយសាងសង់អគារសិក្សា ១ ខ្នងមាន ៣ បន្ទប់ និងបន្ទប់ទឹកអនាម័យ ១ មាន ២ បន្ទប់។
បើតាមទិន្នន័យនៅដើមឆ្នាំនៃថ្ងៃបើកបវេសនកាលថ្ងៃដំបូងពីថ្ងៃទី ១២ មករា អនុវិទ្យាល័យនេះមានសិស្សចូលរៀនសរុប ៩៩ នាក់។ លោកថាកាលពីមិនទាន់មានអនុវិទ្យាល័យនេះ សិស្សានុសិស្សនៅឃុំចាមនេះត្រូវឆ្លងទៅរៀនថ្នាក់អនុវិទ្យាល័យកន្លែងផ្សេងដែលមានការលំបាក ដោយសារផ្លូវឆ្ងាយ និងត្រូវឆ្លងស្ទឹង។
លោក យី គីមថាន បញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយ ដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។
លោកបន្តថា៖ «យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកមួយយុត្តិធម៌ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធជាង ៨០ ឆ្នាំនៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសរៀនសូត្រដឹកនាំសម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២»៕