ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB/CDC) ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២២-២០២៣ ខណៈក្នុងឆ្នាំ ២០២២ នេះជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជាមានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។
កិច្ចពិភាក្សាគ្នាលើគោលនយោបាយនេះបានធ្វើឡើងតាមអនឡាញ ZOOM ក្រោមអធិបតីភាព លោក ហ្យន់ជូន រ៉ូ (Hyunjun RHO) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំប្រទេសកម្ពុជា និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB/CDC) នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២។
គោលបំណងសំខាន់នៃកិច្ចពិភាក្សាគោលនយោបាយនេះធ្វើឡើង ទី ១- ដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ KOICA នៅកម្ពុជាដូចជា សមិទ្ធផលមួយចំនួនដែលបានធ្វើក្នុងឆ្នាំ ២០២១ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២។
ក្រៅពីនេះគម្រោងបន្តរបស់ KOICA គឺគម្រោងថ្មីសម្រាប់ឆ្នាំ ២០២២-២០២៣ កម្មវិធីបណ្តុះបណ្តាលប្រចាំប្រទេសសម្រាប់កម្ពុជានៅឆ្នាំ ២០២២ និងរហូតដល់ឆ្នាំ ២០២៥ ការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤។ ទី ២- ដើម្បីពិភាក្សាអំពីការរៀបចំពិធីសម្ពោធមជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) ក្នុងមន្ទីរពេទ្យព្រះអង្គឌួងក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។
លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល KOICA សម្រេចបានហើយបានថ្លែងអំណរគុណចំពោះ KOICA និងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងថ្លែងអំណរគុណចំពោះ KOICA ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក ហ្យន់ជូន រ៉ូ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលនានាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានល្អទាក់ទងទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងសមិទ្ធផលក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ជាពិសេសប្រជាជនកូរ៉េដែលបច្ចុប្បន្នកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា ចាប់តាំងពីឆ្នាំ ១៩៩១-២០២១ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ទី ១ វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ទី ២ វិស័យអប់រំ ទី ៣ វិស័យកសិកម្ម និងអភិវឌ្ឍជនបទ និង ទី ៤ វិស័យដឹកជញ្ជូន។
ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជាមានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ KOICA បាន និងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ ១៩ ចាប់តាំងពីឆ្នាំ ២០២០ មក។
ដោយឡែកសម្រាប់ឆ្នាំ ២០២២ នេះ KOICA នឹងផ្តល់រថយន្តសង្គ្រោះបន្ថែមចំនួន ១០ គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៨៣ ៣២៥ តេស្តដល់ក្រសួងសុខាភិបាលកម្ពុជា៕