ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវវិធានការចំនួន ៧ ចំណុច ដើម្បីត្រៀមទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈដែលជាទូទៅ គេកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃបង្កឡើងដោយសកម្មភាពមនុស្ស តាមរយៈការដុតព្រៃ ដុតគល់ជញ្ជ្រាំងតាមវាលស្រែ និងការដុតភ្លើងយកឃ្មុំដោយខ្វះការប្រុងប្រយ័ត្ន។
លោក វេង សាខុន បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីណែនាំឱ្យអង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្មចូលរួមសហការ អនុវត្តទប់ស្កាត់ករណីភ្លើងឆេះព្រៃនៅក្នុងរដូវក្ដៅឆ្នាំនេះ។ លោកថា៖ «ជារៀងរាល់ឆ្នាំភ្លើងឆេះព្រៃបានបង្កឱ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋហើយបានបង្កវិនាសកម្ម និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិធនធានធម្មជាតិ និងបរិស្ថាន»។
យោងតាមសេចក្ដីណែនាំស្តីពី «វិធានការ បង្ការទប់ស្កាត់ភ្លើងឆេះព្រៃ» ចុះថ្ងៃទី ៦ ខែមករាឆ្នាំ ២០២២ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបាននៅថ្ងៃទី ១១ មករា លោក រដ្ឋមន្ត្រី វេង សាខុន បានដាក់ចេញវិធានការ ៧ ចំណុចដែលរួមមាន ទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីយកឃ្មុំ ការដុតស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ ដើម្បីយកល្បាស់ធ្វើចំណីសត្វពាហនៈ។ ទប់ស្កាត់ការកាប់ឆ្ការ គាស់រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ជាសកម្មភាពល្មើសច្បាប់ដែលនាំមកនូវភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋ។
ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយ ក្នុងការដុតកាកសំណល់ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តសាមី ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងឆេះព្រៃ។ ការរុករកផលអនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀត ដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ (ដុតរណ្តៅជ័រ) ត្រូវណែនាំពន្លត់ភ្លើងជាចាំបាច់មុនពេលចាកចេញពីដើមឈើច្បោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ។ ក្នុងករណីកើតមានភ្លើងឆេះព្រៃត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមានប្រជាពលរដ្ឋ សហគមន៍សិស្សានុសិស្ស ព្រះសង្ឃ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។
ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី-ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃឈើដែលឆេះហើយដោយអនាធិបតេយ្យ ដែលផ្ទុយនឹងច្បាប់ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។ ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ ការចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹក ដើម្បីបង្កលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិ។
ជុំវិញសេចក្ដីណែនាំនេះលោក ឡុង សូចែត ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា នៅពេលនេះលោក និងក្រុមការងារកំពុងចុះផ្សព្វផ្សាយអប់រំដល់សមាជិកឱ្យចូលរួមអនុវត្តនូវវិធានការទាំង ៧ ចំណុចខាងលើនេះ ដើម្បីការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធនធានធម្មជាតិព្រៃលិចទឹក និងមច្ឆជាតិទាំងនេះបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជានេសាទ។
លោកបានថ្លែងថា៖ «យោងតាមច្បាប់ព្រៃឈើ និងច្បាប់ជលផល ជនណា ដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹក ដោយចេតនាត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ឬបទល្មើសជលផលថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ ឬពី ៣ ឆ្នាំទៅ ៥ ឆ្នាំ។ នេះជាសារៈសំខាន់ដែលសហគមន៍យើងបានចុះផ្សព្វផ្សាយដល់សមាជិក និងប្រជាពលរដ្ឋមួយចំនួនទៀតនៅក្នុងមូលដ្ឋាន»៕