សៀមរាបៈ អភិបាលខេត្តសៀមរាបគ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការបង្កើតឱ្យមានកន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីភាពងាយស្រួលដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍នីមួយៗរៀបចំសមាជិករបស់ខ្លួនឱ្យទៅនៅផ្តល់សេវាទីនោះដោយមានការប្តូរវេនគ្នា។
ក្នុងជំនួបសំណេះសំណាលជាមួយសមាគមមគ្គុទ្ទេសក៍ទេសចរណ៍កាលពីថ្ងៃទី ១១ មករានៅសាលាខេត្តសៀមរាប លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា លោកគ្រោងនឹងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតឱ្យមានទីកន្លែងសម្រាប់ផ្តល់សេវាមគ្គុទេសក៍ទេសចរណ៍ ដែលផ្តល់ឱកាសដល់សមាគមមគ្គុទេសក៍ទេសចរណ៍ អាចដាក់សមាជិករបស់ខ្លួននៅផ្តល់សេវាទៅតាមគោលដៅតាមប្រាសាទនីមួយៗ។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប។
លោក ទៀ សីហា ឱ្យដឹងថា ក្រោយពីបញ្ហាកូវីដ ១៩ បានធូរស្រាលបន្តិច ព្រមទាំងមានការបើកប្រទេសឡើងវិញ ភ្ញៀវទេសចរក្នុងស្រុកក៏បានចាប់ផ្តើមដើរកម្សាន្តតាមរមណីយដ្ឋាននានា។ សម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរក៏ងាកមកប្រើប្រាស់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការពន្យល់បកស្រាយអំពីប្រាសាទនីមួយៗផងដែរ។
ការប្រើប្រាស់សេវានេះធ្វើឱ្យមគ្គុទ្ទេសក៍ទេសចរណ៍រកចំណូលបានខ្លះៗឡើងវិញ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍មិនមានទីកន្លែងរង់ចាំភ្ញៀវនៅឡើយ។ ជាក់ស្តែងពួកគាត់បាននៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយទៅតាមលទ្ធភាពរៀងៗខ្លួន។ លោកថ្លែងថា៖ «សកម្មភាពទាំងនេះធ្វើឱ្យមានការពិបាកមើលចំពោះបងប្អូនដែលគ្មានទីតាំងប្រចាំការច្បាស់លាស់ ក្នុងការបម្រើសេវាជូនដល់ភ្ញៀវក្នុងស្រុក ដែលមកទស្សនា ដើម្បីដឹង និងយល់ពីជីវប្រវត្តិ និងអត្ថន័យនៃរូបចម្លាក់តាមជញ្ជាំងប្រាសាទ» ។
លោកអភិបាលខេត្តបន្តថា ដើម្បីជួយដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងគ្រាលំបាកនេះ លោកគ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរារៀបចំឱ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដោយដាក់ថា កន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីភាពងាយស្រួលដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍នីមួយៗរៀបចំសមាជិករបស់ខ្លួនឱ្យទៅនៅផ្តល់សេវានៅទីនោះ ដោយមានការប្តូរវេនគ្នា។ ការរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរដែលត្រូវការសេវាមគ្គុទ្ទេសក៍ទេសចរណ៍ និងមានសណ្តាប់ធ្នាប់ល្អទៀតផង។
ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍នេះដែរ លោកអភិបាលខេត្តបានសម្រេចចេញលុយចំពោះការពិនិត្យសុខភាពក្នុងម្នាក់ ចំនួន ១០ ដុល្លារជំនួសមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានសរុបជាង ៥ ១១៧ នាក់ (ស្រី ៧០៩ នាក់)។
លោក រៀង សារម្យ ជាមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបថ្លែងនៅថ្ងៃទី ១២ ខែមករាថា ការបង្កើតឱ្យមានទីកន្លែងសម្រាប់មគ្គុទេសក៍ទេសចរណ៍អាចនឹងមានបញ្ហាក្នុងការចែកវេនគ្នាធ្វើការ ព្រោះមគ្គុទេសក៍មួយចំនួនដែលចាប់អូសទាញភ្ញៀវមានភាពអនាធិបតេយ្យនោះ មិនទម្លាប់ធ្វើការប្រកាន់ម៉ោងពេលឡើយ។
លោក លួត ប៊ុនឈួប ជាមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបម្នាក់ទៀតឱ្យដឹងថា ការបង្កើតឱ្យមានកន្លែងសម្រាប់មគ្គុទេសក៍ទេសចរណ៍រង់ចាំភ្ញៀវជាការល្អសម្រាប់ការរង់ចាំទទួលភ្ញៀវបរទេស ប៉ុន្តែមានការលំបាកត្រង់ថា ភ្ញៀវខ្មែរមិនងាយត្រូវការអ្នកមគ្គុទេសក៍ ដើម្បីជួយប្រាប់អំពីប្រវត្តិប្រាសាទឡើយ។
លោកថ្លែងថា៖ «បើឯកឧត្តមគាត់ចង់ឱ្យធ្វើស្តង់អ៊ីចឹង ជាការល្អ ប៉ុន្តែមិនងាយមានភ្ញៀវយើងទៅសួរកសេវាហ្គាយទេ វាទាល់តែយើងឈរនៅអែបផ្លូវ ប៉ុន្តែយើងឈរមានសណ្តាប់ធ្នាប់ទេ ពួកខ្ញុំនៅតែដាក់វេនគ្នា អ្នកណាដែលបានហើយ គឺអ្នកបន្ទាប់ដែលមិនទាន់បានមានសិទ្ធសួរភ្ញៀវ»។
លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន ថ្លែងនៅថ្ងៃទី ១២ ខែមករាថា ការរៀបចំឱ្យមានទីកន្លែងសម្រាប់អ្នកមគ្គុទេសក៍ទេសចរណ៍ គឺជារឿងល្អ ព្រោះការរៀបចំបែបនោះនឹងធ្វើឱ្យមានរបៀបមានសណ្តាប់ធ្នាប់ ហើយស័ក្តិសមជាតំបន់ទេសចរណ៍ដែលមានប្រាសាទអង្គរវត្តតំណាងឱ្យប្រទេសកម្ពុជា។
លោក ទៀ គីឡេង ប្រាប់ថា តាមការកត់សម្គាល់របស់លោកឃើញថា នៅមុខប្រាសាទអង្គរវត្ត គឺមានមគ្គុទេសក៍ទេសចរណ៍ជាច្រើននាក់នៅចាំភ្ញៀវទេសចរ ដែលសកម្មភាពនោះនៅក្រោមដើមឈើមិនទាន់មានទីតាំងច្បាស់លាស់មានភាពអនាធិបតេយ្យ។ «អ៊ីចឹងសាលាខេត្ត ដែលគាត់មានបំណងរៀបចំហ្នឹង ខ្ញុំគិតថា គាត់ចង់ឱ្យមានសណ្តាប់ធ្នាប់ឱ្យមើលទៅវាមានស្តង់ដាអ៊ីចឹងទៅ ព្រោះជាមុខមាត់របស់ប្រទេសជាតិយើងដែរ»៕