ត្បូងឃ្មុំៈ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសំណូមពរដល់អង្គការ USAID ពិចារណា និងបន្ត ជួយលើវិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីរួមចំណែកជួយអភិវឌ្ឍខេត្ត នៅជាប់ព្រំដែនវៀតណាមមួយនេះបន្ថែមទៀត ឱ្យកាន់តែរីកចម្រើន។
លោក ជាម ច័ន្ទសោភ័ណ បានសំណូមពរបែបនេះ ទៅកាន់លោកស្រី ណែនស៊ី អ៊ីសលីក តំណាងបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិថ្មី (USAID) ប្រចាំនៅកម្ពុជា ដែលបានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរូបលោក នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២។ នេះបើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ។
ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំ នាឱកាសនោះ លោកស្រី ណែនស៊ី អ៊ីសលីក បានជម្រាបជូនលោក អភិបាលខេត្តថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា បានសហការជាមួយដៃគូ អនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ទាំង ២៥ ខេត្ត-ក្រុង។
លោកស្រី បន្ថែមថា ក្នុងនោះដោយផ្តោតលើការពង្រឹងសិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាព និងអាហារូបត្ថម្ភ គាំទ្រការអប់រំនិងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង អភិរក្សព្រៃឈើ និងទីជម្រាល ព្រមទាំងជួយកសិករ និងក្រុមគ្រួសារក្នុងការបន្ស៊ាំ និងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិ។
ជាការឆ្លើយតប លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID អនុវត្តការងារនៅខេត្តត្បូងឃ្មុំកន្លងទៅ គឺផ្ដោតលើវិស័យ សុខាភិបាល និងអប់រំ ដែលមានមន្ទីរសុខាភិបាលខេត្ត និងមន្ទីអប់រំខេត្ត តែងតែសហការអនុវត្តការងារបានយ៉ាងល្អ អំពីសកម្មភាពការងារ និងការគាំទ្រគម្រោង ជាពិសេសការពង្រឹងគុណភាពសេវាផ្នែក សុខាភិបាល ដែលមានមន្ត្រីរបស់ USAID នៅប្រចាំក្នុងមន្ទីរពេទ្យតែម្តង។
ជាមួយគ្នានោះលោក អភិបាលខេត្ត បានសំណូមពរ អង្គការ USAID ពិចារណា និងបន្ត ១អាណត្តិថ្មីបន្តទៀត ដើម្បីរួមចំណែកជួយអភិវឌ្ឍខេត្តត្បូងឃ្មុំបន្ថែមទៀតឱ្យកាន់តែរីកចម្រើនទាំងវិស័យសុខាភិបាលខេត្ត និងវិស័យអប់រំ៕