ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មានត្រូវបំពេញតួនាទីតាមវិជ្ជាជីវៈបញ្ចេញនូវព័ត៌មានពិត ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតទាំងនៅក្របខ័ណ្ឌជាតិ-អន្តរជាតិ និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាពរបស់អ្នកសារព័ត៌មានទូទៅ។
លោក ហ៊ុន សែន លើកឡើងដូចនេះតាមរយៈសារលិខិតផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងរូបលោកជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៦ ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៃថ្ងៃទី ១៤ មករា។
រយៈពេល ២ ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានអាក់ខានមិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំចូលក្នុងសហគមន៍ ហើយសម្រាប់ឆ្នាំ ២០២២ នេះការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានក៏ត្រូវបានប្រកាសលើកពេលធ្វើនៅឆ្នាំក្រោយផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ្នកសារព័ត៌មានត្រូវបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព»។
លោកក៏បានស្នើសុំឱ្យអ្នកសារព័ត៌មានចូលរួមជាមួយរាជរដ្ឋាភិបាលនៅពេលរាជរដ្ឋាភិបាលកំពុងជំរុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមានតម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈមានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភាន់ភ្នែក។
លោក ហ៊ុន សែន បន្ថែមថា៖ «ត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាពរបស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន»។
លោកបន្តថា៖ «និងត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និង អន្តរជាតិដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើងក៏មានក្នុងក្របខ័ណ្ឌស្ថាប័នព័ត៌មានអាស៊ានផងដែរ»។
ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គមទាំងមូលមានភាពចលាចល អស្ថិរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស។ សមាគមអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន។
លោកបន្ថែមថា៖ «យើងត្រូវចាំថា ប្រសិនបើយើងមានឧបករណ៍ សម្ភារទំនើប ប៉ុន្តែយើងមិនមានធនធានមនុស្សសម្រាប់ប្រើប្រាស់ក៏មិនអាចមានការរីកចម្រើនបានដែរ។ ជាពិសេសសារព័ត៌មានប្រពៃណីត្រូវអភិវឌ្ឍខ្លួន ដើម្បីឈរជើងប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានស្នើឱ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើមដែលកើតក្នុងមូលដ្ឋាន។
មិនតែប៉ុណ្ណោះ លោកក៏បានស្នើឱ្យអ្នកសារព័ត៌មានចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ ១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ និង វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺនេះគ្រប់ប្រភេទចូលក្នុងសហគមន៍។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន។ លោកក៏បានសរសើរចំពោះអ្នកសារព័ត៌មានអាជីពដែលរក្សាបាននូវគុណតម្លៃតួនាទីខ្លួនប្រកបដោយវិជ្ជាជីវៈល្អប្រសើរ។
លោកក៏បានលើកឡើងថា៖ «ប៉ុន្តែយើងក៏មានការសោកស្តាយ ចំពោះបងប្អូនអ្នកសារព័ត៌មានអនឡាញមួយចំនួនតូច ដែលធ្វើសកម្មភាពមិនត្រឹមត្រូវធ្វើឱ្យជះរូបភាពមិនល្អដល់តួនាទីសារព័ត៌មានជាទូទៅ។ ខ្ញុំតែងតែចែករំលែកថា ការងារជាអ្នកសារព័ត៌មានមិនមែនធ្វើដើម្បីដូរដុំបាយនោះទេ។ ប៉ុន្តែសារព័ត៌មាន គឺជាការងារបញ្ញវន្តជួរមុខផ្នែកមនសិការ និងឧត្តមគតិថ្លៃថ្នូរ ខ្ពង់ខ្ពស់ ដែលបម្រើដល់ផលប្រយោជន៍មនុស្សជាតិ»។
លោក ហ៊ុយ វណ្ណៈ បន្ថែមថា៖ «មហាជនគោរពយើង គឺនៅលើតម្លៃនៃចំណេះដឹងផ្សាយការពិត និងមានក្រមសីលធម៌វិជ្ជាជីវៈ។ អ្នកសារព័ត៌មានតោងរំឭកខ្លួនឯងជាប្រចាំថា យើងមិនមែនជាសកម្មជន មិនមែនជាចៅក្រម កុំជោរ ហើយកុំសម្តែង»។
វិជ្ជាជីវៈនីមួយៗ ដែលទទួលបានការគោរព និងការជឿទុកចិត្តពីសាធារណជន គឺអាស្រ័យលើក្រមសីលធម៌មុនគេបំផុត។ ប្រសិនបើសីលធម៌ធ្លាក់ចុះ គឺអ្វីៗក៏នឹងធ្លាក់ចុះ ហើយនៅពេលបាត់បង់នូវជំនឿទុកចិត្ត និងការគោរព គឺប្រែថា ស្លាប់។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ វណ្ណៈ។
ចំណែកលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ក៏បានបង្ហាញពីការគាំទ្រចំពោះអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នាផងដែរ ក្នុងការលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ បញ្ចេញនូវព័ត៌មានពិតដោយមិនមានការព្រួយបារម្ភ ភ័យខ្លាច។
លោកបានថ្លែងថា៖ «យ៉ាងណាមិញ រដ្ឋាភិបាលគួរតែពង្រឹងនូវការផ្តល់ការការពារសុវត្ថិភាព សន្តិភាពឱ្យបានពេញលេញ ចំពោះអ្នកសារព័ត៌មានដែលបានបំពេញភារកិច្ចតាមវិជ្ជាជីវៈពិត។ ប៉ុន្តែខ្ញុំយល់ថា មិនគួរណាធ្វើការបំផ្លាញចោលចំពោះសារព័ត៌មានណា ដែលមិនទាន់បានអនុវត្តនូវគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈពេញលេញនៅឡើយទេ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ណុប វី មិនគាំទ្រចំពោះការឱ្យបំផ្លាញចោលពួកឱកាសនិយមស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មាននោះទេ ព្រោះជាធម្មតា វាជាសេរីភាពរបស់អ្នកសារព័ត៌មានហើយដែលសេរីភាពនោះមិនគួរត្រូវបានគំរាមកំហែង បំភិតបំភ័យឡើយ។ ប៉ុន្តែការមិនបានបំពេញនូវវិជ្ជាជីវៈត្រឹមត្រូវ និងការប្រើប្រាស់វិជ្ជាជីវៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន វានឹងធ្វើឱ្យអ្នកសារព័ត៌មាននោះបាត់បង់តម្លៃ និងបាត់បង់ការគាំទ្រ ពេលនោះប្រព័ន្ធព័ត៌មានរបស់ពួកគាត់នឹងមិនអាចដំណើរការទៀតដែរ។
យោងតាមគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានដែលបានស្រង់ប្រភពផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំមានចំនួន ១ ៩៣៨ ករណី ក្នុងឆ្នាំ ២០២១។ ករណីនេះមានការកើនឡើងបន្តិចបន្តួច បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
របាយការណ៍នៃគណៈកម្មការដដែលបានឱ្យដឹងថា ក្នុងចំណោមករណីដែលត្រូវបានរកឃើញទាំងនោះ រួមមាន ព័ត៌មាន ញុះញង់ រិះគន់រាជរដ្ឋាភិបាល និងព័ត៌មានប្រឌិតបំភ្លៃការពិតចំនួន ១ ០២៣ ករណី និងព័ត៌មានជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន ៨០៩ ករណី ព័ត៌មានមិនពិត និងបំពុលសង្គមចំនួន ១០៦ ករណី៕