ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្តេជ្ញាចិត្តនឹងខិតខំធ្វើការងារជាមួយអាស៊ានដើម្បីបញ្ចៀសវិបត្តិនៅមីយ៉ាន់ម៉ា ហើយលោកក៏ស្នើឱ្យប្រេសិតពិសេស UN នេះធ្វើការដោយផ្ទាល់ជាមួយប្រេសិតពិសេសអាស៊ានលើបញ្ហាមីយ៉ាន់ម៉ាផងដែរ។
ការប្តេជ្ញាចិត្តបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងលោក ហ៊ុន សែន និងប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការ UN ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី ណូលីន ហេយហ្សឺ (Noeleen Heyzer) នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២។
យោងតាមហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់នាថ្ងៃទី ១៣ មករា ថា លោកស្រី Noeleen Heyzer បានឯកភាពនូវចំណុចដែលជាការងារបន្ទាន់គឺការបញ្ឈប់បទឈប់បាញ់ អំពើហិង្សា ការផ្ដល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់នៅលើទឹកដីមីយ៉ាន់ម៉ា។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លោកជំទាវនឹងប្ដេជ្ញាចិត្តខិតខំធ្វើការងារនេះជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសក្នុងការធ្វើយ៉ាងណាកុំឱ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ននេះ»។ លោកជំទាវនៅតែគិតថា ប្រធានអាស៊ាន និងផ្នែកពាក់ព័ន្ធទាំងអស់នឹងរួមគ្នាក្នុងការងារនេះ ហើយលោកជំទាវក៏បានលើកឡើងទៀតថា យើងនៅតែជំរុញធ្វើយ៉ាងណានៅពេលខាងមុខនេះឱ្យអាស៊ាន និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ» ។
លោក ហ៊ុន សែន បានស្នើលោកស្រី Heyzer ធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺលោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសដើម្បីសម្របសម្រួលរឿងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង UN ដើម្បីរកដំណោះស្រាយនៃវិបត្តិនៅមីយ៉ាន់ម៉ានេះ។
បើតាមហ្វេសប៊ុកលោក ហ៊ុន សែន លោកស្រី Heyzer បានសម្ដែងក្តីរីករាយចំពោះអ្វីដែលលោក ហ៊ុន សែន បានជំរុញដើម្បីស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រោះវាជាស្មារតីមួយបន្ទាន់សម្រាប់សភាពការណ៍នៅមីយ៉ាន់ម៉ា។
ហ្វេសប៊ុកដដែលដកស្រង់សម្តីលោកស្រី Heyzer ដែលថ្លែងថា លោក ហ៊ុន សែន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថា UN ក៏ដូចជាលោកស្រីនឹងសហការគ្នាដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ានេះតែម្ដង។
លោក ហ៊ុន សែន បានប្រាប់លោកស្រី ថា ដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧-៨ មករា មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀង ៥ ចំណុចរបស់មេដឹកនាំអាស៊ានទាំង ១០ ប្រទេសនោះទេ។
លោកថ្លែងថា ការងារអាស៊ានក្នុងឆ្នាំ ២០២១ មិនបានដើររលូន ដូច្នេះអ្វីដែលនៅសេសសល់រហូតដល់ឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន គឺការធ្វើទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ានោះក្នុងបំណងចង់រកមធ្យោបាយ ដើម្បីបញ្ចប់ភាពហិង្សា បញ្ចប់បទឈប់បាញ់ និងផ្ដល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងមិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើងត្រូវរកមធ្យោបាយ ដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា។ ជាមួយគ្នានោះ ការងារផ្ទៃក្នុងអាស៊ាននេះ យើងត្រូវតែធ្វើការជាមួយគ្នា ជាពិសេសដើម្បីឱ្យមានការឯកភាពគ្នា»។
លោកផ្តល់អាទិភាពចំនួន ២ ក្នុងចំណោមចំណុចទាំង ៥ ដែលបានឯកភាពក្នុងចំណោមមេដឹកនាំអាស៊ាន។ អាទិភាពទី ១ គឺបទឈប់បាញ់ និងបញ្ចប់អំពើហិង្សា ដែលលោកអះអាងថា ត្រូវតែធ្វើការជាមួយគ្នាមិនត្រឹមតែអាស៊ានទេ គឺជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសទាំង UN ផងដែរ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះបទឈប់បាញ់នេះគឺធ្វើយ៉ាងណាជំរុញឱ្យមានប្រធានអាស៊ានឆ្នាំនេះគឺកម្ពុជា ប្រធានអាស៊ានឆ្នាំមុនគឺប្រ៊ុយណេ និងប្រធានអាស៊ានឆ្នាំក្រោយគឺឥណ្ឌូនេស៊ី បូករួមនឹងអគ្គលេខាធិការអាស៊ានដើម្បីធ្វើការសម្របសម្រួលកិច្ចការនេះ។
ចំណែកអាទិភាពទី ២ គឺការផ្ដល់ជំនួយមនុស្សធម៌ ដែលលោកអះអាងថា គឺជាការងារសំខាន់របស់បេសកជនពិសេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាហារ រួមទាំងអ្នកសម្របសម្រួលខាងភាគីមីយ៉ាន់ម៉ាបូកនឹងភ្នាក់ងារ UN។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៣ មករាថា ការដែលប្រេសិតពិសេសរបស់ UN ធ្វើការជាមួយប្រេសិតកម្ពុជានេះគឺជាវិធានមួយដ៏ល្អ និងសមស្របទៅតាមយន្តការស្នូលអាស៊ានដែលមានគោលបំណងដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី និងតាមស្មារតីពហុភាគីនិយម។ កិច្ចសន្ទនានេះបានបង្ហាញថាកម្ពុជាមិនធ្វើការដោយម្នាក់ឯងនោះទេ គឺមានការពិភាក្សាជាមួយដៃគូតំបន់ក៏ដូចជា UN ក្នុងការស្វែងរកដំណោះស្រាយល្អចំពោះបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ានេះ។
លោកថ្លែងថា៖ «កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ជាប្រទេសដែលស្រលាញ់សន្តិភាព និងធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនឆ្នាំ។ ដូចនេះហើយកម្ពុជាយល់ច្បាស់ថា បញ្ហាមីយ៉ាន់ម៉ានេះទាមទារឱ្យមានការចូលរួម និងជួយពីសហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយសេដ្ឋកិច្ច មនុស្សធម៌ ក៏ដូចជាវិធាននានាក្នុងការធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាបញ្ឈប់ការបាញ់គ្នា និងអាចអនុញ្ញាតឱ្យប្រេសិតពិសេសរបស់អាស៊ានអាចជួបពិភាក្សា និងស្វែងរកសន្តិភាព និងស្ថិរភាពជូនប្រជាជនមីយ៉ាន់ម៉ាបាន»។ លោក ម៉េងដាវិត បន្តថា កិច្ចការស្វែងរកសន្តិភាព និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានេះមិនអាចបញ្ចប់បានក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាននោះទេ តែកម្ពុជាបានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសស្រោកសស្រាំ ដើម្បីប្រយោជន៍អាស៊ានទាំង ១០ ប្រទេស៕