​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៤ ខែមករា នេះ បានធ្វើការ​បង្ហាញ​ពី​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ដែល​ត្រូវបាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង ចំនួន ១០​ប្រភេទ ត្រូវបាន​កត់សម្គាល់​តា​មរយៈ​ទិន្នន័យ​ប្រមូលបាន​ពី​រូបថត​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​អនុវត្ត​សិក្សា​ក្រោម​ការគាំទ្រ​ពី​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន​។

​យោងតាម​លទ្ធផល​នៃ​ការសិក្សា​របស់​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន ក្នុង​រយៈពេល ២​ខែ​កន្លង គឺ​ពី​ចុងខែ​តុលា​ឆ្នាំ​២០២១ ដល់​ដើមខែ​មករា ឆ្នាំ​២០២២ នេះ ក្រសួងបរិស្ថាន​បាន​រកឃើញ​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង​ចំនួន ១០​ប្រភេទ​។​

​សត្វព្រៃ​កម្រ​ទាំងនោះ​រួមមាន ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែព្រៃ ជ្រូកពោន ឬ​ជ្រូកព្រុល សំពោច​ក​លឿង និង​ស្វា​ត្រោស និង​ប្រភេទ​ថនិកសត្វ បក្សី​មួយចំនួនទៀត​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​។​

​លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា ៖ «​យើង​សូម​អរគុណ​ដល់​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​មូលដ្ឋាន​នៃ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការងារ​នេះ ហើយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមមន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​រហូតដល់​ចំនួន ៤៩​ទីតាំង​»​។​

​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទាំងនោះ​មាន ក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ខេត្តពោធិ៍សាត់​ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបង​ចំនួន ១៦ គ្រឿង និង​ខេត្តកោះកុង​ចំនួន​១០ គ្រឿង​។​

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ការដាក់​នេះ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវៈចម្រុះ​, ស្វែងរក​វត្តមាន​និង​អវត្តមាន​ប្រភេទ​សត្វ​មាន​ដោយ​កម្រ​ជិត​ផុត​ពូជ ទទួលរង​គ្រោះថ្នាក់ និង​គំរាមកំហែង និង​វាយតម្លៃ​ស្ថានភាព និង​របាយ​សត្វព្រៃ​សំខាន់ៗ​។​

​នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​ប្រមូល​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទទួលបាន​រូបភាព និង​វីដេអូ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​។

​ការប្រមូល​ទិន្នន័យ​លើក​ទី​១ ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែឧសភា ដល់​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ដែនជម្រកសត្វព្រៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​បានដាក់​ជាច្រើន​ខែ​រួចមក​។ រូបភាព​សត្វព្រៃ​ជិត​ផុត​ពូជ​រង​ការគំរាមកំហែង និង​មាន​ដោយ​កម្រ​មួយចំនួន ដូចជា​សត្វ​ដំរី​អាស៊ី ខ្លា​ពពក ខ្លាំ​ឃ្មុំ​តូច ខ្ទីង ប្រើស​ដែល​ថត​បាន​ភាគច្រើន​ដើរ​ជា​ហ្វូង និង​មាន​កូនតូចៗ​ជាច្រើន ពិសេស​សត្វ​ដំរីព្រៃ​ក្នុង​មួយ​ហ្វូង​មានកូន​តូច ដំរី​ជំទង់ និង​ពេញវ័យ​ក្នុង​មួយក្រុមៗ​មាន​ដំរីព្រៃ​ចន្លោះ​ពី​១០ ទៅ​២០​ក្បាល​។

​សូមបញ្ជាក់ថា​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក ហើយ​គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ និង​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​។

​លោក នេត្រ ភក្ត្រា បានបញ្ជាក់​ទៀតថា កាលដែល​ជ្រើសរើស​ដែនជម្រកសត្វព្រៃ​ស្ថិតក្នុង​ភូមិសាស្ត្រ​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ដើម្បី​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ ដោយសារតែ​តំបន់ការពារធម្មជាតិ​នេះ​គ្របដណ្តប់​ដោយ​ប្រភេទ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ លាយឡំ​ដោយ​ព្រៃ​ឫស្សី និង​វាលស្មៅ​។

​លោក​បាន​បន្ថែមថា ៖ «​លើសពីនេះ​ទៀត ទីតាំង​ភូមិសាស្ត្រ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង ៣ នេះ មាន​អូរ​បឹងបួរ ស្ទឹង​ជា​ប្រភពទឹក ដែលជា​ទីជម្រក​ប្រសើរ​សម្រាប់​សត្វព្រៃ និង​សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​ចាំបាច់​តម្រូវឱ្យ​មានការ​គ្រប់គ្រង និង​អភិរក្ស​ស្របតាម​គោលការណ៍​ណែនាំ និង​បច្ចេកទេស​»​។

​ជាមួយគ្នានេះដែរ លោក​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​បន្ត​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​របស់​កម្ពុជា​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​៕

វីដេអូ៖